ព័ត៌មានអន្តរជាតិ

ស្លាប់១នាក់ និងរបួស១នាក់ ក្រោយធ្លាក់យន្តហោះយោធានៅម៉ាឡេស៊ី

កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោក Hishammuddin Hussein រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា យន្តហោះប្រតិកម្មចំនួន១គ្រឿងដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសម៉ាឡេស៊ី ហៅកាត់ថា (RMAF) បានធ្លាក់កាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យសមាជិកម្នាក់នៃយោធារបស់ប្រទេសនេះស្លាប់ និងម្នាក់ទៀតរងរបួស ។
លោក Hishammuddin បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅលើបណ្តាញសង្គម Twitter ថា RMAF ត្រូវបានដឹកនាំឱ្យស៊ើបអង្កេត និងបញ្ជូនរបាយការណ៍លម្អិតអំពីឧប្បត្តិហេតុនេះ។

ដោយឡែក RMAF បានបញ្ជាក់អំពីឧបទ្ទវហេតុនេះ ដែលពាក់ព័ន្ធនឹងយន្តហោះចម្បាំង Hawk មួយរបស់ខ្លួន បានកើតឡើងនៅម៉ោងប្រហែល១០និង០៧នាទីយប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បានឱ្យដឹងថា ម៉ោងក្នុងស្រុកនៅឯផ្លូវរត់នៃមូលដ្ឋានទ័ពអាកាស Butterworth ក្នុងរដ្ឋ Penang ។

សេចក្តីថ្លែងការណ៍បានដាក់ថា “RMAF ឥឡូវនេះកំពុងចាត់វិធានការភ្លាមៗ ហើយនឹងប្រកាសពីការវិវត្តទាក់ទងនឹងគ្រោះថ្នាក់នេះ” ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top