ព័ត៌មានអន្តរជាតិ

បារាំង បញ្ជាក់ថា រុស្សីបដិសេធ មិនចូលរួមប្រជុំ ថ្នាក់រដ្ឋមន្ត្រី ស្តីពីបញ្ហានៅអ៊ុយក្រែន

បរទេស ៖ ក្រសួងការបរទេស នៃប្រទេសបារាំង កាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថា ប្រទេសរុស្សី បានបដិសេធ មិនព្រមចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រី ជាមួយ នឹងប្រទេសបារាំង ប្រទេស អ៊ុយក្រែនប្រទេស អាល្លឺម៉ង់ ឡើយ ដើម្បីដោះស្រាយបញ្ហាជម្លោះ នៅប្រទេសអ៊ុយក្រែន ភាគខាងកើត និងថែមទាំងបដិសេធថា ខ្លួនមិនបានធ្វើឲ្យបរាជ័យ ចំពោះសំណើរដែលធ្លាប់ បានធ្វើឡើង ដោយរដ្ឋាភិបាលក្រុងមូស្គូកាលពីលើកមុននោះទេ។

អ្នកនាំពាក្យរបស់ក្រសួង ការបរទេសបារាំង អ្នកនាង Anne Claire Legendre បានបញ្ជាក់ថា វាគឺមិនមែនជាការពិតនោះទេ ដែលរុស្សី បាននិយាយថា ទាំងរដ្ឋាភិបាល ក្រុងប៉ារីស និងរដ្ឋាភិបាល ក្រុងប៊ែរឡាំងគឺ មិនបានបំពេញ តាមទំនួលខុសត្រូវ ដែលធ្លាប់ស្នើសុំដោយភាគីរុស្សី ចំពោះកិច្ចប្រជុំលើកនេះ។

គួរឲ្យដឹងដែរថា អាល្លឺម៉ង់ធ្លាប់បានប្រកាសហើយ តាំងតែពិដើមខែតុលាថា នៅក្រោយជំនួបរវាងមេដឹកនាំអាល្លឺម៉ង់ ជាមួយនឹងមេដឹកនាំប្រទេសបារាំង តាមរយៈ ទូរស័ព្ទព្រមជាមួយ នឹងការយល់ព្រមរវាង មេដឹកនាំ នៃប្រទេសរុស្សី និងអ៊ុយក្រែនផង ជំនួបគ្នាគឺនឹងត្រូវធ្វើឡើង នៅក្នុងពេលខាងមុខនេះ ប៉ុន្តែរុស្សីបែរជាបានចោទ ប្រកាន់បារាំង និងអាល្លឺម៉ង់ថា មិនបានធ្វើតាមលក្ខខណ្ឌ ហើយប្រកាសលប់ចោល ការចូលរួមនេះទៅវិញ ។

ផ្ទាំងពាណិជ្ជកម្ម

មកដល់ពេលនេះរដ្ឋមន្ត្រីក្រសួង ការបរទេស របស់ប្រទេស អ៊ុយក្រែន នៅមិនទាន់ធ្វើសេចក្តី ថ្លែងការណ៍ណាមួយ ដែលពាក់ព័ន្ធទៅនឹងការបដិសេធមិន ចូលរួមដោយប្រទេសរុស្សី នោះនៅឡើយទេ ៕

ប្រែសម្រួល៖ស៊ុនលី

To Top