បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាកិច្ចប្រជុំរបស់អ៊ឺរ៉ុប ថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស បានឈានទៅដល់កិច្ចព្រមព្រៀងគ្នាថ្មីមួយ ដើម្បីអាចបន្ថែមការដាក់ទណ្ឌកម្ម ទៅលើប្រទេសបេឡារូស ជុំវិញបញ្ហាវិបត្តិជនអន្តោប្រវេស។
មន្ត្រីការទូតកំពូលតំណាងឲ្យប្លុកអ៊ឺរ៉ុប លោក Josep Borrell បានបញ្ជាក់ទៀតដែរថា ទណ្ឌកម្មថ្មីនេះគឺត្រូវបានដាក់បញ្ជូលគ្នា ជាមួយនឹងនយោបាយផងដែរ ហើយវានឹងត្រូវរៀបចំរួចរាល់ និងកែសម្រួលដើម្បីបញ្ចប់ នៅត្រឹមប៉ុន្មានថ្ងៃខាងមុខនេះ។
លោកបន្តថាតាមរយៈការពង្រីកទណ្ឌកម្មនេះ វានឹងអាចអនុញ្ញាតិឲ្យអ៊ឺរ៉ុប ក្នុងការកំណត់បាននូវអ្នកដែលទទួលខុសត្រូវ ចំពោះបញ្ហាដែលនាំឲ្យមានការផ្ទុះ នៃការធ្វើអន្តោប្រវេសខុសច្បាប់ និងក្រុមអ្នកសម្របសម្រួល ការរត់ពន្ធមនុស្សនិងឆ្លងដែនខុសច្បាប់ មកកាន់ប្លុកអ៊ឺរ៉ុបផងដែរ។
គួរឲ្យដឹងដែរថាអ៊ឺរ៉ុបឬ EU តែងតែបានធ្វើការស្តីបន្ទោស ដាក់បន្ទុកទៅដល់ ប្រទេសបេឡារូស សម្រាប់បញ្ហានិងវិបត្តិ នៃជនអន្តោប្រវេស ដែលមាននៅក្នុងតំបន់ព្រំដែន ប៉ុន្តែជារឿយៗបេឡារូស ក៏បានធ្វើការបដិសេធ មិនព្រមទទួលយកការចោទប្រកាន់ ហើយថែមទាំងស្នើសុំ ក្នុងការចរចាគ្នាផងដែរ៕ ប្រែសម្រួល៖ស៊ុនលី