ជាការពិត អ្នកយុទ្ធសាស្រ្តនៃភូមិសាស្រ្តនយោបាយ បានឃើញជាយូរមកហើយថា សហរដ្ឋអាមេរិក មានសន្លឹកបៀរ សម្រាប់លេងនៅក្នុងដៃយ៉ាងច្រើន បន្ទាប់ពីការងើបឡើង របស់ចិន ក្រោយពីចិនប្រកាសគោលនយោបាយBRIនៅឆ្នាំ២០១៣! ពិសេសជាងនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ នយោបាយក្រឡាប់ចក្រ នៅក្នុងប្រទេសភូមា នៅអាហ្កានីស្ថាន និងកម្ពុជា ដែលនៅខាងក្នុងវាំងនន របស់ឧទ្ទវហេតុនៃព្រឹត្តិការណ៍ទាំងនេះ គេសុទ្ធតែបានមើលឃើញស្រមោល មិនច្បាស់នៃមហាយក្សចិន នៅពីក្រោយវាំងននទាំងអស់នេះ(Sic)!។
ការលេងសន្លឹកបៀរសមុទ្រចិនខាងត្បូង ដើម្បីជាការកៀរគរ ពួកប្រទេសក្រៅតំបន់ ឱ្យចូលរួមប្រឆាំងចិន អស់រយៈកាលជាងមួយទសវត្សរ៍ នៅពុំទាន់មានប្រសិទ្ធិភាព! ដោយមេរៀន និងបទពិសោធន៍ ក្នុងប្រវត្តិសាស្រ្ត គួបផ្សំទៅនឹង ការងារជាក់ស្ដែង ក្នុងបច្ចុប្បន្នភាព និងផលប្រយោជន៍ជាតិ របស់ប្រទេសនីមួយៗ ដែលបច្ច័យទាំងអស់នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈ នៃសកម្មភាពក្នុងការឆ្ពោះ ទៅរកការរក្សា លំនឹងអំណាចរវាងពួកប្រទេសធំ ជាមួយគ្នានៅក្នុងតំបន់នោះ!។
ក្នុងឧបាយកលបង្កហេតុ ក្រុងវ៉ាស៊ីនតោន នៅតែអះអាងថា សហរដ្ឋអាមេរិក នឹងមិនឈរខាងភាគីណា! ក្នុងបញ្ហាវិវាទលើ សមុទ្រចិនខាងត្បូង! ក៏ប៉ុន្តែអាមេរិក នៅតែចាត់ទុក រាល់ការកំណត់ អះអាងមកលើតំបន់ឯកសិទ្ធិ ពិសេស EEZ និងដែនសមុទ្រ ត្រូវតែអនុលោម ទៅតាមអនុសញ្ញា UNCLOS!។
ជាការពិត តំបន់អាស៊ីអាគ្នេយ៍ ចាប់លេចធ្លោ ក្នុងគោលនយោបាយ កែសម្រួលឡើងវិញ -PIVOT ឬREBALANCING របស់អាមេរិកដោយពួកPolicy- Makers
របស់សេតវិមានបានប្រែត្រីវិស័យមកផ្ដោតលើការយកចិត្តទុកដាក់ ពីសន្តិសុខនៅក្នុងតំបន់អាស៊ីខាងកើតមកកាន់តំបន់អាស៊ីខាងត្បូងម្ដងវិញ!តែពួកអ្នកយោធានិយមរបស់ចិន បានដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកពុំដែលធ្វើពលីកម្ មផលប្រយោជន៍របស់ខ្លួន ដើម្បីសេចក្ដីសុខរបស់នរណា? ឬប្រទេសណាមួយ បើទីនោះ កន្លែងនោះពុំមែនជាតំបន់យុទ្ធសាស្ត្រ ស្លាប់រស់ របស់អាមេរិកនោះ!។ ថ្មីៗនេះ អាកប្បកិរិយានយោបាយរបស់អាមេរិកចំពោះអឺរ៉ុប បារាំង ជាពិសេសចំពោះNATO ជាសក្ខីកម្មជាក់ស្ដែងបំផុតនោះ!។
ភាពមិនច្បាស់លាស់ របស់អាមេរិក ទាក់ទងដល់ផលប្រយោជន៍ First America នេះហើយ ដែលបានធ្វើឱ្យប្រទេសមួយចំនួនធំ ដែលក្នុងនោះក៏មានពួកប្រទេសអាស៊ីមួយចំនួន មានការមន្ទិលសង្ស័យ អំពីលទ្ធភាពក្នុង Possibility on Committed ដ៏យូរអង្វែងរបស់អាមេរិកនៅអាស៊ី ជាពិសេសគឺ អាស៊ីអាគ្នេយ៍នេះឯង!។
សមតាដើម្បីតុល្យភាពកម្លាំង Counterweigh for Counterbalance អាចជាគោលនយោបាយ របស់ពួកប្រទេសអាស៊ី ក្នុងការចង់ស្វែងរក នូវកម្លាំងសមតាមួយ ដើម្បីជាអំណាចក្នុងការបំពេញតុល្យភាពកម្លាំង ទៅនឹងអានុភាពរបស់ចិន ដែលមួយថ្ងៃកាន់តែរីកធំធាត់ និងរឹងរូស និងនៅពេលដែលចិន ប្រកាសនូវតំបន់អត្ថប្រយោជន៍ របស់ខ្លួនក្នុងការគ្របដណ្ដប់មកលើ ហាក់បីពេញផ្ទៃ ជិតអស់នៅក្នុងតំបន់មួយនេះទៅហើយនោះ!។ ក្នុងទស្សនទាននយោបាយរបស់អាមេរិក គឺមិនចង់ឃើញពួកប្រទេសទាំងនេះអាងយកអានុភាពរបស់អាមេរិកធ្វើជាបង្អែក ឬជាតុល្យភាពកម្លាំង!តែប្រទេសទាំងអស់នេះត្រូវរួមគ្នាក្រោកឈរឡើងប្រឆាំងទៅនឹងអានុភាពរបស់ចិន ដូចករណីតៃវ៉ាន់ កំពុងតែធ្វើដាក់ចិនអីចឹង!។
រហូតមកដល់ពេលនេះ ចិននៅតែរឹងរូស មិនរាថយ និងនៅតែប្រកាន់យក សិទ្ធិប្រវត្តិសាស្រ្ត និងអធិបតេយ្យភាពមិនអាចប្រកែកបាន ៨០%លើសមុទ្រចិនខាងត្បូង!។ ភាពដាច់ខាត ក្នុងការវាតទីរបស់ចិន មកលើតំបន់នេះ ជាការឈឺចាប់មួយរបស់ចិន ដោយចង់បង្ហាញឱ្យ ពួកចក្រពត្តិ អាណានិគមលោកខាងលិច ឱ្យឈប់មាក់ងាយមកលើជនជាតិចិន ដូច១០០ឆ្នាំមុននេះ ចាប់ពីពេលនេះតទៅ!។
ភាពអយុត្តិធម៌ និងការមិនស្មើភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ដែលពួកអាមេរិក និងក្រុមបក្ខពួកអាមេរិកធ្វើអ្វីក៏បាន ប៉ុន្តែពួកគេដែលមិនមែនក្រុមរបស់អាមេរិក ធ្វើអ្វីក៏មិនបាន! គឺជាមូលបទចម្បងក្នុងការនាំឱ្យចិន មានមហិច្ឆតាចង់កាន់កាប់ សមុទ្រចិនខាងត្បូងទាំងអស់! ព្រោះបើយោងទៅតាមការវិភាគរបស់ពួកអ្នកយុទ្ធសាស្រ្ត ដែលបានធ្វើការប្រៀបធៀប នូវស្ថានភាពរបស់ចិននៅសមុទ្រចិនខាងត្បូងនាបច្ចុប្បន្ននេះ មិនខុសអីទៅនឹងតួនាទីរបស់អាមេរិកនៅក្នុងតំបន់សមុទ្រ Caribbean នាសតវត្សរ៍ទី១៩ អីចឹង!ដោយពេលនោះទោះបីជាអាមេរិកបានទទួលស្គាល់វត្តមាន និងការអះអាង ទទួលស្គាល់អំពីដែនអធិបតេយ្យភាពរបស់អឺរ៉ុប នៅក្នុងតំបន់សមុទ្រCaribbean នេះក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែស្វែងរកនូវគ្រប់វិធានការ ដើម្បីធ្វើការត្រួតត្រា គ្រប់គ្រងមកលើតំបន់សមុទ្រ Caribbean នេះឱ្យបាន ដោយបានកម្ចាត់ពួកអឺរ៉ុប ឱ្យចេញផុតពីតំបន់សមុទ្រCaribbeanនេះ! ការដណ្ដើមឥទ្ធិពល ដើម្បីធ្វើការត្រួតត្រា គ្រប់គ្រងមកលើតំបន់សមុទ្រCaribbean នេះ បាននាំឱ្យមានសង្រ្គាមរវាងអាមេរិក ជាមួយអេស្ប៉ាញ នាឆ្នាំ១៨៩៨ និងរួមទាំងការជំរុញឱ្យមានការកសាងព្រែកជីក ប៉ាណាម៉ា ឱ្យបាន!ដែលដំណើរការកសាងនេះចាប់មានពីបណ្ដាឆ្នាំ១៩០៤ រហូតដល់ឆ្នាំ១៩១៤ ដែលការកសាងព្រែកជីកនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកកាន់ តែមានសិទ្ធិអំណាច លើតំបន់អឌ្ឍគោលខាងកើតយ៉ាងពេញលេញ និងមានប្រសិទ្ធភាពទៀតផង មកលើតំបន់នេះទាំងមូល!។
បច្ចុប្បន្ននេះ ចិនកំពុងតែស្ថិតនៅ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដូចករណី១០០ឆ្នាំមុន របស់អាមេរិក ដែលវត្តមាន និងវាតទីអុងអាត់មកលើតំបន់សមុទ្រ Caribbean អីចឹងដែរ!។ ក្នុងយុទ្ធសាស្រ្ត ការពារប្រទេសពីចម្ងាយ ចិនក៏មានបំណងកសាង តំបន់ទ្រនាប់ (buffer zone )មួយ ដោយឱ្យកងទ័ពជើងទឹក របស់ខ្លួនមានវត្តមាន ជាអចិន្ត្រៃយ៍ ដើម្បីការពារដល់ផ្លូវដឹកជញ្ជូន ប្រេងឥន្ធនៈ ពីមជ្ឈឹមបូព៌ាមកកាន់ប្រទេសចិន ឱ្យបានសុវត្ថិភាព ធានាសន្តិសុខប្រេង! ក្រៅពីនេះ ចិនក៏មានមូលហេតុជ្រៅជាងនេះ ដែលនាំឱ្យចិនធ្វើដំណើរកាន់តែជ្រៅទៅៗ ក្នុងតំបន់សមុទ្រចិនខាងត្បូង ព្រមទាំងដើម្បីចូលជ្រៅទៅទៀត ក្នុងលំហរមហាសាគរប៉ាស៊ីហ្វិក! ដោយមុននេះ ចិនធ្លាប់ទទួលរងនូវការឈឺចាប់ខ្លោចផ្សារ ពីអំពើមាក់ងាយ ឈ្លានពាន ទន្ទ្រានកាន់កាប់ បែងចែកទឹកដីចិន ពីសំណាក់ពួកចក្រពត្តិអាណានិគមលោកខាងលិច មានអង់គ្លេស បារាំង រុស្ស៊ី និងហ្វាក់ស៊ីសជប៉ុន អស់រយៈកាលជាង១០០ឆ្នាំមុននោះ!។
ភាពរឹងរូស មិនចុះញ៉មដាច់ខាត ក្នុងការវាតទីមកលើតំបន់មួយនេះ ជាឥរិយាបថនយោបាយមួយរបស់ចិនក្នុងការចង់បង្ហាញដល់ពួកអាណានិគមចក្រពត្តិស្បែកសលោកខាងលិច ឱ្យឈប់មាក់ងាយមកលើជនជាតិអាស៊ីនិយាយជារួម និងមកលើជនជាតិចិននិយាយដោយឡែក ចាប់ពីពេលនេះតទៅ!។
ល្បែងនយោបាយថ្មី របស់អាមេរិកទាក់ទងដល់ទន្លេមេគង្គ បន្ទាប់ពីសមុទ្រចិនខាងត្បូងនោះ!
ក្នុងប៉ុន្មានខែនេះ តាមរយៈយុទ្ធនាការសេរីភាពនាវាចរណ៍Freedom of Navigation Operation –FONOPsនេះ សហរដ្ឋអាមេរិកបានដំណើរការ និងជំរុញឱ្យមានសកម្មភាព ជាពហុវិស័យនៅលើសមុទ្រប៉ាស៊ីហ្វិក ក្រោមរូបភាពផ្ដល់សុវត្ថិភាព សន្តិសុខជូន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម និងពួកប្រទេសអាស៊ីផ្សេងទៀត ក្នុងតំបន់សមុទ្រចិនខាងត្បូង! ក៏ប៉ុន្តែបណ្ដាសកម្មភាពយោធា ជាពិសេសគឺការធ្វើសមយុទ្ធយោធា របស់អាមេរិក មានចរិតបង្កហេតុ បង្កើតទំនាស់ច្រើនជាង ការរក្សាស្ថិរភាពនៅក្នុងតំបន់ដែលជាបច្ច័យ បដិបក្ខទៅនឹងផលប្រយោជន៍របស់ចិននោះ!។
ពីសត្រូវស្លាប់រស់លើសមរភូមិ មកជាដៃគូយុទ្ធសាស្រ្ត ដែលទោះបីនូវខុសផ្សេងគ្នា អំពីមនោគមន៍វិជ្ជានោះ!
ក្នុងរយៈពេលមួយដ៏ខ្លី មិនបាន១០ឆ្នាំផង ស្រាប់តែមានប្រធានាធិបតី៣រូប អនុប្រធានាធិបតី១រូប និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានមកធ្វើទស្សនកិច្ច នៅវៀតណាម ដែលក្នុងនោះក៏រួមមាននាវាផ្ទុកយន្តហោះ រត់ដោយថាមពលបរមាណូ បានចូលចតនៅកំពង់ផែ Da Nang ពីរដង!ដែលសកម្មភាពទាំងអស់នេះ សុទ្ធតែក្នុងផែនការ ឧបាយកល អូសទាញវៀតណាមឱ្យឈរក្នុងជួរជាមួយអាមេរិក ជាមួយបក្សសម្ព័ន្ធយោធាQuad ដើម្បីរួមគ្នាប្រឆាំងទៅនឹងអំណាច ឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះ!។ នៅឆ្នាំ ២០០០ Bill Clinton បានមកវៀតណាម ដល់ឆ្នាំ២០១៦ Barack Obama មក ដល់ឆ្នាំ២០១៧ Trump បានមក ហើយរហូតបានជ្រើសរើសយកវៀតណាមធ្វើជាកន្លែងជំនួបកំពូលជាមួយថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងជើង!ហើយនៅឆ្នាំ២០២១នេះ អនុប្រធានាធិបតី Harris Kamala បានមកវៀតណាមទៀត ដែលពិសេសជាងនេះ លោក ង្វៀន ភូត្រុង អគ្គលេខាបក្សបានទៅធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន នាឆ្នាំ២០១៥ផងដែរ! ដែលក្នុងរាល់ជំនួបទាំងអស់់នេះ ភាគីអតីតសត្រូវទាំងពីរនេះ តែងតែបានអះអាងរួមគ្នាអំពីសេរីភាពនាវាចរណ៍លើសមុទ្រចិនខាងត្បូង និងលើដងទន្លេមេគង្គ!។
ពួកអ្នកយោធានិយមបានមើលឃើញថា វៀតណាមមានឆ្នេរសមុទ្រវែងជាង៣ ០០០គីឡូម៉ែត្រ ដែលជាប់ទៅនឹងសមុទ្រចិនខាងត្បូង ដែលនេះអាចជាកំពែងយុទ្ធសាស្រ្តមួយ ក្នុងការរាំងខ្ទប់អំណាចចិន លើសមុទ្រចិនខាងត្បូង! ចំពោះសិង្ហបុរីវិញ ត្រូវបានចាត់ទុកថាជាកន្លែងបិទខ្ទប់ (Choke Point )ដោយមានច្រកសមុទ្រម៉ាឡាកា ដែលទីកន្លែងនេះ មានភូមិសាស្រ្តតភ្ជាប់ រវាងសមុទ្រប៉ាស៊ីហ្វិកខាងលិច ជាមួយនឹងសមុទ្រឥណ្ឌានោះ!។ លើមូលដ្ឋានយុទ្ធសាស្រ្តនេះ ទើបប្រមុខដឹកនាំរបស់អាមេរិកទាំងអស់សុទ្ធតែបានជ្រើសរើសយកវៀតណាម និងសិង្ហបុរី ជាមុខសញ្ញាសម្រាប់រាល់ដំណើរទស្សនានៅក្នុងតំបន់អាស៊ីនេះ!។ តែទោះបី វៀតណាមខំប្រឹងយ៉ាងណាក៏ដោយ ក៏ពួកអ្នកភូមិសាស្រ្តនយោបាយបានកំណត់ហើយថា ដោយមានមហិច្ឆតានៅក្នុងតំបន់ វៀតណាម នឹងជាប់ផុងនៅក្នុងចន្លោះ នៃក្ដារអុកយុទ្ធសាស្រ្តអាមេរិក និងចិន ដែលប្រទេសទាំងពីរនេះ សុទ្ធតែមានរបៀបលេង ទៅតាមយុទ្ធវិធីរៀងៗខ្លួននៅលើក្ដារអុកនយោបាយទាក់ទងដល់វៀតណាមទាំងអស់នោះ!។
យុទ្ធសាស្រ្តថ្មី នៅលើដែនដីចាស់ ទាក់ទងដល់អនុតំបន់ទន្លេមេគង្គ ដែលជាសមរភូមិថ្មី!
អនុតំបន់ទន្លេមេគង្គ អាចប្រែក្លាយទៅជាសមរភូមិនៃយុទ្ធសាស្រ្តថ្មីក្នុងការរារាំង ទប់ស្កាត់ ទៅនឹងអំណាចឥទ្ធិពលរបស់ចិន ក្នុងតំបន់នាពេលអនាគត! ព្រោះមិនត្រឹមតែមាន សហរដ្ឋអាមេរិក តែមួយគត់ ចូលរួមនៅក្នុងល្បែងលេងមួយនេះ តែឥឡូវនេះថែមទាំងមាន ជប៉ុន ឥណ្ឌា អូស្រ្តាលី និងកូរ៉េខាងត្បូង ដែលពួកនេះសុទ្ធតែមានគោលដៅមួយយ៉ាងពិតប្រាកដ ក្នុងការចូលរួម បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គទាំងអស់!ក្រោមការចាត់ចែងរបស់បងធំអាមេរិកនោះ!។
ជាតថភាព មួយចំណែកណា នៃដែនដីគោករបស់អាស៊ីអាគ្នេយ៍ ពិសេសគឺអនុតំបន់ទន្លេមេគង្គ បានក្លាយទៅជារណសិរ្សមួយ ទុកលទ្ធភាព ឱ្យពួកមហាអំណាច ខាងក្រៅធ្វើឱ្យថ្មីឡើងវិញ នូវបណ្ដាការសន្យា នៃកិច្ចសហប្រតិបត្តិការ ក្នុងទិដ្ឋភាពមួយដែនចិន បាននិងកំពុងជំរុញផែនការនៃគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយ ដោយគួបផ្សំទៅជាមួយនឹង វេទិកាសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមួយបណ្ដាប្រទេស នៅក្នុងតំបន់នោះ!។
អាចនិយាយបានថា សហរដ្ឋអាមេរិក ជាប្រទេសដែលស្ថិតនៅក្នុងជួរមុខ នៃការប្រកួតប្រជែង ក្នុងផែនការយុទ្ធសាស្រ្ត ឥណ្ឌូប៉ាស៊ីហ្វិក បើកទូលាយនិងសេរី ក្រោយមកមានថែមទាំងប្លុក AUKUS ថ្មីមួយទៀតនោះ!។ការវិលត្រឡប់មកវិញ របស់អាមេរិកនៅអាស៊ីសារជាថ្មី បានក្លាយទៅជាចលករមួយ ក្នុងការជំរុញនិងលើកទឹកចិត្ត ដល់ពួកប្រទេស ដែលជាដៃគូយុទ្ធសាស្រ្តចម្បង នៅក្នុងតំបន់ ដែលក្នុងនោះមានជប៉ុន និងកូរ៉េខាងត្បូង រួមគ្នាបង្កើន និងរឹតចំណងឱ្យកាន់តែមានភាពជិតស្និទ ជាមួយនឹងបណ្ដាប្រទេសមេគង្គ ដែលទំនាក់ទំនងនេះ បានប្រព្រឹត្តទៅដោយឆ្លងតាមរយៈយន្តការ សហប្រតិបត្តិការក្រោមរូបភាពជារួមផង និងក្នុងរូបភាពដោយឡែក របស់ប្រទេសនីមួយៗផង!។
អាមេរិក ចេញមុខប្រកួតប្រជែង តទល់ទៅនឹងអំណាចឥទ្ធិពលរបស់ចិន!
វត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ជាកត្តាមួយដ៏សំខាន់ ចាំបាច់និងអនុគ្រោះបំផុត សម្រាប់ពួកប្រទេស ដែលមានគោលនយោបាយបដិបក្ខ ទៅនឹងផលប្រយោជន៍របស់ចិន!ដោយសហរដ្ឋអាមេរិកមានអំណោយផលក្នុងសក្ដានុពលច្រើន ដែលមិនត្រឹមតែមានអំណាចខាងយោធាតែមួយគត់! តែអាមេរិកមានទាំងអំណាចសេដ្ឋកិច្ចគួបផ្សំ ទៅជាមួយនឹងអំណាចទន់(Soft Power)ទៀតផង!។ លើមូលបទនេះ ទើបក្រុងវ៉ាស៊ីនតោន បានបង្កើនកិច្ចព្រមព្រៀងសន្តិសុខ ជាមួយបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ មួយចំនួនធំក្នុងគោលដៅតែមួយគត់ គឺទប់ស្កាត់ដល់ឥទ្ធិពល ដែលកំពុងតែងើបឡើងយ៉ាងមហិមារបស់ចិន! ដែលមួយថ្ងៃកាន់តែមានភាពវិវត្តន៍ រីកធំធាត់ទាំងក្នុងតំបន់ និងលើពិភពលោក ក្រោមរូបភាពជាគម្រោង ផ្លូវមួយខ្សែក្រវាត់មួយ នោះ!។
មុននេះ គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកមកលើតំបន់អាស៊ីអាគ្នេយ៍ ហាក់បីនៅមានភាពមិនចុះសម្រុងលើទិដ្ឋភាពខ្លះ ដែលជាពិសេស គឺនៅពេលនិយាយដល់បញ្ហាគន្លឹះរបស់អនុតំបន់ទន្លេមេគង្គនោះ!ដែលអ្នកកាន់អំណាចរបស់សេតវិមានបានបោះបង់ចោលនូវបញ្ហាមួយនេះជាយូរមកហើយនោះ!។ក៏ប៉ុន្តែ នៅចាប់តាំងពីមានគម្រោងផ្លូវ និងខ្សែក្រវាត់ និងយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចាប់មានរូបរាង និងមានសកម្មភាពផុសផុលមក! ធ្វើឱ្យសហរដ្ឋអាមេរិកភ្ញាក់កំណើត ចាប់ចូលរួមរត់ម៉ារ៉ាតុនដែរ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្ត TPP រួចមកក៏មានLMI ដែលទាំងអស់នេះ គឺជាការឆ្លើយតបទៅចិនវិញ ដែលសកម្មភាពទាំងនេះ កាន់តែមានជំហានបោះទៅមុខ យ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងពួកសម្ព័ន្ធមិត្តបានប្ដូរទៅជាយន្តការយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក រួចក៏មានការកែសម្រួលបន្ថែមឱ្យកាន់តែមានមានទូលំទូលាយជាងនេះ ទៅជាឥណ្ឌូប៉ាស៊ីហ្វិកបើកទូលាយ និងសេរី ក្រោយមកក៏មានសម្ព័ន្ធភាពយោធាAUKUS មួយទៀតដែលយន្តការទាំងនេះ ជាការងាយស្រួលក្នុងលក្ខណៈ ចូលរួមឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លារបស់អាមេរិកទាំងនៅក្នុងតំបន់ និងលើសាកលលោក!។
នៅក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងគំនិតផ្ដួចផ្ដើម Lower Mekong initiative -LMI គឺជាការធ្វើឱ្យរស់ឡើងវិញ នូវឧបករណ៍នយោបាយមួយដើម្បី អាមេរិកមានលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការវិលត្រឡប់មកវិញជាមួយអនុតំបន់នេះ!ដែលខ្លួនបានភ្លេចចោលជាយូរមកហើយនោះ។ Lower Mekong initiative -LMI ត្រូវបានបង្កើតឡើងតាំងពីបណ្ដាឆ្នាំ២០០៩ ដែលនេះគឺជាយន្តការសហប្រតិបត្តិការមួយរវាងអាមេរិកជាមួយនឹងបណ្ដាប្រទេសមេគង្គ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់នេះឱ្យមានប្រសិទ្ធផលខ្ពស់ និងឱ្យមាននិរន្តភាព(Sic)!។
ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី LMI លើកទី១០នាឆ្នាំ២០១៧ ពេលនោះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson បានលើកឡើងជាសំណើរ គំនិតផ្ដួចផ្ដើមទិន្នន័យ ប្រភពទឹកទន្លេមេគង្គ ក្នុងគោលបំណងជំរុញឱ្យមានការចែករំលែក និងការប្រើប្រាស់នូវបណ្ដាទិន្នន័យ តួលេខនៃប្រព័ន្ធទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ-MRC ដោយយកមកបម្រើឱ្យផលប្រយោជន៍ ដល់បណ្ដាប្រទេសមេគង្គទាំងអស់!។
ដល់ឆ្នាំ២០១៨ រដ្ឋមន្រ្តីការបរទេសអាមេរិកថ្មី គឺលោក Mike Pompeo បានធ្វើការអះអាងជាថ្មីថា LMI ប្រៀបដូចជាក្បាលរទេះភ្លើងមួយ ដ៏សំខាន់ក្នុងការរត់ទៅតភ្ជាប់ ទៅបំពេញសមាហរណកម្មសេដ្ឋកិច្ច អភិវឌ្ឍន៍ចីរភាព និងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព!។
ក្នុងទឹកប្រាក់៤៥លានដុល្លារអាមេរិក របស់គម្រោងLMIនេះ ដែលក្នុងនោះមានការជួយ ទៅដល់វិស័យអប់រំ ទឹកស្អាត អនាម័យ ហេដ្ឋារចនាសម្ព័ន្ ធឱ្យកាន់់តែមានភាពល្អប្រសើរ និងរួមទាំងការធ្វើឱ្យវិស័យបរិស្ថាន កាន់តែមានភាពល្ អជាងមុននោះ!។ទន្ទឹមទៅនឹងជំនួយនេះ ក៏ក្នុងក្របខណ្ឌLMIនេះផងដែរក៏មានគំនិតផ្ដួចផ្ដើម ផ្សេងទៀត ដូចជាប្រយុទ្ធប្រឆាំងទៅនឹង បទឧក្រិដ្ឋកម្មឆ្លងដែន ការចែករំលែកនូវព័ត៌មាន ទិន្នន័យពាក់ព័ន្ ធដល់ប្រភពទឹករបស់ទន្លេមេគង្គ!។
ដោយឡែកផងដែរ នៅក្នុងក្របខណ្ឌ LMIនេះអាមេរិក ក៏បានសម្រួលរៀបចំ ជាមូលដ្ឋានគ្រឹះ ដើម្បីនាំពួកប្រទេសខាងក្រៅតំបន់ មានដូចជាប្រទេស ជប៉ុន អូស្រ្តាលី និងកូរ៉េខាងត្បូង ល.ល គឺជាក្រុមប្រទេសដែល មានសមត្ថភាព និងលទ្ធភាពអាចចូលរួម ជាដៃគូ សហប្រតិបត្តិការនៅក្នុង បណ្ដាគម្រោងរបស់LMI នេះបានដោយរលូន! ឧទាហរណ៍ដូចជា សហរដ្ឋអាមេរិកសហការ ជាមួយជប៉ុន ក្នុងការផ្ដល់ជាហិរញ្ញប្បទាន ២៩,៥លានដុល្លារអាមេរិក សម្រាប់ជាគម្រោងអភិវឌ្ឍន៍បណ្ដាញអគ្គិសនីនៅក្នុងតំបន់។ បើអាមេរិក និងកូរ៉េខាងត្បូងវិញ គឺបានសហការគ្នាក្នុងគម្រោងប្រើប្រាស់ ផ្កាយរណបសម្រាប់ថតរូបពីលើអាកាសរួចរួមគ្នា វាយតម្លៃអំពីស្ថានភាពទឹក ភាពរីងស្ងូត និងទឹកជំនន់របស់អាង ទន្លេមេគង្គ នោះ!។
ហើយថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានគាំទ្រ ដល់គម្រោងរបស់ថៃ ក្នុងយន្តការ ACMECS ដូចជាមូលដ្ឋានគ្រឹះមួយ សម្រាប់ជាការសម្របសម្រួល ដល់បណ្ដាគម្រោងដែលមានពាក់ព័ន្ធ ទៅដល់ដំណើរការអភិវឌ្ឍន៍ជនបទ និងការកសាងដល់បណ្ដាធនធាន ទាំងឡាយនោះ!។
ភាពជាមហាអំណាច នាំឱ្យជប៉ុនស្វែងរកតុល្យភាព ជាមួយចិននៅក្នុងតំបន់ដែរ!
ជាការពិត ជប៉ុន បានបំពេញនូវតួនាទីមួយយ៉ាងសំខាន់ និងចាំបាច់ នៅក្នុងអនុតំបន់ទន្លេមេគង្គ តាំងពីសម័យកាលជិតចប់សង្រ្គាមត្រជាក់ មកម្ល៉េះ!ដែលការជួយឧបត្ថម្ភ គាំទ្ររបស់ជប៉ុនទាំងនេះ បានឆ្លងកាត់តាមរយៈ បណ្ដាអង្គការអន្តរជាតិ សមាគមអាស៊ាន និងធនាគារអភិវឌ្ឍន៍អាស៊ី ADB ល.ល…។
កម្មវិធីសហប្រតិបត្តិការ ជាដៃគូរបស់ជប៉ុន ជាមួយតំបន់មេគង្គ ចាប់មានរូបរាងលេចធ្លោឡើង ពិតប្រាកដ គឺនៅបណ្ដាឆ្នាំ២០០៧ ដោយនៅក្នុងឆ្នាំ២០០៩ មានកិច្ចប្រជុំកំពូលដំបូង ដែលក្នុងកិច្ចប្រជុំនេះ បានអនុម័តសេចក្ដីថ្លែងការណ៍ តូក្យូ ដែលខ្លឹមសារនៅក្នុង សេចក្ដីថ្លែងការណ៍តូក្យូ បានសម្រេចបង្កើតឡើង ដៃគូថ្មីមួយសម្រាប់ អនាគតរុងរឿងរួម រវាងជប៉ុន ជាមួយនឹងតំបន់មេគង្គនោះ! ហើយការចូលរួមសន្យានេះ ក៏ត្រូវបានកែសម្រួលថ្មីនៅក្នុងបណ្ដាឆ្នាំ២០១២។
ជារួម គោលនយោបាយរបស់ជប៉ុន ចំពោះតំបន់មេគង្គមានការផ្លាស់ប្ដូរ ប្រែប្រួលយ៉ាងសកម្ម និងជាបន្តបន្ទាប់ទៅតាមសភាពការណ៍ជាក់ស្ដែង។ នៅឆ្នាំ២០១៥ ជប៉ុនបានសន្យាផ្ដល់ ៧លានដុល្លារអាមេរិក ដើម្បីជាការគាំទ្រ ដល់ដំណើរការអភិវឌ្ឍន៍ ជាទូទៅ និង១១០លានដុល្លារអាមេរិក ជាហិរញ្ញប្បទាន ដើម្បីជាការគាំទ្រដល់ដំណើរការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ មានគុណភាពខ្ពស់។ ឥរិយាបថនយោបាយរបស់ក្រុងតូក្យូ បានប្រព្រឹត្តទៅ ស្របពេលដែលក្រុងប៉េកាំង បាននិងកំពុងជំរុញ និងចាប់ផ្ដើមដាក់ពង្រាយគម្រោង ផ្លូវមួយ ខ្សែក្រវាត់មួយ នៅឆ្នាំ២០១៤ និងការចាប់ផ្ដើមបង្កើតឡើងនូវយន្តការសហប្រតិបត្តិការមេគង្គ-ឡានឆាង MCLនោះ!។
ដល់ឆ្នាំ២០១៨ ជប៉ុន បានផ្សារភ្ជាប់គោលនយោបាយ របស់ប្រទេសខ្លួនទៅនឹងយុទ្ធសាស្រ្ត ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក។ក្រោយមក ជប៉ុនក៏យល់ឃើញថា អនុតំបន់ទន្លេមេគង្គ នឹងទទួលបាននូវអត្ថប្រយោជន៍ដ៏ច្រើន នៅពេលដែលយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកមួយនេះបើកទូលំទូលាយនិងសេរីនោះ!។
នៅក្នុងជំនួបមួយនាខែវិច្ឆិកា ២០១៨ រវាងនាយករដ្ឋមន្រ្តីជប៉ុន Abe ជាមួយនឹងលោក Pence អនុប្រធានាធិបតី របស់អាមេរិកនោះ ភាគីទាំងពីរបានឯកភាពចំណាយ ៧០កោដិដុល្លារអាមេរិក សម្រាប់ជាការអភិវឌ្ឍន៍ មកលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក ពិសេសគឺ សម្រាប់គម្រោងថាមពលនៅអាស៊ីអាគ្នេយ៍នេះឯង!។
មុខងារ និងតួនាទីយូរអង្វែងរបស់ជប៉ុន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការគាំទ្រដល់បណ្ដាកិច្ចអភិវឌ្ឍន៍ ទាំងឡាយនៅក្នុងតំបន់ គឺជាលក្ខណៈអនុគ្រោះមួយក្នុងការធ្វើឱ្យកិច្ចសហការរបស់ជប៉ុន កាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅនៅក្នុងតំបន់មេគង្គ! ហើយទោះបីជាស្ថិតនៅក្នុងបរិបទនយោបាយណាមួយក៏ដោយ ក៏ពួកប្រទេសមេគង្គទាំងអស់នៅតែចាត់ទុកជប៉ុនថាជាដៃគូសហប្រតិបត្តិការមួយដ៏សំខាន់ និងមានផលប្រយោជន៍បំផុត ដែលមិនអាចខ្វះបាននោះ!។
ការទទួលយកតួនាទី របស់ជប៉ុននៅក្នុងតំបន់ គឺជាចំណុចសំខាន់ ក្នុងការទទួលស្គាល់នូវអំណាចទន់របស់ក្រុងតូក្យូ មកលើអនុតំបន់ទន្លេមេគង្គ! ហើយក៏ជាកត្តាមួយផ្សេងទៀត ក្នុងការជួយជប៉ុនកែលម្អនូវតុល្យភាពអំណាច ជាមួយបណ្ដាប្រទេសផ្សេងទៀត ដោយយថាភាពផងដែរ!។
គោលនយោបាយ ឆ្ពោះទៅទិសខាងត្បូង របស់កូរ៉េខាងត្បូង!
បើកូរ៉េខាងត្បូងក្នុងប៉ុន្មានឆ្នាំនេះ កាន់តែមានលទ្ធភាព និងសមត្ថភាពក្នុងការចូលរួម យ៉ាងសកម្មជាងមុន ចូលមកក្នុងអនុតំបន់ទន្លេមេគង្គ ក្រោមគោលនយោបាយឆ្ពោះ ទៅទិសខាងត្បូង-NSP ដែលផ្ដួចផ្ដើមដោយ លោកប្រធានាធិបតី មួន ចេអ៊ីន ។
ក្នុងជំនួយអភិវឌ្ឍន៍ក្រៅប្រទេស សរុបរបស់កូរ៉េខាងត្បូង នាឆ្នាំ២០១៨ គឺមាន២៥%ជាជំនួយដល់បណ្ដាប្រទេសCLMV!។
តែដើម្បីមានការគាំទ្រ លើផ្នែកនយោបាយយុទ្ធសាស្រ្តកូរ៉េខាងត្បូង ក៏បានយកគោលនយោបាយ NSP នេះ ទៅផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក ដោយក្រុងសេអ៊ូល យល់ឃើញថា ការផ្សារភ្ជាប់នូវគោលនយោបាយនេះ នឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនដល់ប្រទេសទាំងអស់!។ នៅមានចំណុចសំខាន់មួយទៀត គឺពួកប្រទេសCLMVទាំងអស់សុទ្ធតែមានទំនាក់ទំនង ការទូតជាមួយកូរ៉េខាងជើង ដូច្នោះកូរ៉េខាងត្បូងរំពឹងថា ក្រុមប្រទេស CLMV នឹងមានការចូលរួមចំណែក យ៉ាងវិជ្ជមានក្នុងការស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ!
អត្ថប្រយោជន៍ និងភាពប្រឈម របស់ក្រុមប្រទេសCLMV!
ប្រការដែលអាមេរិក ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអូស្រ្តាលីបង្កើនកិច្ចសហការ ជាមួយបណ្ដាប្រទេស ក្នុងអនុតំបន់ទន្លេមេគង្គក្រៅពីនាំមកនូវអត្ថប្រយោជន៍ ក៏បានធ្វើឱ្យក្រុមប្រទេសទាំងនេះមានការលំបាកក្នុងការសម្រេចនូវបញ្ហានីមួយៗពាក់ព័ន្ធដល់ភូមិសាស្រ្តនយោបាយ ជារួមគឺការជ្រើសរើសសម្រេច រវាងម្ខាងជាផលប្រយោជន៍ របស់ឥណ្ឌូប៉ាស៊ីហ្វិក និងម្ខាងទៀតជាBRI ដោយប្រព័ន្ធទាំងពីរនេះសុទ្ធតែបានយកដងទន្លេមេគង្គធ្វើជាការតស៊ូមតិ តថ្លៃខាងនយោបាយ ក្នុងការប្រកួតប្រជែងគ្នា របស់ពួកប្រទេសមហាអំណាច ក្រៅតំបន់!។
អនុតំបន់ទន្លេមេគង្គ ជាទីកន្លែងជួបគ្នារវាងយុទ្ធសាស្រ្តធំពីរ គឺឥណ្ឌូប៉ាស៊ីហ្វិក តទល់ទៅនឹងBRI លើដងទន្លេមេគង្គ ដែលមានសំឡេងប្រជាជន ជាង៦០លាននាក់ បានរស់នៅទីនេះ!។
តើចិនចង់បានអ្វី ពីអនុតំបន់ទន្លេមេគង្គ នោះ!
ក្នុងរាល់កិច្ចប្រជុំ ឬសិក្ខាសាលាស្ដីទីទន្លេមេគង្គនោះ សុទ្ធតែឆ្លុះបញ្ចាំងឱ្យឃើញថា ចិនតែងតែមានបំណងចង់ធ្វើជាម្ចាស់ ក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តន៍ក្នុងរាល់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឱ្យបានសុក្រឹត្យ និងមានប្រសិទ្ធផលបំផុត ក្នុងគោលដៅ ដើម្បីសេដ្ឋកិច្ច និងនយោបាយសម្រាប់ LMCនេះ។
ដែលហៅថាអនុតំបន់ទន្លេមេគង្គនេះ យ៉ាងហោចណាស់ក៏មានយន្តការ សម្រាប់កិច្ចសហប្រតិបត្តិការដែលតិចបំផុតមានប្រមាណ១០ ដែលជាយន្តការសម្រាប់ទំនាក់ទំនង សហប្រតិបត្តិការជាមួយបណ្ដាប្រទេស ដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គជាមួយគ្នា រួមទាំងកិច្ចសហការ ទៅជាដៃគូសហប្រតិបត្តិការមានដូចជា ជាមួយអាមេរិក កូរ៉េខាងត្បូង អូស្រ្តាលី ជប៉ុន ឥណ្ឌា ចិន ADB World Bank IMF GMS ល.ល ដែលយន្តការសហប្រតិបត្តិការទាំងអស់នេះ មើលទៅដូចជាមានភាពរអាក់រអួល ធូររលុងពុំសូវមានប្រសិទ្ធភាពខ្ពស់ឡើយ! ដោយជាន់ជើងគ្នាច្រើនជាងការជំរុញឱ្យទៅមុខនោះ!ព្រោះមើលទៅមានចរិតនយោបាយច្រើនជាងជាលក្ខណៈវិទ្យាសាស្រ្ត បច្ចេកទេសនោះ។
តថភាពនៃការសន្យា និងការចូលរួម ហាក់បីដូចជាមានភាពពុំច្បាស់លាស់ ពីសហរដ្ឋអាមេរិក និងពួកប្រទេសដទៃទៀត ទើបមូលបទនេះជាបច្ច័យមួយក្នុងការនាំឱ្យចិន ជ្រៀតចូលទៅក្នុងចន្លោះប្រហោងរបស់យន្តការមួយនេះ ហើយការដឹកនាំដោយកំពុងទទួលបានជោគជ័យ ក្នុងការខិតខំ ប្រឹងប្រែងជំរុញបន្តកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះបន្តទៅមុខនោះ!។
មុននេះ ភាគីចិនចូលរួមតែក្នុងកម្រិតអាជ្ញាធរខេត្ តនៅក្នុងយន្តការសហប្រតិបត្តិការ ស្ដីពីទន្លេមេគង្គតែប៉ុណ្ណោះ!។ក៏ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក ក្រោយពីថ្ងៃបង្កើតយន្តការមេគង្គ-ឡានឆាងមកជាមូលដ្ឋាន ចិនបានបំពេញសម្រេចជាស្ថាពរនូវការកំណត់កិច្ចសហប្រតិបត្តិការក្នុងថ្នាក់រដ្ឋាភិបាល ហើយដំណើរការនេះបានបន្តដំណើរការទៅមុខក្នុងការអនុវត្តន៍នូវគម្រោងទាំងឡាយ ក្រោមការផ្ដល់ហិរញ្ញប្បទាន ដោយភាគីចិននោះ។
ជារួមមានកម្ចីសម្បទាន(Concession Loans) ជាងពាក់កណ្ដាលពីចិន ត្រូវបានដាក់ចូលមកលើប្រទេស៥ ដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គ ដែលគម្រោងទាំងនេះសំដៅមកលើហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្ម ល.ល… ដែលតាមការវិភាគរបស់ពួកអ្នកនយោបាយនៅក្នុងតំបន់ គឺកិច្ចសហប្រតិបត្តិការមេគង្គ–ឡានឆាងនេះ បានជំរុញអនុវត្តន៍ផែនការទាំងឡាយដែលមើលទៅ មិនខុសអ្វីទៅនឹងគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយរបស់ចិនអីចឹង!។
រាល់សំណើរ ឬសំណូមពរក្នុងយន្តការមេគង្គ-ឡានឆាង សុទ្ធតែមានលក្ខណៈតភ្ជាប់ទៅនឹង គម្រោង ផ្លូវមួយខ្សែក្រវាត់មួយ-BRI ដោយត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តក្នុងការអះអាង កំណត់គោលដៅនយោបាយថ្មី សំដៅបង្កើតឡើងសម្រាប់តំបន់ ហើយសកម្មភាពទាំងនេះនឹងជះឥទ្ធិពលមកលើពិភពលោករបស់ចិន ដូចអ្វីដែលអាមេរិកធ្លាប់បានធ្វើមកលើអឺរ៉ុបក្រោយសង្គ្រាមលោកលើកទី២ តាមរយៈការអនុវត្តផែនការ Marshall នោះ!។
មានចំណុចមួយដែលគួរឱ្យកត់សម្គាល់ និងអកុសលផងដែរ គឺរាល់គម្រោងធំៗដែលស្ថិតនៅក្នុងផែនការផ្លួវមួយខ្សែក្រវាត់មួយដែលមានវិសាលភាពលាតសន្ធឹឹងរាប់សិបម៉ឺនគីឡូម៉ែត្រ ក្នុង៦៥ប្រទេសលើពិភពលោកនោះ តែពុំមានឈ្មោះប្រទេសវៀតណាមនៅក្នុងគម្រោងBRIមួយនេះសោះឡើយ!។
ក្រុងប៉េកាំងទទួល បានជោគជ័យក្នុងការនាំយន្តការ សហប្រតិបត្តិការ មេគង្គ-ឡានឆាងនេះ ទៅក្នុងកម្រិតរដ្ឋមន្រ្តី និងខ្ពស់ជាងនេះ ទៅទៀត គឺកិច្ចប្រជុំកំពូល ដែលមានការចូលរួមពីបណ្ដាប្រមុខរដ្ឋាភិបាល ដូចករណីយន្តការសហប្រតិបត្តិការ ASEAN, ASEM,EAS,ACMECS,APEC,CLMV ល.ល…អីចឹងផងដែរ!។
បុព្វបទខាងលើនេះ បានធ្វើឱ្យពួកអ្នកវិភាគមានការបារម្ភថា ចិនកំពុងតែជំរុញញធ្វើឱ្យយន្តការមេគង្គ–ឡានឆាងនេះកាន់តែមានប្រសិទ្ធផល ដើម្បីបន្ទាបតួនាទីរបស់អាស៊ានដែលអង្គការមួយនេះមានចរិតជារូបភាពខ្វះការប្រាកដនិយម និយាយច្រើនតែឥតធ្វើ គ្មានប្រសិទ្ធភាពសោះឡើយ(Sic)!។
ពួកអ្នកភូមិសាស្រ្តនយោបាយវៀតណាមយល់ថា ការមិនចុះសម្រុង វិវាទគ្នាលើដងទន្លេមេគង្គ ក្នុងអនាគតនឹងមិនខុសអ្វីទៅនឹង បញ្ហាសមុទ្រចិនខាងត្បូងផងដែរនោះ!។ ព្រោះក្នុងរាល់វេទិកាក្នុងតំបន់ និងអន្តរជាតិ វៀតណាមតែងតែបំពេញតួនាទី សហការផង ចូលរួមផង តស៊ូមតិផង ប្រឆាំងផង ជំទាស់ផងទាំងលើបញ្ហាសមុទ្រ ទាំងបញ្ហានៅលើទន្លេ! ពេលដែលអង្គប្រជុំនិយាយប៉ះពាល់ដល់ការវិវាទលើសមុទ្រចិនខាងត្បូង និងសន្តិសុខអំពីប្រភពទឹក និងបណ្ដាអត្ថប្រយោជន៍ពាក់ព័ន្ធទៅនឹង ទំនប់វារីអគ្គិសនីទាំងឡាយ នៅលើដងទន្លេមេគង្គនោះ!។
ក្នុងចក្ខុនយោបាយ របស់ពួកអ្នកយុទ្ធសាស្រ្តយល់ថា ដើម្បីពង្រីក និងពង្រឹងអានុភាពនៅក្នុងតំបន់ និងដើម្បីទម្លុះការហ៊ុមព័ទ្ធនៃអំណាចរបស់អាមេរិក ចិនដាច់ខាតត្រូវតែកសាងកំពែងការពារខ្លួនទាំងលើទឹក សមុទ្រ ទាំងលើទឹកសាប ក្រោមហេតុផលប្រយោជន៍សេដ្ឋកិច្ចក្នុងរូបភាពកសាងផ្លូវមួយខ្សែក្រវាត់មួយ-BRI ដែលការកសាងទាំងនេះ បានក្លាយទៅជាមូលដ្ឋានគ្រឹះមួយសំដៅកាន់កាប់សមុទ្រចិនខាងត្បូង និងទន្លេមេគង្គទាំងមូល ដើម្បីក្ដោបក្ដាប់តំបន់ ពង្រីកឥទ្ធិពល អំណាចនយោបាយរបស់ខ្លួន!។
យន្តការមេគង្គ-ឡានឆាង គឺជាចំណែកមួយ ក្នុងយន្តការប្រាស្រ័យទាក់ទង លើផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់ចិន ដែលមុននេះត្រូវទប់ទល់ ទៅនឹងនយោបាយឥណ្ឌូប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះ!។
អាចនិយាយថា រវាងសេដ្ឋកិច្ច និងផ្លូវសូត្រលើសមុទ្រប្រចាំសតវត្សរ៍ទី២១ ឬ ផ្លូវមួយខ្សែក្រវាត់មួយ សុទ្ធតែជាផែនការយុទ្ធសាស្រ្ត ការបរទេសដ៏មហិមា របស់ចិនដែលមានចរិតពិភពលោក ចំពោះយន្តការមេគង្គ-ឡានឆាងវិញ គឺជាផែនការថ្មីមានចរិតអន្តរតំបន់ ដោយជំរុញឱ្យស៊ីជម្រៅ ចូលទៅក្នុងគ្រប់សរសៃឈាម គ្រប់ច្រកនៅក្នុងតំបន់ឱ្យបាន!។
BRI គឺជាគោលនយោបាយ ចំពោះAIIB គឺជាមធ្យោបាយក្នុងការជំរុញ អនុវត្តន៍យុទ្ធសាស្រ្ត Make of China ២០៣០ ក្នុងការនាំឱ្យប្រទេសចិន ទៅកាន់តំណែងជាមហាអំណាច របស់មហាអំណាចផុតលេខ (Super of Superpower)ដែលអ្នកនយោបាយមើលឃើញ ផែនការBRIនេះមានទ្រង់ទ្រាយធំជាងផែនការMarshall របស់អាមេរិក ព្រមទាំងបានធ្វើល្អជាងអាមេរិកទៀតផង!។ ផ្លូវមួយខ្សែក្រវាត់មួយ គឺជារបៀបរបបអន្តរជាតិថ្មី (New order international)មួយ ដែលមានចិនជាប្រមុខដឹកនាំក្នុងរាល់ដំណោះស្រាយបញ្ហានោះ(Sic)!។
ទោះបីជាមានការព្យាករណ៍ យ៉ាងច្រើនថា ដល់ឆ្នាំ២០៣០នេះ ខឿនសេដ្ឋកិច្ចរបស់ចិននឹងវិវត្តន៍លើសអាមេរិកក៏ដោយ ក៏នៅមានភាពពិបាកក្នុងការកំណត់តុល្យភាពអំណាច អាចធ្ងន់មកលើចិនហើយចិនសម្រេចនូវរាល់បញ្ហារបស់ពិភពលោក ដោយមិនចាំបាច់ពិភាក្សា ពិគ្រោះយោបល់ ឬសហការជាមួយបណ្ដាប្រទេសផ្សេងទៀតនោះ!ដែលមើលទៅ ប្រហែលជានៅពុំអាចធ្វើទៅបាននៅឡើយទេ!។
ក្នុងបរិបទបច្ចុប្បន្នក៏ដូចជារហូតដល់ឆ្នាំ២០៣០ តួនាទីនយោបាយរបស់ចិន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែវិវត្តន៍រីកធំធាត់លើឆាកនយោបាយរបស់ទ្វីបអាស៊ីនិងលើពិភពលោក តែយ៉ាងនេះក៏ដោយក៏ចិននៅតែពុំអាចធ្វើខ្លួនជាអធិរាជរបស់ពិភពលោកបាននៅឡើយ ដែលទោះបីជាចិនបានកាន់កាប់សមុទ្រចិនខាងត្បូង និងត្រួតត្រា គ្រប់គ្រងទន្លេមេគង្គបានហើយនោះ!។
អាងទន្លេមេគង្គ ទីលានប្រកួតប្រជែង និងជាការប្រឈមមួយ របស់សហរដ្ឋអាមេរិក!
ជាតថភាពនៃបច្ចុប្បន្ននេះ គំនិតផ្ដួចផ្ដើមមេគង្គក្រោម–Lower Mekong Initiative ពុំសូវមានវឌ្ឍនភាពរីកចម្រើន ទៅមុខគួរឱ្យចាប់អារម្មណ៍ ដែលទោះបីមានមន្រ្ តីរបស់អាមេរិក ពីនីតិប្រតិបត្តិរហូតរាលដាលមកដល់ពួកនីតិបញ្ញត្តិ ដែលបានចូលរួមអះអាងអំពីតួនាទី មុខងារ ផលប្រយោជន៍រហូតដល់ ការចូលរួមបើកទូលាយរបស់អាមេរិកនៅក្នុងយន្តការមេគង្គនេះក៏ដោយ!ព្រោះការចូលរួមមានយោបល់ច្រើនជាងភាពប្រាកដនិយមក្នុងការអនុវត្តន៍ ដោយអាមេរិកបានបណ្ដាក់ទុនចូលមកក្នុងគំនិត Initiative នេះពុំមានច្រើនប៉ុន្មានឡើយ! នៅពេលដែលសំណូមពរនៃសេចក្ដីត្រូវការរបស់ទន្លេមេគង្គ មានវិសាលភាពចាំបាច់ធំធេងជាងនេះនោះ!។
ការវិលមករបស់អាមេរិក ក្នុងការដណ្ដើមកាន់កាប់ ទីតាំងនៅក្នុងតំបន់នេះ ហាក់មានភាពយឺតយ៉ាវ!
ក្រោយសង្រ្គាម ឥណ្ឌូចិនលើកទី២ ចប់ សហរដ្ឋអាមេរិកហាក់បី អវត្តមានក្នុងរយៈពេលមួយដ៏យូរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលជាបច្ច័យនយោបាយមួយក្នុងការផ្ដល់អំណោយផល ឱ្យចិនមកបំពេញក្នុងចន្លោះប្រហោងដែលគ្មានវត្តមានរបស់អាមេរិក ក្នុងភូមិសាស្រ្តនយោបាយមួយនេះ ដោយអំណាចទន់គួបផ្សំទៅនឹងអំណាចរឹង។ ជាសន្សឹមៗចិនបានធ្វើ Tibetization មកលើតំបន់សមុទ្រចិនខាងត្បូង និងលើដងទន្លេមេគង្គទាំងមូល ដែលសកម្មភាពទាំងអស់នេះ យ៉ាងហោចណាស់ក៏បានគំរាមកំហែងមកលើផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ផងដែរ(Sic)!។
ដោយជាប្រទេសមួយ មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ហើយកំពុងតែមានដំណើរវិវត្តន៍ រីកចម្រើន ងើបឡើងជាមហាអំណាច ទាំងសេដ្ឋកិច្ចនិងយោធាផងនោះ!បានធ្វើឱ្យពិភពលោក ជាពិសេសគឺសហរដ្ឋអាមេរិកនិងបក្ខពួក សម្ព័ន្ធមិត្ត មានការចាប់អារម្មណ៍ជាទីបំផុត ដែលនេះជាហេតុផលមួយក្នុងយុទ្ធសាស្រ្តនៃការនាំឱ្យសហរដ្ឋអាមេរិកសម្រេចចិត្ តPivot ត្រូវវិលមកកាន់តំបន់អាស៊ីអាគ្នេយ៍នេះវិញ ដែលមុននោះ តាំងខ្លួនជាកំពែងប្រឆាំងទៅនឹងរលកក្រហម តែពេលនេះដោយអំណាចសេដ្ឋកិច្ច និងឧត្តមភាពយោធាផង គឺត្រូវទប់ស្កាត់ឥទ្ធិពលរបស់ចិនទៅវិញ ដែលទាំងអស់នេះគឺជាសភាវនៃយថាភាពក្នុងការរក្សា និងការពារតុល្យភាពកម្លាំងរវាងមហាអំណាចទាំងពីរនេះ ក្នុងបរិបទថ្មីនៅក្នុងតំបន់!។
សហរដ្ឋអាមេរិកក៏ជាប្រទេសមួយក្នុងការផ្ដល់ជំនួយដល់MRC ដែលទន្ទឹមនេះក៏បានជួយជាហិរញ្ញប្បទានជួយដល់ប្រទេសនីមួយៗនៅក្នុងតំបន់មេគង្គទាំងនេះផងដែរ!ក្រៅពីនេះ សហរដ្ឋអាមេរិកក៏មានសិទ្ធិអំណាចគ្របដណ្ដប់មកលើបណ្ដាស្ថាប័នហិរញ្ញវត្ថុពិភពលោក ដូចជា WB, IMF, ADB ល.ល…ដូច្នោះការវិលមកវិញដើម្បីបំពេញមុខងារជាសមតាក្នុងការកំណត់កំហិត មកលើអំណាចអនុត្តរភាពរបស់ចិននៅក្នុងអាងទន្លេមេគង្គនេះ ចាប់មានរូបភាពជាសកម្មភាពបណ្ដើរៗហើយនៅក្នុងប៉ុន្មានឆ្នាំនេះ!។
នៅក្នុងកិច្ចប្រជុំអាស៊ានមួយនាថ្ងៃទី២៣ កក្កដា ២០០៩ ជាលើកដំបូងដែលភាគីអាមេរិក បានស្នើឱ្យមានកិច្ចប្រជុំមួយ On the sideline ដែលខាងអាមេរិក មានលោកស្រី Hillary Clinton ជាមួយបណ្ដារដ្ឋមន្រ្តីការបរទេសរបស់ពួកប្រទេសមេគង្គក្រោមទាំងអស់ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម ដែលកិច្ចប្រជុំមួយនេះបានប្រព្រឹត្តទៅនៅ ភូកេត ប្រទេសថៃ ។
នៅក្នុងកិច្ចប្រជុំមួយនេះ ក្រៅអំពីការអះអាងនាំមកនូវសុខសន្តិភាព សំបូររុងរឿងមក ភាគីអាមេរិកក៏បានសង្កត់ធ្ងន់ក្នុងការយកចិត្តទុកដាក់មកលើវិស័យបរិស្ថាន សុខាភិបាល អប់រំ និងការអភិវឌ្ឍន៍មកលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់មេគង្គនេះផង!។ហើយក៏ដើម្បីធ្វើឱ្យកិច្ចប្រជុំមួយនេះមានចរិតនយោបាយ លេចធ្លោពាក់ព័ន្ធទៅដល់ភូមិសាស្រ្តនយោបាយផងនោះ សហរដ្ឋអាមេរិកក៏បានសម្ដែងការបារម្ភអំពីផលប៉ះពាល់មកពីមានទំនប់វារីអគ្គិសនី ដែលបានកសាងនៅភាគខាងលើរបស់ទន្លេមេគង្គ ដែលទំនប់ទាំងនេះបានជះឥទ្ធិពលអាក្រក់មកលើសន្តិសុុខស្បៀង មានឥទ្ធិិពលដល់ចរន្តលំហូត្រីគ្រប់ប្រភេទ និងប៉ះពាល់ដល់ប្រភពប្រូតេអ៊ីន ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់មេគង្គក្រោមតែងតែត្រូវទទួលបាន តែឥឡូវនេះបាត់បង់ទាំងអស់នោះ!។
ក្នុងនយោបាយបំបែកបំបាក់មួយនេះ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ចិនគឺជាប្រទេសដំបូងដែលបានកសាងទំនប់វារីអគ្គិសនី១១កន្លែង នៅលើដងទន្លេរបស់ទន្លេឡានឆាង –មេគង្គខាងលើ ហើយបន្ទាប់មកចិនក៏ជាម្ចាស់លុយរបស់ទំនប់វារីអគ្គិសនី៤ទៀត ដែលត្រូវបានកសាងលើទន្លេមេរបស់ទន្លេមេគង្គ ដែលចរន្តទឹកបានហូរចុះមកទន្លេមេគង្គភាគខាងក្រោមនេះ!។ក្រៅពីនេះ រដ្ឋមន្រ្តីការបរទេសទាំង៥នេះ ក៏បានពិភាក្សាលម្អិតមកលើបណ្ដាវិធានការការពារ និងទប់ស្កាត់ នូវការប្រែប្រួលអាកាសធាតុ ជំងឺឆ្លង វិស័យអប់រំ សុខាភិបាល ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានជនបទទៀតផង!។
ក្រៅអំពីយន្តការ Lower Mekong Initiative ភាគីអាមេរិកក៏បានស្នើជំរុញឱ្យមានភាពជាដៃគូSister Partnership រវាងទន្លេមេគង្គ ជាមួយទន្លេ Mississippi បន្ទាប់មកក៏មានយន្តការបន្ថែមមួយទៀតគឺ Friends of Mekong ដែលអ្នកនយោបាយនៅក្នុងតំបន់បានមើលឃើញថា សហរដ្ឋអាមេរិកបានចងអំណាចពីរឱ្យទៅជាមួយ Soft and Smart Powers ក្នុងការរុញឥទ្ធិពលរបស់ចិនឱ្យចេញផុតពីតំបន់មួយនេះ ដោយយកWB, ADB, ធ្វើជាមធ្យោបាយក្នុងការអនុវត្តន៍ផែនការមួយនេះ ក្រោមរូបភាពជាការសិក្សាស្រាវជ្រាវអំពី Hydrology, Ecology, Sediment Flows, Trans boundary water Resources ល.ល… ក្រោមការឧបត្ថម្ភគាំទ្រដោយផ្ទាល់ពីទីភ្នាក់ងារUSAID ។ សកម្មភាពទាំងអស់នេះ បានធ្វើឱ្យអាជ្ញាធរមានការចាប់អារម្មណ៍ខ្លាំងមកលើសហគមន៍ប្រជាពលរដ្ឋ ពិសេសគឺអាជ្ញាធររបស់ពួកប្រទេសក្នុងតំបន់មេគង្គក្រោម!ហើយជាការពិតដោយកត្តាភូមិសាស្រ្តនយោបាយ និងយុទ្ធសាស្រ្ត មានប្រទេសតែមួយគត់ក្នុងចំណោមLower Mekong ដែលពេញចិត្តនិងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដោយគ្មានលក្ខខណ្ឌមកលើបណ្ដាសកម្មភាពរបស់LMIនោះ គឺវៀតណាម!។
មជ្ឈដ្ឋាននីតិបញ្ញត្តិ របស់អាមេរិក លោតចូលកកូរបញ្ហាមេគង្គ!
ដើម្បីលើកកម្ពស់កិត្យានុភាព និងស្រង់យកពិន្ទុសម្រាប់ខ្លួនឯងផង លោក Jim Webb សមាជិកព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មាធិការSenate East Asian &Pacific Affairs បានចេញមុខធ្វើសកម្មភាព ដោយបានលើកឡើងនូវទឡ្ហីករណ៍ស្ដីពីផលវិបាកកើតមកពីបណ្ដាទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គ ដែលជាបច្ច័យមួយដ៏អាក្រក់ ក្នុងការនាំឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលអំពីស្ថានភាពបរិស្ថាននៅក្នុងតំបន់នេះ!។
នៅឆ្នាំ២០០៩បន្ទាប់ពីមានដំណើរទស្សនកិច្ច២សប្ដាហ៍នៅក្នុងប្រទេស៥នៅអាស៊ី ដើម្បីស្វែងយល់និងពិនិត្យមកលើស្ថានភាពរួមលើទន្លេមេគង្គមក លោក Jim Webb បានបំប៉ោងសំឡេងដោយចលនាអូសទាញក្រសួងការបរទេស ពួកPolicy-Makers របស់សេតវិមាន ពួកអ្នកជំនាញខាងបរិស្ថានល.ល…ឱ្យប្រមូលផ្ដុំការយកចិត្តទុកដាក់មកលើប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ និងភាពសារសំខាន់របស់ទន្លេមេគង្គ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល!។
ដើម្បីធ្វើឱ្យផែនការសកម្មភាពនេះជោគជ័យ លោក Jim Webb បានធ្វើការអំនាវនាវឱ្យមានការផ្អាកនូវរាល់ទំនប់វារីអគ្គិសនីដែលបានសាងសង់លើទន្លេមេរបស់ទន្លេមេគង្គខាងលើ ព្រមទាំងបានធ្វើឱ្យរដ្ឋាភិបាលអាមេរិកបន្ថែមថវិកាជួយLMI ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន សំដៅស្វែងរកដំណោះស្រាយចីរភាពជំនួសទៅឱ្យទំនប់វារីអគ្គិសនីលើទន្លេមេរបស់ទន្លេមេគង្គ។ ក្រៅពីនេះ លោក Jim Webb ក៏បានផ្ញើសារជំរុញលោកស្រី Clinton ឱ្យបង្កើតទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រទេសLMIឱ្យកាន់តែមានភាពស្អិតរមួត ល្អប្រសើរ ដែលក្នុងនោះរួមមានទាំងការថ្កោលទោសចិននិងថៃ គឺជាក្រុមប្រទេសដែលបានផ្ដល់ហិរញ្ញប្បទានក្នុងការសាងសង់ទាំងឡាយលើទន្លេមេគង្គកន្លងមក។ពាក់ព័ន្ធដល់ផលប៉ះពាល់មកលើទន្លេមេគង្គនេះ លោក Jim Webb បានលើកឡើងជាអនុសាសន៍ថា៖
ក).ស្នើឱ្យរដ្ឋាភិបាលអាមេរិក ចូលរូមវាយតម្លៃឱ្យមានចរិតប្រាកដនិយមមកលើស្ថានភាពនិងកាលៈទេសៈ រវាងពួកប្រទេសនៅតាមដងទន្លេមេគង្គ ដែលក្នុងនោះរួមមានថាមពល ធនធានធម្មជាតិ ជួយអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធដល់សេចក្ដីត្រូវការខាងលើអគ្គិសនី ជំរុញកំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ!។
ខ).អំពាវនាវដល់គ្រប់មជ្ឈដ្ឋានរបស់អាមេរិក រួមទាំងបណ្ដាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ឱ្យបោះឆ្នោតប្រឆាំងទៅនឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនី ដែលមានទីតាំងស្ថិតនៅលើទន្លេមេរបស់ទន្លេមេគង្គ!។
គ).សហរដ្ឋអាមេរិក ត្រូវបង្កើនការសន្យាចូលរួមជាមួយបណ្ដាប្រទេសមេគង្គឆ្លងតាមរយៈLMI ព្រមទាំងបង្កើនការគាំទ្រមកលើវិស័យថាមពល និងសន្តិសុខទឹកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ឃ).អំពាវនាវដល់រដ្ឋាភិបាលអាមេរិក ឱ្យចូលរួមកាន់តែសកម្មក្នុងការដឹកនាំយន្តការLMI ព្រមទាំងយកចិត្តទុកដាក់ច្រើនជាងនេះមកលើលទ្ធភាពក្នុងការកសាងដល់បណ្ដាគម្រោងស្ដីពីថាមពលនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធទឹក!។
ង).អំពាវនាវដល់បណ្ដាប្រទេសដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គរួមទាំងចិនផង សូមឱ្យមានការគោរពដល់បណ្ដាប្រទេសដទៃទៀតដែលស្ថិតនៅក្នុងអាងទន្លេមេគង្គ ដោយស្នើសូមឱ្យមានការគោរពនិងយកចិត្តទុកដាក់មកលើអាម្មរណ៍ ការមិនពេញចិត្ត ភាពប្រឆាំងជំទាស់ ឬការបារម្ភណាមួយ ដែលមានពាក់ព័ន្ធដល់បណ្ដាគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គនោះ!។
ច).លើកទឹកចិត្តដល់ប្រទេសទាំងអស់ដែលជាសមាជិករបស់MRC សូមឱ្យមានការគោរពនិងប្រតិបត្តិនូវនីតិវិធីPNPCAឱ្យបានត្រឹមត្រូវ តាមបទដ្ឋានអន្តរជាតិ!។
ឆ).អំពាវនាវដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងចិន មានការកែសម្រួល និងមានកិច្ចសហប្រតិបត្តិការជាមួយMRC ដោយចូលរួមក្នុងការចែករំលែកនូវបណ្ដាព័ត៌មានទិន្នន័យទឹក និងសកម្មចូលរួមក្នុងRegional Decision Making Processes ក្នុងការអភិវឌ្ឍន៍និងការប្រើប្រាស់ទឹកទន្លេមេគង្គឱ្យមានប្រសិទ្ធផល និងប្រសិទ្ធភាព!។
បង្កើតអំណាចតុល្យការជាមួយចិននៅក្នុងតំបន់!
ការវិលត្រឡប់មកវិញក្នុងតំបន់អាស៊ីអាគ្នេយ៍របស់អាមេរិកឆ្លងតាមរយៈយន្តការLMIអាចនិយាយបានថា គឺជាលទ្ធផលនៃការបង្កើតអំណាចតុល្យការជាមួយចិន ដែលមួយថ្ងៃចិនកាន់តែពង្រីកនិងពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ហើយដែលបច្ចុប្បន្នេះចិនក៏មានឧត្តមភាពមកលើGreater Mekong Sub-Region បើប្រៀបធៀបទៅជាមួយអាមេរិកក្នុងវិស័យជាច្រើននោះ!។
ជាការពិត ចិនបានកាន់កាប់មកលើទន្លេឡានឆាង–មេគង្គមួយដ៏វែង ដែលក្នុងនោះចិនបានកសាងទំនប់វារីអគ្គិសនីធំៗដ៏ច្រើនលើទន្លេមេរបស់ទន្លេមេគង្គ ដែលសំណង់ទាំងនេះបានក្លាយទៅជាអាងស្ដុកទឹកនិងជារោងចក្រអគ្គិសនីរបស់ចិនទៅហើយ!។
ក្រៅអំពីសំណង់យុទ្ធសាស្រ្តទាំងនេះ ចិនក៏បានពង្រីកដោយជំរុញការកសាងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសSEZ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយទន្លេរបស់ឡាវ កម្ពុជា និងវៀតណាម ដែលតំបន់ទាំងអស់នេះ សំបូរទៅដោយធនធានមនុស្ស និងសម្បតិ្តធម្មជាតិដ៏មហាសាលរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ មានចរិតយូរអង្វែងសម្រាប់ការឈរជើងឱ្យកាន់តែរឹងមាំនៅទីនេះផង!។
ទន្ទឹមទៅនឹងអំណាចសេដ្ឋកិច្ច ចិនក៏មានអំណាចយោធាមួយដែលមានសិទ្ធិសេរីភាពពេញលេញ ក្នុងការធ្វើសកម្មភាពយាមល្បាតមកលើតំបន់មេគង្គក្រៅដែនដីចិនចាប់តាំងពីបណ្ដាឆ្នាំ២០១១មក ដែលសំដៅមកលើសកម្មភាពរួមគ្នាក្នុងការយាមល្បាត ការពារសន្តិសុខនៅតាមដងទន្លេមេគង្គ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិននៅទីនោះឱ្យមានសុវត្ថិភាពផង!។
ចិនបានប្រើប្រាស់នូវគ្រប់វិធានការដើម្បីអូសទាញផ្ទៃក្នុងពួកប្រទេសអាស៊ាន និងរវាងពួកប្រទេសមេគង្គក្រោមដូចគ្នា តាមររយៈផលប្រយោជន៍លើសមុទ្រចិនខាងត្បូង និងលើទន្លេមេគង្គ(Sic)!ដោយចិនពង្រឹងអំណាចធ្វើឱ្យពួកប្រទេសនៅក្នុងតំបន់ រួមទាំងពួកប្រទេសមេគង្គក្រោមផងដែរ លែងមើលឃើញសារសំខាន់របស់WB, IMF, ADB ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំរបស់អន្តរជាតិ ដែលអាមេរិកមានឥទ្ធិពលមកលើស្ថាប័នទាំងនេះនោះ! ដោយងាកមកធនាគារAIIB ឬជំនួយរបស់ចិនវិញម្ដង ដែលហិរញ្ញប្បទានទាំងអស់នេះពុំមានភ្ជាប់ទៅនឹងបណ្ដាលក្ខខណ្ឌអ្វីទាំងអស់នោះ!។
ទន្លេមេគង្គ អាចត្រូវបានប្រែក្លាយ ទៅជាបណ្ដាញដឹកជញ្ជូនមួយដ៏ធំ នៅក្នុងអនាគត!
នៅក្នុងអត្ថបទមួយរបស់កាសែត Courrier International ពាក់ព័ន្ធដល់ទ្វីបអាស៊ីនោះ បានចុះផ្សាយថា អាជ្ញាធរចិនមានបំណងចង់ប្រែក្លាយ ដងទន្លេមេគង្គមួយនេះ ទៅជាផ្លូវទឹកមួយក្នុងបណ្ដាញដឹកជញ្ជូនផ្លូវទឹក ក្នុងការចល័ត ដឹកជញ្ជូននូវរាល់ទំនិញ ផលិតផលរបស់ចិនចុះមកពួកប្រទេសនៅអាស៊ីអាគ្នេយ៍នេះឯង!។
នៅថ្ងៃទី ១៤ វិច្ឆិកា ២០១៥ អាជ្ញាធរចិនបានលើកឡើង ជាសំណើរក្នុងរបៀបវារៈ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងគោលបំណងកែលម្អ និងសម្រួលក្នុងការប្រាស្រ័យទាក់ទង និងសហប្រតិបត្តិការជាមួយបណ្ដាប្រទេស ដែលរួមស្ថិតនៅតាមដងទន្លេមេគង្គ ដូចជា ថៃ ភូមា ឡាវ កម្ពុជា និងវៀតណាម ដែលក្នុងកិច្ចប្រជុំដំបូងរវាងភាគីពាក់ព័ន្ធទាំងឡាយនាខែមីនា ២០១៦នោះ ភាគីចិនបានសន្យាក្នុងការផ្ដល់ជូននូវឥណទានប្រមាណ១,៣៥កោដ្ឋអឺរ៉ូ រួមទាំងការប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ជូននូវកម្ចីឥណទានសរុប មានរហូតដល់ទៅជិត៨៣,៧៥កោដិអឺរ៉ូ ដែលជាការវិនិយោគមួយមកលើសំណង់ ហេដ្ឋារចនាសម្ព័ន្ធធំៗ ព្រមទាំងការពង្រីក និងអភិវឌ្ឍន៍បណ្ដាញគមនាគមន៍ជាទូទៅនៅក្នុងតំបន់មេគង្គ ដែលក្នុងនោះរួមមានការកសាងប្រព័ន្ធផ្លូវដែក កំពង់ផែទឹកសាប និងការដឹកជញ្ជូនតាមផ្លូវអាកាសផងដែរ!។
ដើម្បីជាការសម្រេចឱ្យបាននូវបណ្ដាគោលដៅទាំងនេះដែលបានដាក់ចេញនោះ គឺចិនចាប់មានវិធានការក្នុងការដាក់ចេញជាច្រើនរួមមានការសិក្សា រុករក ការពង្រីកទៅតាមដងទន្លេ ដែលក្នុងនោះក៏រួមមានទាំងការប្រើប្រាស់ជាតិផ្ទុះបំផ្លាញថ្មនៅក្នុងបាតទន្លេ និងបណ្ដារបាំងថ្មនៅលើទន្លេ ដែលជាការធានាឱ្យកប៉ាល់មានទំហំ៥០០តោនអាចធ្វើដំណើរនាវាចរណ៍ទៅមកបានដោយងាយស្រួល ដែលបច្ចុប្បន្នមានតែកប៉ាល់ទំហំពី១០០ទៅ២០០តោនទេ ដែលអាចធ្វើដំណើរចរាចរណ៍ទៅមកបាននោះ!។
តាមការអះអាងរបស់កាសែត Bangkok Post ឱ្យដឹងថា ផែនការកែលម្អលទ្ធភាព គមនាគមន៍ទៅមកលើ ដងទន្លេមេគង្គត្រូវបានពួកសេដ្ឋីជនជាតិចិន យកចិត្តទុកដាក់ក្នុងបណ្ដាឆ្នាំ២០០០មកម្ល៉េះ!តែរង់ចាំរហូតដល់គម្រោងសហប្រតិបតិ្តការឡានឆាង-មេគង្គកើតចេញជារូបរាងនិងបានលើកឡើងជាសំណូមពរនោះ ទើបប្រជាជនថៃនិយាយដោយឡែក និងប្រជាជននៅក្នុងតំបន់មេគង្គទាំងមូលនិយាយជារួម បានដឹងអំពីផែនការសកម្មភាពនេះទាំងអស់!។
ក្នុង២០ឆ្នាំកន្លងមកនេះ អាជ្ញាធរចិនបានកសាងទំនប់់វារីអគ្គិសនី យ៉ាងច្រើននៅលើទន្លេមេរបស់ទន្លេមេគង្គ ដែលការកសាងនេះមើលទៅដូចជារបាំងមួយក្នុងការធ្វើឱ្យកម្រិតទឹកមានការហូរខុសពីធម្មតា ក្នុងការហូរចុះមកតំបន់មេគង្គក្រោម ដែលចរន្តទឹកហូរខុសពីធម្មតាមួយនេះ ជាលទ្ធផលបានធ្វើឱ្យមច្ឆាជាតិជាច្រើនបាត់ផុតពូជក្នុងទន្លេ ការដាំដុះចំការ និងកសិកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយដងទន្លេមេគង្គក៏ជួបប្រទះទៅនឹងឧបទ្ទវហេតុដ៏ចម្លែកច្រើន ដោយការខ្វះទឹក ភាពរីងស្ងួត និងទឹកជន់ មកពីទ្វារទឹកមានសកម្មភាពមិនប្រក្រតី(Sic)!។
ទន្ទឹមទៅនឹងគម្រោងគមនាគមន៍ដឹកជញ្ជូនផ្លូវទឹក លើទន្លេមេគង្គនេះ ភាគីចិនក៏បានឆ្លៀតឱកាសនេះពង្រីកកសាងបណ្ដាញផ្លូវគោករត់ទៅតភ្ជាប់ជាមួយថៃ ដោយផ្លូវល្បឿនលឿន(Highway R3A) ដែលផ្លូវល្បឿនលឿនេះរត់ឆ្លងកាត់ប្រទេសឡាវ និងស្ពានមិត្តភាពទី៤ (២០១៣) តភ្ជាប់រវាងថៃនិងឡាវ ហើយដែលផ្លូវល្បឿនលឿនមួយបានរត់រហូតទៅដល់ខេត្ត គុនមីង របស់ចិន រួចទៅតភ្ជាប់កំពង់ផែពាណិជ្ជកម្មថ្មីមួយ (២០១១) នៅក្នុងតំបន់ Chiang Seam របស់ថៃទៅ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានរួមចំណែកយ៉ាងវិជ្ជមានក្នុងការជួយជំរុញនិងលើកកម្ពស់នូវទំនាក់ទំនងពាណិជ្ជកម្មនៅតាមបណ្ដោយព្រំដែន ឱ្យកាន់តែមានភាពផុសផុល និងមានប្រសិទ្ធផលខ្ពស់ ដែលបរិបទមួយនេះក៏អាស្រ័យទៅដោយមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម វាងចិន និងអាស៊ាន ដែលក្របខណ្ឌមួយនេះចាប់ចូលជាធរមានតាំងពីបណ្ដាឆ្នាំ២០១០មកម្ល៉េះ!។
ដោយចិនជាប្រទេសមួយធំ មានវិសាលភាពភូមិសាស្រ្តទូលំទូលាយ ហើយមានទម្ងន់ទាំងនយោបាយដល់សេដ្ឋកិច្ច ដែលអំណាចមួយនេះបានគ្របដណ្ដប់មកលើពួកប្រទេសភូមិផងនៅក្នុងតំបន់ជាក់ស្ដែង គឺឥទ្ធិពលនយោបាយមួយនេះបានឆ្លងតាមរយៈគម្រោងផ្លូវមួយខ្សែក្រវាត់មួយ –BRI ដែលក្នុងផែនការBRIមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធច្រើនត្រូវបានកសាងឡើង កកើតទៅបណ្ដាញគមនាគមន៍ផ្លូវដែក ផ្លូវទឹក និងផ្លូវគោកជាមួយគ្នានេះដែរ ដែលផ្លូវទាំងអស់នេះបានតភ្ជាប់ទៅជាខឿនសេដ្ឋកិច្ចចិន ទៅនឹងតំបន់អាស៊ី–អឺរ៉ុបផង!។
ក្នុងចន្លោះពីបណ្ដាឆ្នាំ ២០១០ដល់២០១៨ បរិមាណនៃការបណ្ដាក់ទុន របស់ចិនចូលមកអាស៊ានបានកើនឡើងជាង២០០% ដែលក្នុងនោះ ទន្លេមេគង្គនៅតែជាផ្លូវមួយដ៏សំខាន់ក្នុងការតភ្ជាប់តំបន់ភាគខាងត្បូងរបស់ចិនជាមួយអាស៊ីអាគ្នេយ៍ដដែល។ ជារួម ពួកវិនិយោគចិនមានការពេញចិត្ត និងការចាប់អារម្មណ៍ខ្លាំងមកលើធនធានធម្មជាតិដ៏មហាសាល និងស្រទាប់វណ្ណៈមធ្យមកាន់តែសំបូរមានច្រើនទៅក្នុងសង្គមអាស៊ី ដែលនេះជាបច្ច័យមួយដ៏វិជ្ជមានក្នុងការធានាដល់សក្តានុពល Consumption ដ៏ធំនៅក្នុងតំបន់មួយនេះ!។
ក្នុងបរិបទមួយនេះ ទើបគេឃើញមានគម្រោងអភិវឌ្ឍន៍ដ៏ច្រើនរបស់ចិន មាននៅក្នុងប្រទេសភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម ទាក់ទងដល់រ៉ែ វារីអគ្គិសនី និងកសិដ្ឋានល.ល…។
វៀតណាម ផុងខ្លួននៅក្នុងចន្លោះ នៃបញ្ហាសមុទ្រចិនខាងត្បូង និងទន្លេមេគង្គ!
ក្នុងរាល់ដំណើរទស្សនកិច្ច របស់បណ្ដាថ្នាក់ដឹកនាំអាមេរិក មកកាន់ប្រទេសវៀតណាម សុទ្ធតែបានគិតគូរជាមុន! ហើយក្នុងចំណោមពួកប្រទេសអាស៊ានទាំង១០ មានប្រទេសពីរគឺសិង្ហបុរី និងវៀតណាម ត្រូវបានចាត់ទុកថាជាប្រទេសដែលមានតួនាទី និងមុខងារយុទ្ធសាស្រ្តស្ថិតនៅក្នុងចក្ខុវិស័យនៃឥណ្ឌូប៉ាស៊ីហ្វិក ទាំងបច្ចុប្បន្ន និងក្នុងអនាគត!ព្រោះក្នុងគ្រប់ជំហាន សហរដ្ឋអាមេរិកចង់អូសទាញវៀតណាមដោយលួងលោមធ្វើយ៉ាងណាឱ្យវៀតណាមមើលឃើញជាហានិភ័យក្នុងយុទ្ធសាស្រ្ត ដោយឯកភាពរួមជាមួយអាមេរិកបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យទៅជាដៃគូយុទ្ធសាស្រ្ត-Strategic Partnership! ទើបអាមេរិកជានិច្ចអះអាងថានឹងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះវៀតណាមលើបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាទន្លេមេគង្គ!
ក្នុងបរិបទនយោបាយ ការអះអាង និងសន្យាមួយនេះ បានក្លាយទៅជាបញ្ហា របស់នៃកត្តាសត្យានុម័ត គឺនៅពេលដែលទំនាក់ទំនងអាមេរិក-ចិន កាន់តែអាក្រក់ទៅៗ គឺពេលនោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអាមេរិក-វៀតណាមកាន់តែល្អឡើងៗ ដែលកត្តាមួយនេះ បានធ្វើឱ្យទំនាក់ទំនងចិន-វៀតណាម កាន់តែមានភាពរសើបទៅៗនៅលើក្ដារអុកនយោបាយ និងនៅក្នុងយុទ្ធសាស្រ្តអាមេរិក-ចិន-វៀតណាម ក្នុងបរិបទតំបន់!។
សករាជរបស់ត្រាំ បានផុតរលត់ទៅ វិលមកសម័យកាលដឹកនាំរស់ បៃដិនម្ដង ដែលអ្នកទាំងពីរនេះមានចក្ខុវិស័យអំពីចិនដូចគ្នា! គ្រាន់តែបៃដិនមិនប្រឆាំងចិនម្នាក់ឯង តែបានបបួល ប្រមូលផ្ដុំ កកើតទៅជាកម្លាំងចម្រុះមួយប្រឆាំងដូចករណីយន្តការQuad ក្រោយមកក៏មាន Aukus ដែលអាចរួមមានពួកប្រទេសអាស៊ានមួយចំនួនផង បបួលឱ្យចូលទៅក្នុងយន្តការយោធាទាំងនេះ!។
សមុទ្រចិនខាងត្បូង និងទន្លេមេគង្គ ជាឆ្អឹងជាប់ពាក់កណ្ដាលក ររបស់វៀតណាម!
មូលហេតុចម្បងដែលវៀតណាមមើលឃើញQuad, Aukus, NATO, EU ឬយន្តការយោធារបស់ពួកលោកខាងលិច ដោយវៀតណាមមានសុបិន ជាយុទ្ធសាស្រ្តដូចក្រុមទាំងនេះក្នុងការទប់ស្កាត់ រារាំង និងប្រឆាំងទៅនឹងអំណាច ឥទ្ធិពលរបស់ចិនទាំងក្នុងតំបន់ និងលើពិភពលោកដូចគ្នា! ហើយពិសេសគឺវៀតណាមធ្លាប់មានប្រវត្តិសាស្រ្តជូរចត់ក្នុងរាប់រយពាន់ឆ្នាំជាមួយចិន!តែចំពោះពួកអ្នកយុទ្ធសាស្រ្តនយោបាយវិញ បានមើលឃើញក្នុងកត្តាបណ្ដាសារភូមិសាស្រ្តវិញថា ការរីកធំធាត់ ការងើបឡើងរបស់ចិន គឺជាឧបសគ្គនយោបាយមួយដ៏ធំ ក្នុងការរារាំងមិនឱ្យឥទ្ធិពលរបស់វៀតណាមមានលទ្ធភាពវាតទីមកទិសខាងកើតទៀត!គឺបន្តរីករាលដាលចូលមកលើដែនដីឡាវនិងទឹកដីកម្ពុជាទៀត! និយាយជារួម ពួកអ្នកយុទ្ធសាស្រ្តយោធាវិញបានធ្វើការកំណត់់ដោយអះអាងថា ការងើបឡើងរបស់ចិនក្នុងគ្រប់វិស័យគឺជាភេរវសញ្ញាមួយប្រកាសឱ្យដឹងថា ផែនការសហព័ន្ធឥណ្ឌូចិនដែលវៀតណាមបានកសាងឡើងតាំងពីបណ្ដាឆ្នាំ១៩៣០មកលើឡាវ និងកម្ពុជា ត្រូវបានទទួលមរណភាពជាផ្លូវការចាប់ពីសករាជនេះតទៅ បន្ទាប់ពីផ្លូវរទេះភ្លើងរត់ពីគុនមីងមកកាន់រដ្ឋធានីវៀងច័ន្ទ និងរមណីយដ្ឋានអេកូទេសចរណ៍តារាសាគរ ត្រូវបានកសាងចប់ជាស្ថាពរហើយនោះ!។
នៅក្នុងបរិបទនៃការជាប់ផុងជាយុទ្ធសាស្រ្តក្នុងសមុទ្រចិនខាងត្បូង និងទន្លេមេគង្គ ក្នុងករណីបើ វៀតណាមចង់លេងសន្លឹកបៀរពីរនេះប្រឆាំងចិន ក្រោមខ្សែញាក់របស់អាមេរិកនោះ បានបង្ខំឱ្យវៀតណាមត្រូវមានការថ្លឹងថ្លែង ប្រុងប្រយ័ត្នខ្ពស់ក្នុងការជ្រើសរើសយកម្ខាងអាមេរិកនិងម្ខាងចិន! ព្រោះបើទោះបីជាមជ្ឈដ្ឋានអាមេរិកបានធ្វើគ្រប់បែបយ៉ាងដើម្បីអូសទាញវៀតណាមឱ្យឈរក្នុងជួរជាមួយអាមេរិកក៏ដោយ ក៏វៀតណាមតែងតែមានការបារម្ភ៣យ៉ាងចំពោះមុខ និងយូរអង្វែងចំពោះប្រតិកម្មក្នុងការខឹងសម្បាររបស់ចិនមកលើវៀតណាមក្នុងគ្រប់កាលៈទេសៈដូចជាទីមួយ.ចិនអាចសងសឹក ដែលការវាយបកសងសឹកនេះមានការខាតបង់ធំធេងជាងការបានប្រយោជន៍ពីអាមេរិក ទីពីរ.ដើម្បីផលប្រយោជន៍សួនតួអាមេរិកអាចបោះបង់ចោលវៀតណាម បន្តចាប់ដៃជាមួយចិនដូចករណីដែលអាមេរិកធ្លាប់បានធ្វើកន្លងមក និងទីបី.ទាំងចិន ទាំងអាមេរិកអាចធ្វើឱ្យរបបនយោបាយ និងសេដ្ឋកិច្ចរបស់វៀតណាមមានការប្រែប្រួលឬក្រឡាប់ចាក់បានដោយយថាភាពទោះក្នុងកាលៈទេសៈណាមួយក៏ដោយ !៕
ដោយ ហើស សិរីធន់