ព័ត៌មានអន្តរជាតិ

មន្ត្រីសន្តិសុខអ៊ីរ៉ាក់៖ កងជីវពលគាំទ្រ ដោយអ៊ីរ៉ង់ជាអ្នក នៅពីក្រោយការវាយប្រហារ លើនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់

បរទេស៖ មន្ត្រីសន្តិសុខអ៊ីរ៉ាក់ និងប្រភពជិតស្និទ្ធ នឹងពួកកងជីវពលនានា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារដោយកូនដ្រូន ប្រដាប់អាវុធ ដែលផ្តោតគោលដៅលើ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នៅផ្ទះរបស់លោក កាលពីថ្ងៃអាទិត្យ គឺធ្វើឡើង យ៉ាងហោចដោយក្រុមកងជីវពលមួយ ដែលគាំទ្រដោយអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន Alarabiya News នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រភពដែលនិយាយប្រាប់ ដល់ទីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃចន្ទនេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា កូនដ្រូននិងគ្រាប់បែក ដែលគេប្រើប្រាស់ នៅក្នុងការវាយប្រហារនោះ គឺត្រូវបានផលិតដោយអ៊ីរ៉ង់។

មន្ត្រីនាំពាក្យឲ្យក្រុមយោធា ប៉ារ៉ា ដែលមានសម្ពន្ធភាពជាមួយអ៊ីរ៉ង់ នៅពេលភ្លាមៗនេះ បានធ្វើការបដិសេធ មិនផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីការវាយប្រហារនោះ និងអំពីអ្នកដែលធ្វើវា ចំណែកក្រុមគាំទ្រ ដោយអ៊ីរ៉ង់ផ្សេងទៀត នៅពេលភ្លាមៗនេះ មិនអាចទំនាក់ទំនង សុំការអត្ថាធិប្បាយបានទេ ហើយក៏គ្មានសេចក្តីអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលក្នុងទីក្រុងតេអេរ៉ង់ដែរ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ គឺលោក Mustafa al-Kadhimi បានគេចផុតដោយគ្មានគ្រោះថ្នាក់ ពីការវាយប្រហារទៅលើ គេហដ្ឋានរបស់លោក ស្ថិតនៅក្នុងទីក្រុងបាដាត ដែលត្រូវបានគេធ្វើឡើង ដោយប្រើប្រាស់កូនដ្រូន បំពាក់ដោយគ្រាប់បែក៕

ប្រែសម្រួល៖ប៉ាង កុង

To Top