បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានដល់ពលរដ្ឋ អាមេរិកទាំងអស់ នៅក្នុងប្រទេសអេត្យូពីថា ពួកគេគួរតែចាកចេញ ពីប្រទេសនោះឲ្យបានឆាប់ តាមដែលអាចទៅរួច ដោយសារតែការប្រយុទ្ធគ្នា រវាងកងកម្លាំងរដ្ឋាភិបាល និងពួកបះបោរនៅតំបន់ Tigray។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រយុទ្ធគ្នាកំពុងតែប្រព្រឹត្តទៅរវាងភាគីទាំងពីរ អស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយមកទល់ពេលបច្ចុប្បន្ននេះ ជម្លោះនេះបានសម្លាប់ប្រជាជប្រមាណ១០.០០០នាក់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសអេត្យូពី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា “បរិយាកាសសន្តិសុខនៅក្នុងប្រទេសអេត្យូពី គឺផុតស្រួយខ្លាំង យើងណែនាំពលរដ្ឋសហរដ្ឋអាមេរិក ដែលនៅក្នុងប្រទេសអេត្យូពី ឲ្យធ្វើដំណើរចាកចេញពីប្រទេសនោះឲ្យបានឆាប់តាមដែលអាចទៅរួច”។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងពីការចាកចេញដោយស្ម័គ្រចិត្តរបស់បុគ្គលិករដ្ឋាភិបាល និងបានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋអាមេរិក មិនឲ្យធ្វើដំណើរទៅកាន់ប្រទេសអេត្យូពី៕
ប្រែសម្រួល៖ប៉ាង កុង