BBC ៖ តុលាការឧទ្ធរណ៍ របស់សហរដ្ឋអាមេរិក បានរារាំងជាបណ្តោះអាសន្ន នូវផែនការរបស់ប្រធានាធិបតី ចូ បៃដិន សម្រាប់កាតព្វកិច្ចវ៉ាក់សាំង សម្រាប់អាជីវកម្ម ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ច្បាប់នេះនឹងតម្រូវឱ្យកម្មករ នៅក្រុមហ៊ុនឯកជន ដែលមាននិយោជិត លើសពី 100 នាក់ ចាក់វ៉ាក់សាំងពេញ លេញប្រឆាំងនឹង Covid-19 ឬត្រូវធ្វើតេស្តរៀងរាល់សប្តាហ៍។
ប៉ុន្តែតុលាការបានរកឃើញបញ្ហា “ច្បាប់ និងធម្មនុញ្ញធ្ងន់ធ្ងរ” ជាមួយនឹងច្បាប់ ដែលនឹងត្រូវដាក់ឱ្យប្រើនៅខែមករា។ តុលាការបាននិយាយថា ខ្លួនកំពុងព្យួរបញ្ជាកាតព្វកិច្ច ហើយផ្តល់ឱ្យរដ្ឋបាល លោក បៃដិន រហូតដល់ថ្ងៃច័ន្ទ ដើម្បីឆ្លើយតប។
សូមជម្រាបថា រដ្ឋចំនួន ៥ ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រួមមាន រដ្ឋ តិចសាស់ រដ្ឋ ល្វីស៊ីយ៉ាណា រដ្ឋ មីស៊ីស៊ីពី រដ្ឋសៅខារ៉ូលីណា និង រដ្ឋ យូថាហ៍ ក៏ដូចជាក្រុមហ៊ុនឯកជន និងក្រុមសាសនា បានប្តឹងតវ៉ាផ្លូវច្បាប់ប្រឆាំង នឹងវ៉ាក់សាំងកាតព្វកិច្ចនេះ។ ពួកគេបានចោទប្រកាន់ លោកប្រធានាធិបតីថា បានហួសអំណាចរបស់លោក ៕
ប្រែសម្រួលៈ ណៃ តុលា