ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាល វៀតណាម ព្រមានថា វៀតណាមអាចនឹងផ្ទុះការឆ្លងថ្មីកូវីដ១៩ នៅពេលរដូវរងារ និងបុណ្យចូលឆ្នាំ មកដល់

បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម កាលពីថ្ងៃពុធបានព្រមានថា នៅខែរដូវរងាខាងមុខនេះ រួមទាំងរដូវបុណ្យចូលឆ្នាំថ្មីវៀតណាមទៀតនោះ គឺ អាចនឹងបង្កឱ្យមានការផ្ទុះឡើងនៃមេរោគ Covid-19 ថ្មី ប្រសិនបើមនុស្សមិនប្រុងប្រយ័ត្ននោះទេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងក្នុងសម័យប្រជុំរដ្ឋសភា រដ្ឋមន្ត្រីសុខាភិបាលវៀតណាម លោក Nguyen Thanh Long បាននិយាយថា ប្រទេសវៀតណាម បានឈានចូលដំណាក់កាល “ធម្មតាថ្មី” នៃមេរោគឆ្លង ដែលកំពុងវិលត្រឡប់មកវិញ នៅតាមតំបន់មួយចំនួន។ លោកបានបន្ថែមថា ទោះបីជាមានការផ្ទុះឡើង ជាបន្តបន្ទាប់ក៏ដោយ ក៏មនុស្សជាច្រើន នៅតែធ្វេសប្រហែសចំពោះវិធានការការពារ Covid-19 ដូចជាការរក្សាចម្ងាយ ការពាក់ម៉ាស់ ឬសេចក្តីប្រកាសវេជ្ជសាស្រ្ត។

លោក Long បានបន្តថា «ភាគខាងជើងប្រទេសវៀតណាម កំពុងឈានចូលដល់រដូវត្រជាក់ ហើយបុណ្យចូលឆ្នាំវៀតណាម ក៏ជិតមកដល់ ដែលមានន័យថា វានឹងមានសកម្មភាពជាច្រើនជាមួយនឹងការប្រមូលផ្តុំដ៏ធំ។ យើងព្រួយបារម្ភអំពីហានិភ័យ នៃការផ្ទុះឡើងនៃ Covid-19 ថ្មី” ។

សីតុណ្ហភាពនៅទីក្រុងហាណូយ បានឡើងដល់កម្រិត ១៥-២៥ អង្សាសេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយនឹងថយចុះ នៅពេលរដូវរងាចូលមកដល់។ អ្នកជំនាញនិយាយថា អាកាសធាតុត្រជាក់ អាចជួយឱ្យវីរុសកូរ៉ូណាថ្មី រស់នៅបានយូរជាងនៅខាងក្រៅ ដែលបង្ហាញពីហានិភ័យនៃការឆ្លងច្រើនជាងខែក្តៅជាង៕

ប្រែសម្រួលៈ ណៃ តុលា

To Top