បរទេស៖ ក្រុមរដ្ឋាភិបាលសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានធ្វើការព្យួរចោលជាអន្លើៗ នូវកិច្ចការសម្រួលទិដ្ឋាការ សម្រាប់មន្ត្រីបេឡារុស ដើម្បីជាការឆ្លើយតប ចំពោះការវាយប្រហារ ដែលទីក្រុងព្រួចសែលនិយាយថា ទីក្រុង Minsk កំពុងតែធ្វើការជំរុញឲ្យ ជនអន្តោប្រវេសន៍ ឆ្លងព្រំដែនជាប់ប្រទេសប៉ូឡូញ និងលីទុយអានី។
សហភាពអឺរ៉ុប បានចោទប្រកាន់ប្រទេសបេឡារុស ពីបទជំរុញលើកទឹកចិត្ត ជនអន្តោប្រវេសន៍ មកពីតំបន់មជ្ឈិមបូព៌ា ប្រទេសអាហ្វហ្គានីស្ថាន និងអាហ្វ្រិក ឲ្យឆ្លងព្រំដែនចូលមកក្នុងតំបន់សហគមន៍អឺរ៉ុប ក្នុងដំណើរសងសឹង ចំពោះទណ្ឌកម្ម ដែលដាក់លើទីក្រុង Minsk ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍មួយ ពីក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលតំណាងឲ្យប្រទេស ជាសមាជិកសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ការសម្រេចចិត្តនេះ គឺជាការឆ្លើយតប ចំពោះការវាយប្រហារ ដែលកំពុងតែកើតមានធ្វើឡើង ដោយរបបបេឡារុស”។
សេចក្តីថ្លែងការណ៍ដដែលនេះ ក៏បាននិយាយបន្តថា ចំណាត់ការនេះ នឹងធ្វើឲ្យប៉ះពាល់ដល់មន្ត្រីបេឡារុស និងមិនធ្វើឲ្យមានការស្មុគស្មាញដល់ដំណើរការទិដ្ឋាការដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន សម្រាប់ពលរដ្ឋសាមញ្ញធម្មតា។
គួរបញ្ជាក់ថា ជនអន្តោប្រវេសន៍រាប់ពាន់នាក់ កំពុងតែបោះជំរុំនៅជិតព្រំដែនប្រទេសបេឡារុស ជាប់ប្រទេសប៉ូឡូញ ក្នុងអាកាសធាតុដ៏ត្រជាក់ ស្របពេលដែលអាជ្ញាធរប៉ូឡូញ នៅថ្ងៃអង្គារនេះ បានធ្វើការបិទច្រកព្រំដែន ព្រោះតែមានការប៉ះទង្គិចគ្នាថែមទៀត ជាមួយប្រជាជនដែលប៉ុនប៉ងឆ្លងព្រំប្រទល់៕
ប្រែសម្រួល៖ប៉ាង កុង