ថ្ងៃទី១៥ ខែវិច្ឆិកា វេទិកាស្តីពីអភិវឌ្ឍតំបន់ស៊ីនជាំង នៃប្រទេសចិន ឆ្នាំ២០២១ ដែលរៀបចំដោយ ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋ និងរដ្ឋបាលប្រជាជន នៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង របស់ប្រទេសចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។
ឥស្សរជនដែលមានវត្តមាន ក្នុងវេទិកានេះ បានវាយតម្លៃយ៉ាងសកម្ម ចំពោះសមិទ្ធផល ជាប្រវតិ្តសាស្ត្រ លើគ្រប់វិស័យនៅតំបន់ស៊ីនជាំង ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិន លើកទី១៨មក ព្រមទាំងបានលើកសំណើ និងមតិយោបល់ក្នុងន័យជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃតំបន់ស៊ីនជាំងនិងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។
សំដៅចំពោះការដែល ប្រទេសលោកខាងលិចមួយចំនួន ចោទប្រកាន់ ដោយគ្មានហេតុផល ឃោសនាបំប៉ោងពីប្រធានបទ ពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង យ៉ាងគឃ្លើន និងលាបព័ណ៌លើរូបភាព របស់តំបន់ស៊ីនជាំង តំណាងនៃតំបន់ស៊ីនជាំង ដែលមានវត្តមានក្នុងវេទិកានេះ បានថ្លែងថា កិច្ចការរបស់រដ្ឋបាលតំបន់ស៊ីនជាំង សុទ្ធតែមានតម្លាភាពនិងត្រឹមត្រូវ ក្នុងគោលបំណង ផ្តល់សុខសុភមង្គល ជូនដល់ប្រជាជនគ្រប់ជនជាតិ នៅតំបន់ស៊ីនជាំង ។ ភ្ញៀវរបរទេសដែលធ្លាប់ទៅ តំបន់ស៊ីនជាំងបានថ្លែងថា ស្តាប់មួយរយដងមិនស្មើនឹង មើលឃើញម្តង ខណៈពេលទៅដល់តំបន់ស៊ីនជាំង យើងក៏អាចចាប់អារម្មណ៍ ដល់ការអភិវឌ្ឍ និងការប្រែប្រួលនៅទីនោះ ។
លោក Sabino Vaca Narvaja ឯកអគ្គរដ្ឋទូតប្រទេសអាហ្សង់ទីន ប្រចាំនៅប្រទេសចិន បានថ្លែងថា លើវិស័យសេដ្ឋកិច្ច អាហ្សង់ទីននិងចិន មានភាពបំពេញបន្ថែមគ្នាកម្រិតខ្ពស់ ។ យើងបានចាប់អារម្មណ៍ដល់ថា នៅតំបន់ស៊ីនជាំង សហគ្រាសវិស័យកសិកម្ម គង្វាលនិងវិទ្យាសាស្ត្រ និងបច្ចេកទេសខ្ពស់ជាច្រើន បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ខ្ញុំសម្គាល់ឃើញថា លើវិស័យទាំងនេះ យើងមានឱកាសច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបតិ្តការ ៕