ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្ន ក្នុងប្រទេសកម្ពុជា ។
យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធាន និងលោក គៀត ច័ន្ធថារិទ្ធ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ជាអនុប្រធានអចិន្ដ្រៃយ៍ ដោយមានអនុប្រធាន២រូប និងសមាជិក៩រូប។
សូមបញ្ជាក់ថា កាលពីអំឡុងខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់ បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ។ អាមេរិកត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យអាហ្វហ្គានីស្ថាន ធ្លាក់ចូលកណ្តាប់ដៃ ក្រុមតាលីបង់ ក្រោយអាមេរិកបានដក កងទ័ពចេញពីប្រទេសនេះ ។ ក្រុមតាលីបង់ បានប្រកាសជ័យជំនះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីពួកគេបានកាន់កាប់ ទីក្រុងកាប៊ុល ហើយប្រធានាធិបតីលោក Ashraf Ghani បានភៀសខ្លួនចេញ ពីប្រទេសកាលពីថ្ងៃ១៥ សីហា ដែលជាការកត់សម្គាល់ ការវិលត្រឡប់មកកាន់អំណាច របស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ២០ឆ្នាំ បន្ទាប់ពីការដកហូតអំណាច ដោយកងកម្លាំងដឹកនាំ ដោយសហរដ្ឋអាមេរិក។
ក្រោយពីតាលីបង់ចូល គ្រប់គ្រងអាហ្វហ្កានីស្ថាន មានពលរដ្ឋប្រទេសនេះ បានភៀសខ្លួនទៅរស់នៅប្រទេសផ្សេង ជាច្រើនម៉ឺនសែននាក់ ៕