បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាពេលថ្មីៗនេះ បានធ្វើការព្រមាន មិនឲ្យមានការវិលត្រឡប់ទៅរក ភាពតានតឹង សម័យសង្គ្រាមត្រជាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកជំរុញឲ្យ មានកិច្ចសហប្រតិបត្តិការសកល នៅមុនជំនួបផ្ទាល់មួយ ជាមួយប្រធានាធិបតី សហរដ្ឋអាមេរិក។
នៅក្នុងសារជាវីដេអូ ជូនដលក់វេទិកា CEO នៅក្រៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោក ស៊ី ជីនពីង បានមានប្រសាសន៍នៅថ្ងៃពុធថា ការប៉ុនប៉ងគូសវាសបន្ទាត់មនោគមន៍វិជ្ជា ឬក៏បង្កើតរង្វង់តូចៗ ផ្អែកលើមូលដ្ឋានភូមិសាស្ត្រនយោបាយនោះ នឹងត្រូវបរាជ័យ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីចិនរូបនេះ បានមានប្រសាសន៍ដូច្នេះថា “តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនអាចនិងមិនគួរវិលទៅរកការប្រឈមមុខដាក់គ្នា និងការបែកបាក់នៃសម័យសង្គ្រាមត្រជាក់នោះទេ”។
គួរបញ្ជាក់ថា ការថ្លែងរបស់លោកប្រធានាធិបតីចិននេះ គឺជាការពោលសំដៅយ៉ាងច្បាស់ ចំពោះកិច្ចប្រឹងប្រែង របស់សហរដ្ឋអាមេរិក ជាមួយសម្ពន្ធមិត្ត និងដៃគូក្នុងតំបន់ ដែលរួមមានការបង្កើន ក្រុម៤ប្រទេស ជាមួយឥណ្ឌា ជប៉ុននិងអូស្ត្រាលី ដើម្បីទប់ទល់នឹងអ្វី ដែលពួកគេមើលឃើញថា ជាឥទ្ធិពលកើនឡើង នៃសេដ្ឋកិច្ចនិងយោធារបស់ចិន៕
ប្រែសម្រួល៖ប៉ាង កុង