Covid-19

ទីភ្នាក់ងារឱសថអឺរ៉ុប ណែនាំឲ្យប្រថ្នាំ ២ប្រភេទ ដើម្បីព្យាបាលជំងឺកូវីដ-១៩

ព្រុចសែល៖ ទីភ្នាក់ងារឱសថអ៊ឺរ៉ុប (EMA) បានផ្តល់អនុសាសន៍ឱ្យមាន ការអនុញ្ញាតឱសថចំនួនពីរប្រភេទ សម្រាប់ការព្យាបាលជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំទាំងពីរប្រភេទគឺ Ronapreve ផលិតដោយក្រុមហ៊ុនឱសថ ដែលមានមូលដ្ឋាន នៅប្រទេសស្វីស Roche និងថ្នាំ Regkirona ផលិតដោយក្រុមហ៊ុនថ្នាំ កូរ៉េខាងត្បូង Celltion ។

EMA បានឲ្យដឹងថា ថ្នាំ Ronapreve អាចត្រូវបានប្រើសម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យ និងក្មេងជំទង់ (ចាប់ពីអាយុ ១២ឆ្នាំ និងមានទម្ងន់យ៉ាងតិច ៤០គីឡូក្រាម) ដែលមិនត្រូវការអុកស៊ីសែនបន្ថែម ហើយអ្នកដែលប្រឈមនឹងហានិភ័យនៃជំងឺរបស់ពួកគេកាន់តែធ្ងន់ធ្ងរ។

ថ្នាំ Ronapreve ក៏អាចត្រូវបានប្រើសម្រាប់ ការការពារជំងឺកូវីដ-១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅដែល មានទម្ងន់យ៉ាងតិច 40គីឡូក្រាម។

EMA បានឲ្យដឹងទៀតថា ថ្នាំ Regkirona អាចត្រូវបានប្រើ សម្រាប់ការព្យាបាលមនុស្ស ពេញវ័យដែលមានជំងឺកូវីដ-១៩ ដែលមិនត្រូវការអុកស៊ីសែនបន្ថែម ហើយអ្នកដែលប្រឈមនឹងហានិភ័យ នៃជំងឺរបស់ពួកគេកាន់តែ ធ្ងន់ធ្ងរផងដែរ។

EMA បានបន្ថែមថា ខ្លួននឹងបញ្ជូនអនុសាសន៍របស់ខ្លួន សម្រាប់ឱសថទាំងពីរនេះ ទៅគណៈកម្មការអឺរ៉ុប សម្រាប់ការសម្រេចចិត្ត យ៉ាងឆាប់រហ័សស្របច្បាប់។

ថ្នាំ Ronapreve និង Regkirona គឺជាថ្នាំអង់ទីគ័រ monoclonal ដំបូងគេដែលបានទទួលមតិវិជ្ជមានពី EMA ដោយចូលរួមក្នុងបញ្ជីផលិតផលកូវីដ-១៩ ដែលទទួលបានមតិវិជ្ជមានចាប់តាំងពីថ្នាំ Remdesivir ផលិតដោយក្រុមហ៊ុនថ្នាំអាមេរិក Gilead ត្រូវបានណែនាំ សម្រាប់ការអនុញ្ញាតក្នុងខែមិថុនា ឆ្នាំ២០២០ នេះបើសេចក្តីថ្លែងការណ៍ EMA ៕

ដោយ ឈូក បូរ៉ា

To Top