បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅក្នុងថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មិនឲ្យបញ្ជូនសញ្ញាខុសឲ្យដល់កងកម្លាំងគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ ក៏បាននិយាយគ្នាអំពីកិច្ចជំនួបផ្ទាល់ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផងដែរ។
តាមសេចក្តីប្រកាសមួយពីសេតវិមាន នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។
គួរបញ្ជាក់ថា ជំនួបរបស់មេដឹកនាំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺត្រូវបានធ្វើឡើងក្រោយលោកទាំងពីរ បានបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ ហើយជំនួបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅ៕
ប្រែសម្រួល៖ប៉ាង កុង