ព័ត៌មានអន្តរជាតិ

ព្រមព្រៀងចាប់ផ្ដើមចរចាលើការ ដោះស្រាយជម្លោះពន្ធគយដែក ថែប និងអាលុយមីញ៉ូម ក្នុងសម័យកាលលោក ត្រាំ


តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានយល់ព្រមចាប់ផ្តើមការចរចារដើម្បីដោះស្រាយជម្លោះជុំវិញការដំឡើងពន្ធខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដាក់ដោយរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។

មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ជំនួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម Koichi Hagiuda បានអំពាវនាវឱ្យលុបចោលពន្ធបន្ថែមលើផលិតផលទាំងនោះពីប្រទេសជប៉ុន។

កិច្ចប្រជុំដែលមានរយៈពេលប្រហែល ១ ម៉ោង ២០នាទីត្រូវបានរៀបចំឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ចប់ជម្លោះស្រដៀងគ្នាកាលពីខែមុនជាមួយសហភាពអឺរ៉ុប ហើយឥឡូវនេះកំពុងអនុញ្ញាតឱ្យបរិមាណជាក់លាក់នៃដែកថែប និងអាលុយមីញ៉ូមរបស់អឺរ៉ុប ចូលដោយគ្មានពន្ធ។

លោក Hagiuda និងលោកស្រី Raimondo ក៏បានសម្រេចចិត្តបង្កើតភាពជាដៃគូថ្មីក្នុងគោលបំណងពង្រឹងការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផ្នែកសំខាន់ៗ រួមទាំងឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ដែលភ្ជាប់ទៅនឹងបណ្តាញ 5G និងសន្តិសុខសេដ្ឋកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ។

លោក Hagiuda បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា “តាមរយៈការពិភាក្សាថ្ងៃនេះ ខ្ញុំសង្ឃឹមថា យើងអាចពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ” ។

លោកស្រី Raimondo បានឆ្លើយតបថា “ការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ចំពោះប្រទេសជប៉ុន គឺមិនផ្លាស់ប្តូរនោះទេ ព្រោះវាជាបំណងប្រាថ្នារបស់យើងក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរបស់យើងជាមួយប្រទេសដែលមានគំនិតដូចគ្នា” ។

ក្រសួងចាត់ទុកការផលិតលើសដែករបស់ចិនថាជាបញ្ហាសម្រាប់សេដ្ឋកិច្ចអាមេរិក ហើយចាំបាច់ត្រូវដោះស្រាយជាសកល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាពជាដៃគូពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន-សហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើង ដើម្បីរក្សាសណ្តាប់ធ្នាប់សេដ្ឋកិច្ចដោយសេរី និងយុត្តិធម៌ និងដោះស្រាយការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមសកលរួមគ្នាផ្សេងទៀត៕


ដោយ ឈូក បូរ៉ា

To Top