បរទេស៖ វិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោស លើសេចក្តីសម្រេចមួយ ដែលស្នើឡើងដោយសមាជិកសភាអាមេរិក ឲ្យឈប់ទទួលស្គាល់លោក វ្លាឌីមៀរ ពូទីន ជាប្រធានាធិបតីរុស្ស៊ី ប្រសិនបើលោកស្ថិត នៅក្នុងអំណាចក្រោយ ឆ្នាំ២០២៤នោះ ថាជារឿងមិនសមហេតុផល និងបានពិពណ៌នាសំណើនោះ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រុស្ស៊ី។
អាណត្តិជាប្រធានាធិបតី របស់លោក ពូទីន នឹងត្រូវដល់ពេលបញ្ចប់នៅក្នុងឆ្នាំ២០២៤ ហើយលោកអាចរកបាន២អាណត្តិ ថែមទៀត ក្រោមវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើឡើងក្នុងអំឡុងពេល លោកកាន់តំណែង ជាប្រធានាធិបតី។
ក្រោមការកំណត់រដ្ឋធម្មនុញ្ញពីមុន លោកនឹងត្រូវហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មីម្តងទៀតឡើយ។
សេចក្តីសម្រេច ដែលចេញដោយសមាជិករដ្ឋសភាអាមេរិក២រូបនោះ និយាយថា វិសោធនកម្មនោះជាទង្វើខុសច្បាប់ ហើយការប៉ុនប៉ងណាមួយ ធ្វើឡើងដោយលោក ពូទីន ដើម្បីស្ថិតនៅក្នុងអំណាចក្រោយខែឧសភា ឆ្នាំ២០២៤នោះ នឹងជួបនូវការមិនទទួលស្គាល់លើផ្នែក នៃសហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ បង្ហោះលើគេហទំព័រ របស់សមាជិករដ្ឋសភា លោក Steve Cohen ជាបុគ្គលមួយរូប ក្នុងចំណោម សមាជិករដ្ឋសភា អាមេរិក២រូបនោះ៕
ប្រែសម្រួល៖ប៉ាង កុង