បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងចាស់ដៃ ទៅលើលោក ចូ បៃដិនថា “មិនគួរឱ្យជឿ និងគួរឱ្យអស់សំណើច” ចំពោះគំនិតរបស់គាត់ដែលគិតគូរ ដើម្បីផ្តល់ប្រាក់ចំនួន ៤៥០ ០០០ដុល្លារ ទៅឱ្យជនចំណាកស្រុកខុសច្បាប់ ដែលត្រូវបានបំបែកចេញ ពីគ្រួសាររបស់ពួកគេ នៅព្រំដែនភាគខាងត្បូង សម្រាប់ជាការប៉ះប៉ូវ “របួសផ្លូវចិត្ត” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក ត្រាំ នៅពេលដែលគាត់បានពិភាក្សា អំពីវិបត្តិនៅព្រំដែន សហរដ្ឋអាមេរិក ក្នុងអំឡុងពេលបង្ហាញខ្លួន នៅក្នុងកម្មវិធី “Clay Travis and Buck Sexton” លោកបាននិយាយថា «យើងបានក្លាយជាកន្លែងចាក់សំរាម ហើយវាជារឿងដ៏សោកស្តាយខ្លាំងណាស់។ វាមិនគួរឱ្យជឿសូម្បីតែអ្វី ដែលពួកគេកំពុងធ្វើ»។
នៅពេលត្រូវបានសួរដោយពិធីករ ឱ្យថ្លឹងថ្លែងលើកិច្ចខិតខំប្រឹងប្រែង របស់លោក ចូ បៃដិន នៅក្នុងរដ្ឋបាលមុនរបស់គាត់ បានធ្វើដើម្បីការពារព្រំដែន លោក ត្រាំ បាននិយាយថា «មែនហើយ រឿងមួយដែលយើងកំពុងធ្វើ គឺការបែកគ្នា ដែលត្រូវបានធ្វើឡើងមុនយើង ប៉ុន្តែការបែកគ្នា។ នៅពេលប្រជាជនលឺដូច្នេះ ពួកគេមិនបានមកទេ ព្រោះបើឪពុកម្ដាយឮថាពួកគេបែកគ្នា, គេមិនមក ដែលជាមូលហេតុមួយ ដែលខ្ញុំជោគជ័យខ្លាំងនៅព្រំដែន»។
សូមជម្រាបថា វិបត្តិនៅតាមព្រំដែន អាមេរិក-ម៉ិកស៊ិក បានក្លាយជាវិបត្តិដ៏ធំបំផុតមួយ របស់រដ្ឋបាលលោក បៃដិន។ មន្ត្រី GOP បានរិះគន់ប្រធានាធិបតី នៃបក្សប្រជាធិបតេយ្យ ចំពោះការបង្កើត “វិបត្តិមនុស្សធម៌ និងសន្តិសុខជាតិ” នៅពេលដែលគាត់បានប្រញាប់ប្រញាល់ ដើម្បីលុបចោល គោលនយោបាយអន្តោប្រវេសន៍ ដ៏តឹងតែងរបស់លោក ត្រាំ ខណៈដែលមេដឹកនាំអាមេរិកកណ្តាល រួមទាំងប្រធានាធិបតីម៉ិកស៊ិក និងហ្គាតេម៉ាឡា បានចោទប្រកាន់លោក ចូ បៃដិន ថា បានលើកទឹកចិត្ចប្រកបដោយប្រសិទ្ធភាព ចំពោះជនចំណាកស្រុក និងអ្នករត់ពន្ធមនុស្ស ដើម្បីធ្វើដំណើរដ៏គ្រោះថ្នាក់ ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងគោលនយោបាយ និងសេចក្តីថ្លែងការណ៍របស់គាត់៕ ប្រែសម្រួលៈ ណៃ តុលា
