ព័ត៌មានអន្តរជាតិ

អតីតមេប៉ូលីសរហ័សនាម Joe Ferrari អាចនឹងត្រូវតុលាការ កាត់ទោសប្រហារជីវិត

ថៃ៖ ប្រធានការិយាល័យស៊ើបអង្កេតកណ្តាល (CIB) បាននិយាយកាលពីថ្ងៃសុក្រថា ព្រះរាជអាជ្ញាសាធារណៈបានសម្រេចចោទប្រកាន់ប៉ូលីសចំនួនប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យថប់ដង្ហើមជនសង្ស័យគ្រឿងញៀនម្នាក់រហូតដល់ស្លាប់ ដោយរុំក្បាលជាមួយនឹងថង់ប្លាស្ទិក លើការចោទប្រកាន់ទាំងអស់ដែលត្រូវបានណែនាំដោយអ្នកស៊ើបអង្កេត។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ Jirabhop Bhuridej បាននិយាយថា ការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) បានយល់ព្រមកាត់ទោសលោក Thitisan Utthanaphon អតីតប្រធានប៉ុស្តិ៍ស្រុក Muang ក្នុងខេត្ត Nakhon Sawan និងសហការីប្រាំមួយនាក់ទៀត។

លោកបានបន្ថែមថា ព្រះរាជអាជ្ញាបានយល់ព្រមចំពោះបទចោទទាំង ៤ ដែលប៉ូលិសបានស្នើឡើងក្នុងរបាយការណ៍ស៊ើបអង្កេតដែលបានដាក់ជូនពួកគេនៅថ្ងៃទី ៣ ខែវិច្ឆិកា ទៅលើបទចោទរួមមាន ការប្រព្រឹត្តមិនត្រឹមត្រូវ ការបំពានលើដែនសមត្ថកិច្ច ការធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ និងការបង្ខិតបង្ខំ។

ប្រភពប៉ូលិសមួយបាននិយាយថា OAG នឹងចោទប្រកាន់បុរសទាំងនោះនៅតុលាការព្រហ្មទណ្ឌកណ្តាលពីបទពុករលួយ និងការប្រព្រឹត្តខុសនៅសប្តាហ៍ក្រោយ ហើយបទចោទប្រកាន់ទោសមានរហូតដល់ប្រហារជីវិត៕

ប្រែសម្រួលៈ ណៃ តុលា

To Top