បរទេស៖ សេតវិមាន បានចេញនូវសេចក្តីប្រកាសមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួបដោយផ្ទាល់ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ជំនួបរបស់មេដឹកនាំ មហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺត្រូវបានធ្វើឡើង ក្រោយលោកទាំងពីរ បានបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃសុក្រ ហើយជំនួបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃទី០៩ ខែកញ្ញាកន្លងទៅ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានបាននិយាយយ៉ាងដូច្នេះថា “មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាពីផ្លូវគ្រប់គ្រងដោយមានទំនួលខុសត្រូវ ចំពោះការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ក៏ដូចជាផ្លូវធ្វើការងាររួមគ្នា ក្នុងទីដែលចំណាប់អារម្មណ៍របស់យើងស្របគ្នា”។
គួរញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC លោក ចូ បៃដិន គូសបង្ហាញពីថ្នាំវ៉ាក់សាំង ជាង២២០លានដូស ដែលអាមេរិកបានធ្វើការបរិច្ចាគនិងដឹកបញ្ជូនចេញ ដែលរួមទាំងថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៦៤លានដូស ផ្តល់ឲ្យដល់ប្រទេសជាសមាជិករបស់ APEC ផង៕ ប្រែសម្រួល៖ប៉ាង កុង
