វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោក Ned Price បាននិយាយនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងការហៅទូរស័ព្ទ ដោយបានជំរុញ ឱ្យមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធប្រទេសស៊ូដង់ គឺ ឧត្តមសេនីយ Abdel Fattah al-Burhan ដោះលែងអ្នកទោស និងស្ដាររដ្ឋាភិបាល ដែលដឹកនាំដោយជនស៊ីវិលវិញ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Price បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា “លោករដ្ឋមន្រ្តីបានជំរុញ ឱ្យឧត្តមសេនីយ៍ Burhan ដោះលែងភ្លាមៗ នូវឥស្សរជននយោបាយទាំងអស់ ដែលត្រូវបានឃុំខ្លួន ចាប់តាំងពីថ្ងៃទី 25 ខែតុលា ហើយត្រលប់ទៅរកការសន្ទនា ដើម្បីប្រគល់អំណាច ដល់នាយករដ្ឋមន្រ្តី [Abdalla] Hamdok ឱ្យឡើងកាន់តំណែង និងស្ដារអភិបាលកិច្ចដឹកនាំ ដោយស៊ីវិលនៅក្នុង ប្រទេសស៊ូដង់វិញ” ។
នៅក្នុងការហៅទូរស័ព្ទដាច់ដោយ ឡែកមួយទៀតជាមួយលោក Hamdok លោក Blinken បានសង្កត់ធ្ងន់លើសារដូចគ្នានេះ ហើយបានបញ្ជាក់ថា ការវិលត្រឡប់ទៅកាន់ការផ្លាស់ប្តូរ លទ្ធិប្រជាធិបតេយ្យ របស់ប្រទេសស៊ូដង់ នឹងអនុញ្ញាតឱ្យមានការចាប់ផ្តើមឡើងវិញនូវភាព ជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ ។
សូមជម្រាបថា កាលពីថ្ងៃទី 25 ខែតុលា លោក Hamdok និងសមាជិករដ្ឋាភិបាលមួយចំនួនទៀតត្រូវបានចាប់ខ្លួនដោយយោធា។ នៅថ្ងៃដដែលនោះ លោក al-Burhan ដែលជាប្រធានក្រុមប្រឹក្សា អធិបតេយ្យរបស់ប្រទេសស៊ូដង់ ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងរំលាយក្រុមប្រឹក្សា និងរដ្ឋាភិបាលនៃប្រទេសនេះ ៕
ប្រែសម្រួលៈ ណៃ តុលា