ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ សហគមន៍អន្តរជាតិ គួររួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមសកល សំខាន់ ត្រូវអនុវត្តសកម្មភាពជាក់ស្តែង

យប់ថ្ងៃទី៣១ ខែតុលា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បន្តចូលរួមការប្រជុំលើកទី១៦ នៃកិច្ចប្រជុំកំពូលប្រទេស G20 តាមប្រព័ន្ធវីដេអូ។

លោក Xi Jinping បានលើកឡើងថា បម្រែបម្រួលអាកាសធាតុ និងបញ្ហាថាមពល ពាក់ព័ន្ធនឹងផលប្រយោជន៍រួម នៃសហគមន៍អន្តរជាតិ និងអនាគតនៃភពផែនដី សំខាន់ត្រូវអនុវត្តសកម្មភាពជាក់ស្តែង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធាតុអាកាសអាក្រក់បំផុត កើតឡើងជាញឹកញាប់ ចំណែកទីផ្សារថាមពលអន្តរជាតិ ក៏មានការកក្រើក នាពេលកន្លងទៅនេះដែរ ដែលបានរំលឹកយើងថា ចាំបាច់ត្រូវសម្របសម្រួល ទាំងការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច ស្របពេលទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ និងការធានា ដល់ជីវភាពរស់នៅរបស់ប្រជាជន។ ដូចនេះហើយ តួអង្គសេដ្ឋកិច្ចសំខាន់ៗគួរបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ។

លោក Xi Jinping បានបន្តទៀតថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងដោយគ្រប់ជ្រុងជ្រោយនូវ«អនុសញ្ញាក្របខ័ណ្ឌស្តីពីបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ» និង«កិច្ចព្រមព្រៀងទីក្រុងប៉ារីស» គួរប្រកាន់ខ្ជាប់នូវឋានៈដឹកនាំនៃអង្គការសហប្រជាជាតិ ចាត់ទុកគោលការណ៍ទំនួលខុសត្រូវ ដែលចូលរួមតាមសមត្ថភាពរៀងៗខ្លួននិងច្បាប់អន្តរជាតិ ជាមូលដ្ឋានគ្រឹះ ចាត់ទុកសកម្មភាពប្រកបដោយប្រសិទ្ធភាពជាទិសដៅណែនាំ ដើម្បីពង្រឹង ការអនុវត្តសកម្មភាពរបស់ខ្លួន និងលើកកម្ពស់កម្រិតធ្វើកិច្ចសហប្រតិបត្តិការ។ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូររបៀបប្រើប្រាស់ថាមពល ទីចុងបំផុត គឺពឹងលើការរីកចម្រើននៃបច្ចេកវិទ្យា។ សមាជិកប្រទេស G20 គួរធ្វើមុនគេ ក្នុងការផ្សព្វផ្សាយ ឱ្យបច្ចេកវិទ្យាឈានមុខ ត្រូវបានប្រើប្រាស់ ជាទូទៅ។ ប្រទេសអភិវឌ្ឍន៍ក៏គួរបំពេញជាក់លាក់នូវពាក្យសន្យារបស់ខ្លួន ដើម្បីផ្តល់ជំនួយឧបត្ថមជាទឹកប្រាក់ ជូនប្រទេសកំពុងអភិវឌ្ឍន៍៕

To Top