បរទេស៖ ប្រទេសថៃ អូស្ត្រាលី និងអ៊ីស្រាអែល នៅថ្ងៃចន្ទ បានធ្វើការបន្ធូរបន្ថយ ការរឹតបន្តឹងសម្រាប់ការធ្វើដំណើរ តាមច្រកព្រំដែនអន្តរជាតិសំខាន់ៗ សម្រាប់ជាលើកដំបូង ក្នុងរយៈពេល១៨ខែ ហើយនេះគឺជាការតេស្តសាកល្បង ដ៏ធំចំពោះតម្រូវការ សម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរទូទៅពិភពលោក ស្របពេលមេរោគកូរ៉ូណារាតត្បាត។
អ្នកទេសចរបរទេស ដែលបានចាក់ថ្នាំវ៉ាក់សាំង រួចរាប់រយនាក់ បានធ្វើដំណើរទៅដល់ទីក្រុងបាងកក ប្រទេសថៃ សម្រាប់ការធ្វើដំណើរ ដោយគ្មានការធ្វើចត្តាឡីស័ក ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុម័តឲ្យភ្ញៀវទេសចរ មកពីប្រទេសជាង៦០ រួមមានទាំងប្រទេសចិន និងសហរដ្ឋអាមេរិកផងដែរ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការព្យាករណ៍របស់ប្រទេសថៃ គឺថា មានភ្ញៀវទេសចរបរទេសត្រឹមតែចំនួន១៨០.០០០នាក់ ចូលមកកំសាន្តនៅក្នុងឆ្នាំនេះ និងចំនួន៧លាននាក់នៅឆ្នាំក្រោយ ហើយនេះគឺជាចំនួនដែលថយចុះ ពីចំនួនប្រមាណ៤០លាននាក់ កាលពីឆ្នាំ២០១៩។
គួរបញ្ជាក់ថា កម្មវិធីថ្មីរបស់ប្រទេសថៃ តម្រូវឲ្យភ្ញៀវទេសចរ ត្រូវចំណាយពេលមួយយប់ ស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុម័តជាមុន និងតេស្តអវិជ្ជមានជម្ងឺកូវីដ១៩ នៅមុនពេលពួកគេ អាចធ្វើដំណើរកំសាន្ត នៅទីកន្លែងផ្សេងៗ ក្នុងប្រទេស៕
ប្រែសម្រួល៖ប៉ាង កុង