ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ អ៊ុយក្រែន ព្យាយាមអូសខ្លួន ចូលក្នុងជម្លោះតំបន់ Donbass

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មេដឹកនាំអ៊ុយក្រែន ពីបទព្យាយាមអូសទីក្រុងមូស្គូទម្លាក់ចូលក្នុងជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត បន្ទាប់ពីមានការប្រយុទ្ធគ្នាកើនឡើង រវាងកងកម្លាំងរដ្ឋាភិបាលនិងពួកបះបោរ ក្នុងតំបន់បំបែកខ្លួន។


លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បាននិយាយប្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីយ៉ាងដូច្នេះថា “យើងអង្កេតមើលពីការប៉ុនប៉ងចង់ធ្វើការញុះញុងបង្កហេតុ ជាប្រតិកម្មខ្លះៗពីកងជីវពល និងអូសទម្លាក់ប្រទេសរុស្ស៊ី ចូលទៅក្នុងសកម្មភាពប្រយុទ្ធគ្នាប្រភេទខ្លះៗ”។


ប្រទេសរុស្ស៊ី បានចោទប្រកាន់ប្រទេសអ៊ុយក្រែន ពីបទធ្វើស្ថានការណ៍ឲ្យគ្មានស្ថិរភាព ក្រោយកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន ប្រើប្រាស់កូនដ្រូន Bayraktar TB2 ផលិតដោយតួកគីមួយគ្រឿង វាយប្រហារទៅលើទីតាំងមួយ ដែលគ្រប់គ្រងដោយពួកបះបោរគាំទ្រដោយប្រទេសរុស្ស៊ី កាលពីសប្ដាហ៍មុន។


គួរបញ្ជាក់ថា ពួកបះបោរគាំទ្រដោយទីក្រុងមូស្គូ នាពេលបច្ចុប្បន្ន កំពុងតែប្រយុទ្ធគ្នាជាមួយកងទ័ពរដ្ឋាភិបាល នៅក្នុងតំបន់ Donbass ប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០១៤មក ភ្លាមៗក្រោយរុស្ស៊ីរឹបអូសយកឧបទ្វីបគ្រីមាពីអ៊ុយក្រែន និងដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន។ ទីក្រុងគៀវនិយាយថា យ៉ាងហោចមានមនុស្សចំនួន១៤.០០០នាក់ ត្រូវបានសម្លាប់៕


ប្រែសម្រួល៖ប៉ាង កុង

To Top