អ.ស.ប ៖ ទីភ្នាក់ងរព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃអង្គារថា បេសកកម្មរបស់អង្គការ សហប្រជាជាតិ (UN) ប្រចាំ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) បានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ ពីសំណាក់សមាជិកអ្នកការពារប្រធានាធិបតី ដែលបានបង្ករបួសស្នាម ដល់កងកម្លាំងរក្សា សន្តិភាពចំនួន១០នាក់ ។
លោក Farhan Haq អ្នកនាំពាក្យ រងរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថា ការវាយប្រហារ មកលើសមាជិក នៃអង្គភាពរក្សា សន្តិភាព របស់ប៉ូលិសអេហ្ស៊ីប “ហាក់ដូចជាការវាយប្រហារ ដោយចេតនា និងអយុត្តិធម៌” លើកងទ័ពមួកខៀវ ។
លោក Haq បានឲ្យដឹងថា ជនស៊ីវិលម្នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ដែលពាក់ព័ន្ធនេះ ។
លោកបានឲ្យដឹងថា បេសកកម្មដែលគេស្គាល់ថា MINUSCA បានរាយការណ៍ថា កងរក្សាសន្តិភាពត្រូវបានបាញ់ និងរងរបួស រួមទាំង២នាក់រងគ្រោះធ្ងន់ ដោយសមាជិកអ្នកការពារប្រធានាធិបតីនៅក្នុងរដ្ឋធានី Bangui កាលពីថ្ងៃចន្ទ ។
មន្ត្រីប៉ូលិសអេហ្ស៊ីប បានធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Bangui នៅព្រឹកថ្ងៃដដែល។ ពួកគេគឺជាផ្នែកមួយនៃការផ្លាស់ប្តូរវេនគ្នាតាមកាលកំណត់ និងបានពង្រាយកងទ័ពនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា