ព័ត៌មានអន្តរជាតិ

ប្រេសិតប្រចាំសហភាពអឺរ៉ុបរបស់ចិន៖ គ្មានភាពបត់បែន លើបញ្ហាតៃវ៉ាន់ ទណ្ឌកម្មនិងជំនួញ

បរទេស៖ប្រទេសចិន នឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្លួន ស្តីពីបញ្ហាតៃវ៉ាន់ ហើយក៏នឹងមិនផ្លាស់ប្តូរទស្សនៈខ្លួន ដែលថា សហភាពអឺរ៉ុបត្រូវតែដកទណ្ឌកម្មចេញវិញ ប្រសិនបើកិច្ចព្រមព្រៀងវិនិយោគចិន-សហភាពអឺរ៉ុបថ្មី ត្រូវបានធ្វើសច្ចានុម័តនោះ នេះបើយោងតាមសម្តីរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហភាពអឺរ៉ុបនិយាយនៅថ្ងៃអង្គារនេះ។

បើទោះជាមានគម្រោង សម្រាប់ជំនួបកំពូល សហភាពអឺរ៉ុបនិងចិន នៅចុងឆ្នាំនេះក៏ដោយ ក៏ការថ្លែងរបស់លោក Zhang Ming នេះ ផ្តល់ឲ្យនូវក្តីសង្ឃឹមតិចតួច សម្រាប់សមិទ្ធផលការទូត ក្រោយបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ដូចជាប្រទេសលីទុយអានីជាដើម បានបង្កើនកុងត្រាជាមួយកោះតៃវ៉ាន់ នៅក្នុងឆ្នាំនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News លោក Zhang Ming បាននិយាយដល់កោះតៃវ៉ាន់យ៉ាងដូច្នេះថា “ប្រសិនបើមានអ្វីណាមួយផ្លាស់ប្តូរនោះ វាគឺថា ការប្តេជ្ញារបស់ប្រជាជនចិន ដើម្បីទទួលបាននូវការបង្រួបបង្រួមប្រទេសយើងទាំងស្រុង មានការដុះដាលរីកចម្រើនខ្លាំងឡើង”។
ឯកអគ្គរដ្ឋទូតចិនរូបនេះ បាននិយាយប្រាប់ព្រឹត្តិការណ៍វិភាគតាមអនឡាញ នៅក្នុងទីក្រុងព្រួចសែលថា “មនុស្សខ្លះនៅអឺរ៉ុប ហាក់មើលស្រាលចំពោះស្មារតីរបស់ប្រទេសជនជនចិន សម្រាប់ការបង្រួបបង្រួមប្រទេសរបស់យើងឡើងវិញ”។

លោកបន្ថែមថា ការប៉ុនប៉ងណាមួយធ្វើឡើងដោយអឺរ៉ុប ដើម្បីអភិវឌ្ឍចំណងមិត្តភាពផ្លូវការជាមួយកោះតៃវ៉ាន់ គឺមិនអាចទទួលយកបាននោះទេ ក្រោយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានធ្វើដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប នៅចុងខែតុលាកន្លែងទៅ ជាហេតុធ្វើឲ្យទីក្រុងប៉េកាំងខឹង៕

ប្រែសម្រួល៖ប៉ាង កុង

To Top