បរទេស៖ អជ្ញាធរជាតិនៅក្នុងរដ្ឋធានីក្រុង Delhi កាលពីថ្ងៃសៅរ៍បានប្រកាសអាសន្ន ចំពោះការផ្ទុះឡើងសាជាថ្មី នៃករណីវិរុស Zika នៅក្នុងរដ្ឋក្បែរខាង Uttar Pradesh ។
គិតត្រឹមថ្ងៃសៅរ៍ប៉ុណ្ណោះករណីវិរុស Zika មានចំនួនដល់ទៅ ១៣ករណីក្នុងរដ្ឋ Uttar Pradesh ដែលបានធ្វើឲ្យចំនួនករណី ឆ្លងសរុបមានទៅដល់ ៧៩ករណី មកហើយគិតត្រឹមរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានអះអាងថា មកដល់ពេលនេះក្រមការងារ កំពុងតែធ្វើការតាមឃ្លាំមើលទៅ លើវិវត្តនៃការរីករាលដាលនេះ បន្ថែមទៀតពីព្រោះថា រដ្ឋនេះមានទីតាំងជាប់ ទៅនឹងរដ្ឋធានីហើយមនុស្សរាប់ពាន់នាក់ កំពុងធ្វើចរាចរជារៀងរាល់ថ្ងៃឆ្លងកាត់ ។
គួរឲ្យដឹងដែរថា ក្រៅពីនោះមន្ត្រីពេទ្យរដ្ឋ ទាំងអស់បានប្រកាសដាក់អាសន្នផងដែរ និងបន្តតាមដានយ៉ាងម៉ត់ចត់ ចំពោះករណីនេះ។
វិរុស Zika គឺជាវិរុសដែលឆ្លង តាមរយៈមូសខាំដែលត្រូវបាន រកឃើញវត្តមានដំបូង កាលពីឆ្នាំ១៩៤៧ ប៉ុន្តែមិនត្រូវបានគេទទួលស្គាល់ថា ជាវិរុសដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រព័ន្ធសុខាមាលភាព របស់សកលឡើយរហូតដល់ ពេលវាបានផ្ទុះឡើងខ្លាំងម្តងទៀត កាលពីឆ្នាំ២០១៥ នៅក្នុងប្រទេសប្រេស៊ីល ដែលគ្រានោះវាបានបង្កបញ្ហាធ្ងន់ធ្ងរ ដល់ការបង្កកំណើតថ្មី របស់ទារកហើយ Zika ត្រូវបានរាយការណ៍ដំបូង ក្នុងប្រទេសឥណ្ឌា កាលពីឆ្នាំ២០១៧ ៕
ប្រែសម្រួល៖ ស៊ុន លី