ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ រុស្ស៊ី នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​ចិន បើទោះជា​មានការ​បំផ្លិចបំផ្លាញ​ពី លោកខាងលិច​ក៏ដោយ

​ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិនបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ហើយប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

 លោកពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំពង្រីកនៃក្រុមប្រឹក្សាក្រសួងការបរទេសរុស្ស៊ីថា “យើងនឹងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង និងមិត្តល្អរបស់យើងនៅក្នុងសាធារណៈរដ្ឋប្រជាមានិតចិន”។

 លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីបានធ្វើជាគំរូ សម្រាប់កិច្ចសហប្រតិបត្តិការអន្តររដ្ឋប្រកបដោយប្រសិទ្ធភាពក្នុងសតវត្សទី២១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 លោកពូទីនបានកត់សម្គាល់ថា  ប្រទេសលោកខាងលិចមួយចំនួនកំពុង “ព្យាយាមបើកផ្លូវបំបែករវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង”។ 

លោកបានបញ្ជាក់ថា “រួមគ្នាជាមួយមិត្តចិនរបស់យើង យើងនឹងបន្តឆ្លើយតបទៅនឹងការប៉ុនប៉ងបែបនេះ ដោយពង្រីកកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច និងផ្សេងទៀតរបស់យើង និងការសម្របសម្រួលជំហាននៅក្នុងឆាកអន្តរជាតិ”៕

ដោយ ឈូក បូរ៉ា

To Top