ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសម៉ាលី៖ ការបង្កើតមូលដ្ឋាន យោធារុស្ស៊ី នៅក្នុងប្រទេសម៉ាលី មិនស្ថិតនៅលើរបៀបវារៈនោះទេ

បរទេស៖ រដ្ឋមន្ត្រីការបរទេសម៉ាលី លោក Abdoulaye Diop បានប្រាប់សារព័ត៌មាន Sputnik ថា ការបង្កើតមូលដ្ឋានយោធារុស្ស៊ី នៅក្នុងប្រទេសម៉ាលី មិនស្ថិតនៅលើរបៀបវារៈនោះទេ ហើយប្រទេសនេះចង់ធានាសន្តិសុខ ដោយប្រើកម្លាំងយោធាផ្ទាល់ខ្លួន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការពន្យល់របស់លោក Abdoulaye Diopថា «ប្រធានបទនេះមិនស្ថិតនៅក្នុង របៀបវារៈនៅប្រទេសម៉ាលីទេ … ភារកិច្ចចម្បងរបស់អាជ្ញាធរម៉ាលី គឺធានាថា ប្រទេសម៉ាលី អាចទទួលខុសត្រូវ ចំពោះសន្តិសុខរបស់ខ្លួន ការការពារមនុស្ស និងទ្រព្យសម្បត្តិ ការការពារបូរណភាពទឹកដីជាតិ ឯកភាព និងអធិបតេយ្យភាព របស់ប្រទេសម៉ាលី។ ហើយនេះគឺជាទំនួលខុសត្រូវ របស់អាជ្ញាធរ ដែលជាទំនួលខុសត្រូវ របស់កងកម្លាំងការពារ និងសន្តិសុខម៉ាលី ដែលត្រូវតែអាចបំពេញតួនាទីនេះបាន»។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដៃគូរបស់ម៉ាលីអាចផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាល ប៉ុន្តែប្រទេសនេះ ចង់ធានាសន្តិសុខផ្ទាល់ខ្លួន។

លោក Diop បានប្រាប់ Sputnik ទៀតថា “នៅពេលណាមួយ យើងត្រូវការជំនួយពីខាងក្រៅ យើងបានស្នើសុំវា យើងមិនរាប់បញ្ចូលវាទេ ប៉ុន្តែបញ្ហា នៃមូលដ្ឋានយោធា [រុស្ស៊ី] គឺមិនស្ថិតនៅក្នុងរបៀបវារៈ នៅក្នុងប្រទេសម៉ាលីទេ” ។

សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសម៉ាលី បានមកដល់ក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធដើម្បីបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃ។ របៀបវារៈរួមមានការផ្លាស់ប្តូរ ទស្សនៈស៊ីជម្រៅលើបញ្ហាសកល និងតំបន់ ដោយសង្កត់ធ្ងន់លើការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនៅអាហ្វ្រិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top