ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងធ្វើទស្សនកិច្ចកេនយ៉ា នីហ្សេរីយ៉ា និងសេនីហ្កាល់

បរទេស៖ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់នៅថ្ងៃព្រហស្បតិ៍នៅសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសកេនយ៉ា ប្រទេសនីហ្សេរីយ៉ា និងប្រទេសសេនីហ្គាល់ នាថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែវិច្ឆិកា។


នៅក្នុងទីក្រុង Nairobi លោក Antony Blinken នឹងជួបជាមួយប្រធានាធិបតីនៃប្រទេសកេនយ៉ា គឺលោក Uhuru Kenyatta ដើម្បីពិភាក្សាគ្នាពីប្រធានបទនានា រួមទាំងសហប្រតិបត្តិការស្តីពីការបញ្ចប់ការរាតត្បាតនៃជម្ងឺកូវីដ១៩ និងបញ្ហាសន្តិសុខក្នុងតំបន់ ដូចជាបញ្ហាប្រទេសអេត្យូពី ប្រទេសសូម៉ាលី និងប្រទេសស៊ូដង់ជាដើម។


លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរបន្ទាប់ទៅទីក្រុង Abuja ដើម្បីជួបជាមួយប្រធានាធិបតិនីហ្សេរីយ៉ា លោក Muhammadu Buhari ពិភាក្សាអំពីសហប្រតិបត្តិការ ស្តីពីសន្តិសុខសុខភាពពិភពលោក ការពង្រីកការទទួលបានថាមពល និងការស្តារលទ្ធិប្រជាធិបតេយ្យ។


ចំណែកនៅក្នុងទីក្រុង Dakar លោក Antony Blinken នឹងជួបជាមួយប្រធានាធិបតីសេនីហ្គាល់ លោក Macky Sall ធ្វើការបញ្ជាក់ជាថ្មីពីភាពជាដៃគូដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក៕


ប្រែសម្រួល៖ប៉ាង កុង

To Top