ព័ត៌មានអន្តរជាតិ

អាមរិកព្រមានចិន ក្រោយមានជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ជាមួយហ្វីលីពីន

បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានប្រទេសចិន ក្រោយមានជម្លោះមួយ នៅដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិននិងហ្វីលីពីន ដោយនិយាយថា ខ្លួនឈរនៅខាងទីក្រុងម៉ានីល ស្របពេលមានភាពតានតឹង កើនឡើង ដែលគម្រាមកំហែងដោយត្រង់ ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Nasdaq បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បានមានប្រសាសន៍ប្រាប់ថា ទីក្រុងប៉េកាំង មិនគួរជ្រៀតជ្រែកជាមួយនឹង សកម្មភាពស្របច្បាប់ របស់ហ្វីលីពីន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសហ្វីលីពីននោះទេ។

លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកឈរនៅជាមួយសម្ពន្ធមិត្តហ្វីលីពីនរបស់យើង ក្នុងការរក្សាបទបញ្ជាដែនសមុទ្រអន្តរជាតិផ្អែកលើក្រឹត្យក្រមច្បាប់ និងធ្វើការបញ្ជាក់ជាថ្មីថា ការវាយប្រហារដោយអាវុធលើនាវាសាធារណៈហ្វីលីពីន នៅដែនសមុទ្រចិនខាងត្បូង នឹងជំរុញឲ្យមានការប្តេជ្ញាចិត្តការពារគ្នារបស់សហរដ្ឋអាមេរិក”។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រសហ្បតិ៍ ប្រទេសហ្វីលីពីន បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរបស់នាវាកងកម្លាំងការពារដែនសមុទ្ររបស់ប្រទេសចិនចំនួន៣គ្រឿង ដែលខ្លួននិយាយថា បានរារាំងដំណើរប្រើកាំភ្លើងបាញ់ទឹក ទៅលើទូកដឹកគ្រឿងផ្គត់ផ្គង់ ដែលធ្វើដំណើរឆ្ពោះទៅកាន់កោះស្ថិតក្នុងដែនគ្រប់គ្រងរបស់ហ្វីលីពីន នៅដែនសមុទ្រចិនខាងត្បូង៕

ប្រែសម្រួល៖ប៉ាង កុង

To Top