ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់និងអាល្លឺម៉ង់ អំពាវនាវឲ្យមានទំនាក់ទំនង កាន់តែខ្លាំងក្លាឡើង

តេហរ៉ង់៖ រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីរ៉ង់ លោក Hossein Amir Abdollahian និងសមាសភាគី ខាងអាល្លឺម៉ង់ លោក Heiko Maas បានធ្វើការលើកឡើងរួមគ្នា ក្នុងការដករបាំងឧបសគ្គ ចេញហើយបន្តពង្រីកចំនងទំនាក់ទំនង ទ្វេភាគី រវាងគ្នានិងក៏ដូចជាចូលរួម សហការគ្នាដោះស្រាយ បញ្ហាអន្តរជាតិផងដែរ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃអង្គារបានបញ្ជាក់ទៀតថា កិច្ចសន្ទនាគ្នារវាងរដ្ឋមន្ត្រីទាំងពីរ គឺបានធ្វើឡើងក្រោមការគូសបញ្ជាក់ ពីសំណាក់ លោក Abdollahian ក្នុងអំឡុងពេលដែលលោក បានហៅទំនាក់ទំនង រវាងគ្នាថាជាប្រវត្តិសាស្ត្រ រវាងរដ្ឋាភិបាលតេហរ៉ង់ និងរដ្ឋាភិបាលក្រុងប៊ែរឡាំង និងកំពុងបន្តឆ្ពោះ ទៅមុខបន្ថែមទៀត។

ជាការឆ្លើយតបផងដែរលោក Maas ក៏បានកត់សំគាល់ដែរថាភាគីទាំងពីរចាំបាច់ ត្រូវតែមានទំនាក់ទំនងយ៉ាងរឹងម៉ាំ រវាងគ្នាដើម្បីដោះស្រាយបញ្ហា ដែលកំពុងកើតមានដែលក្នុងន័យនេះ លោកគឺចង់ សំដៅទៅលើបញ្ហា នៃការព្យាយាមដកទណ្ឌកម្ម សេដ្ឋកិច្ចដោយអាមេរិក ចេញពីប្រទេសអ៊ីរ៉ង់ផងដែរ។

លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់រូបនេះ ក៏បានបញ្ជាក់ដែរថាក្រុមហ៊ុន ជាច្រើនរបស់អាល្លឺម៉ង់ គឺបានត្រៀមខ្លួនរួចជាស្រេច ទៅហើយដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយនឹងដៃគូ របស់ខ្លួននៅក្នុងប្រទេសអ៊ឺរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top