ព័ត៌មានអន្តរជាតិ

ដួលរលំអគារ២១ជាន់ នៅនីហ្សេរីយ៉ា ស្លាប់៤នាក់ និងជួយសង្គ្រោះរួចជីវិត៤នាក់

ឡាហ្គោស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ថា មន្ត្រីគ្រប់គ្រងគ្រាអាសន្នមួយបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ បន្ទាប់ពីអគារ២១ជាន់ដែលកំពុងសាងសង់បានដួលរលំកាលពីរសៀលថ្ងៃចន្ទនៅក្នុងទីក្រុង ឡាហ្គោស ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនីហ្សេរីយ៉ា។


លោក Ibrahim Farinloye អ្នកសម្របសម្រួលនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ ហៅកាត់(NEMA) នៅក្នុងរដ្ឋ ឡាហ្គោស បានប្រាប់ដល់ស៊ិនហួរតាមទូរស័ព្ទថា អគារ២១ជាន់ដែលកំពុងសាងសង់នៅក្នុងតំបន់ Ikoyi នៃទីក្រុង Lagos បានដួលរលំនៅម៉ោងប្រហែល៣រសៀលម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ហើយរហូតមកដល់ពេលនេះ សាកសពមនុស្សចំនួន៤ នាក់ត្រូវបានគេរកឃើញ ហើយមនុស្ស៤នាក់ត្រូវបានជួយសង្គ្រោះនៅរស់ ។

លោកFarinloye បានលើកឡើងថា ដំណាក់កាលសង្គ្រោះបន្ទាន់នៃការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ដោយមានជំនួយបន្ថែមពីកងទ័ព និងកងកម្លាំងអាកាសនីហ្សេរីយ៉ា ហើយមនុស្សជាច្រើនទៀតត្រូវបានគេភ័យខ្លាចថានៅជាប់គាំងនៅទីនោះ ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា អ្វីដែលបណ្តាលឱ្យបាក់រលំនៅមិនទាន់ច្បាស់នៅឡើយ ហើយការស៊ើបអង្កេតកំពុងដំណើរការ។


អ្នកស្រុកដែលរស់នៅក្នុងតំបន់នោះបានប្រាប់ស៊ិនហួថា អគារនេះកំពុងសាងសង់អស់រយៈពេលជាង១ឆ្នាំ ហើយមនុស្សជាង៥០នាក់ ដែលភាគច្រើនជាកម្មករសំណង់បានជាប់នៅក្រោមគំនរបាក់បែក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top