ពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលប្រារព្ធធ្វើមួយឆ្នាំម្តង នៅដើមខែវិច្ឆិកា ជាវេទិកាដ៏សំខាន់មួយ ដែលផ្តួចផ្តើមនិងជំរុញផ្ទាល់ ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយ របស់រដ្ឋាភិបាលចិន សម្រាប់ជំរុញការបើកទូលាយជុំថ្មី របស់ប្រទេសចិន និងជាវិធានការដ៏សំខាន់ ដែលប្រទេសចិនបើកទូលាយទីផ្សារ ដោយម្ចាស់ការចំពោះពិភពលោក ដោយបានគួបផ្សំយ៉ាងស៊ីចង្វាក់គ្នា ជាមួយគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលជាការចែករំលែកធនធានទីផ្សារ និងកាលានុវត្តភាព នៃការអភិវឌ្ឍរបស់ប្រទេសចិន ជាមួយពិភពលោកទាំងមូល ។
៣ ឆ្នាំកន្លងមក ពិព័រណ៍នាំចូលចិនអន្តរជាតិ ទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ពិសេសបើទោះបី ជាស្ថិតក្នុងបរិបទជំងឺកូវីដ ១៩ ក្តី តែពិព័រណ៍នេះនៅតែបានដំណើរការ យ៉ាងរលូនក្រោមការគាំទ្រ និងការចូលរួមយ៉ាងសកម្ម ពីសំណាក់ប្រទេស និងតំបន់ជាមិត្ត ជាដៃគូរបស់ចិន នៅទូទាំងពិភពលោក ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់សហគមន៍អន្តរជាតិ ក្នុងការគាំពារពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការបើកទូលាយទីផ្សារ ។
ជាក់ស្តែង តាមទិន្នន័យ របស់ក្រសួងពាណិជ្ជកម្មចិន នៅ ៣ ត្រីមាសដើមឆ្នាំ ២០២១ នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិន ជាមួយអាស៊ានត្រូវជា ៤.០៨ ទ្រីលានយាន់ ប្រាក់ចិន កើនឡើង ២១.១% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២០ ពោលគឺអាស៊ាន នៅតែស្ថិតក្នុងឋានៈជា ដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន ដែលមានអនុបាត ១៤.៤% ក្នុងទីផ្សារចិន ។
ជាពិសេសនៅក្នុងឆ្នាំ ២០២០ កន្លងទៅ បើទោះបីជារងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ ១៩ ក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិននៅតែបន្តកើនឡើង ១.៤% ដដែល ពោលគឺសម្រេចបាន ៩,៥៦០ លានដុល្លារអាមេរិក ។ ដោយឡែក បើតាមការបញ្ជាក់ របស់លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងចិន សម្រេចបានជិត ៥,០០០ លានដុល្លារអាមេរិក កើនឡើង ៣១% ក្នុងរយៈពេលខែ ៦ ដើមឆ្នាំ ២០២១ នេះ ។
អស់កាលជាយូរកន្លងមក ដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុប គឺសហរដ្ឋអាមេរិក ប៉ុន្តែក្នុងបរិបទជំងឺកូវីដ ១៩ និងក្រោមការជំរុញ នៃគោលនយោបាយកំណែទម្រង់ និងបើកទូលាយក្នុងកម្រិតខ្ពស់ របស់ប្រទេសចិន នៅឆ្នាំ ២០២០ កន្លងទៅនេះ ប្រទេសចិន បានជំនួសឱ្យសហរដ្ឋអាមេរិក ក្លាយទៅជាដៃគូ ពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុប ដោយក្នុងនោះប្រទេសចំនួន ២៧ នៅសហភាពអឺរ៉ុប បាននាំចូលទំនិញចិនក្នុងតម្លៃ ៣៨៣,៥០០ លានអឺរ៉ូ កើនឡើង ៥.៦% ចំណែកប្រទេសចិន បាននាំចូលទំនិញពីសហភាពអឺរ៉ុប ក្នុងទំហំ ២០២,៥០០ លានអឺរ៉ូ កើនឡើង ២.២ % ។
ជាពិសេសគឺនៅខែកញ្ញា ឆ្នាំ២០២០ ប្រទេសចិននិងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងស្តីពី ផលិតផលសម្គាល់ភូមិសាស្ត្រ ទំនិញរវាងចិននិងអឺរ៉ុប» ដែលជាកម្លាំងចលករថ្មី សម្រាប់ជំរុញផលិតផលកសិកម្ម គុណភាពខ្ពស់របស់ភាគីទាំងពីរ ឱ្យចូលទៅទីផ្សាររបស់គូភាគី ដោយកាន់តែងាយស្រួល និងឆាប់រហ័ស ដែលបាននាំមកនូវផលប្រយោជន៍ថ្មី ជូនដល់ប្រជាជន នៃភាគីទាំងពីរ ។
បច្ចុប្បន្ន កសិផលជាច្រើនរបស់ប្រទេសកម្ពុជា បានបង្ហាញវត្តមានក្នុងទីផ្សារចិន និងទទួលបានការពេញនិយម ពីសំណាក់អ្នកប្រើប្រាស់ចិន ។ ផលិតផលកសិកម្មកម្ពុជា បានក្លាយជាអាហារដ៏មានឱជារស នៅលើតុអាហារ របស់ជនជាតិចិនទូទៅ ពោលគឺផលិតផល សម្គាល់ភូមិសាស្ត្រទំនិញ របស់កម្ពុជាទាំងនេះ បានរួមចំណែកដល់ការផ្សព្វផ្សាយ កេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅក្នុងប្រទេសចិន ។
ជាការពិតណាស់ យើងអាចប្រមើលឃើញថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិនចូលជាធរមាន នឹងមានផលិតផលរបស់កម្ពុជា កាន់តែច្រើនឡើងៗចូលទៅទីផ្សារចិន ដែលនឹងញ៉ាំងឱ្យប្រជាជនចិន កាន់តែច្រើនឡើងៗ បានស្គាល់ពីផលិតផលខ្មែរ ដែលមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងរឹតបន្តឹងចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា និងចិនទៀតផង ។
គ្មានអ្វីគួរឱ្យសង្ស័យឡើយ ទីផ្សាររបស់ប្រទេសចិន គឺប្រកបដោយសក្តានុពលដ៏ធំធេង ដែលមិនអាចមើលរំលងបាន ដែលហាក់ដូចជាមេដែក ក៏មានកម្លាំងទាក់ទាញ ដែលកំពុងស្រូបទាញក្រសែចក្ខុ របស់វិនិយោគិននៃបណ្តាប្រទេសនានា លើពិភពលោក ។ ស្របនឹងការធ្វើឱ្យមានសុក្រឹតភាព ជាបន្តបន្ទាប់នូវច្បាប់ វិនិយោគរបស់ចិន បរិយាកាសពាណិជ្ជកម្ម និងវិនិយោគរបស់ចិន មានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលនឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ កាន់តែច្រើនថែមទៀត សម្រាប់ចែករំលែក ជាមួយពិភពលោក ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ដែលបានលើកឡើងថា «ប្រទេសចិនរីករាយរួមសហការ ជាមួយបណ្តាប្រទេសនានា ដើម្បីបង្កើតកាលានុវត្តភាពថ្មី តាមរយៈការបើកទូលាយ ដោះស្រាយបញ្ហាលំបាក តាមរយៈកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាដើម្បីបង្កើតអនាគត កាន់តែល្អបវរ របស់មនុស្សជាតិទាំងមូល!» ៕ (ដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)