ព័ត៌មានអន្តរជាតិ

១០ឆ្នាំនៃការគ្រប់គ្រងអំណាច ប្រធានាធិបតី គីម ជុងអ៊ុន ប្រើទាំងយុទ្ធសាស្រ្តយកចិត្តប្រជាជន រហូតដល់ការសម្លាប់ពូ និងបងប្រុសរបស់ខ្លួន

បរទេស៖ អ្នកឃ្លាំមើលកូរ៉េខាងជើង ជាច្រើនមានការងឿងឆ្ងល់ នៅពេលដែលលោក គីម ជុងអ៊ុន ដែលមានអាយុ២៧ឆ្នាំ បានចូលកាន់កាប់ប្រទេសឯកោរ ក្នុងខែធ្នូ ឆ្នាំ ២០១១ បន្ទាប់ពីការស្លាប់ភ្លាមៗ របស់ឪពុកលោក គឺលោក គីម ជុងអ៊ីល។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា រយៈពេល ១០ឆ្នាំក្រោយមក ជាក់ស្តែងគឺមានមនុស្សតិចណាស់ដែលចោទសួរអំពីការក្តាប់អំណាចរបស់លោក គីម ជុងអ៊ុន បើទោះបីជាមានបញ្ហាប្រឈមជាច្រើនបានកើតឡើងមកលើកូរ៉េខាងជើង ដូចជាសេដ្ឋកិច្ចដែលខ្សោយរបស់ខ្លួន ចំពេលបណ្តាញដ៏ធំទូលាយនៃទណ្ឌកម្មដែលដឹកនាំដោយអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកប្រឆាំងនឹងរបបរបស់លោក។

អ្នកឃ្លាំមើលខាងក្រៅនិយាយថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ លោក គីម បានបង្កើតទម្រង់ភាពជាអ្នកដឹកនាំរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយប្រើយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ចាប់ពីការកសាងរូបភាពនៃបុគ្គលដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់ប្រជាជន រហូតដល់ការសម្លាប់ពូ និងបងប្រុសរបស់គាត់យ៉ាងឃោរឃៅ។

លោក គីម បានឡើងកាន់អំណាចជាផ្លូវការនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១១ ដោយគណបក្សពលករដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងបានប្រកាសថា លោក “កាន់តំណែងជាមេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េ”។ វាមានរយៈពេលត្រឹមតែ ១៣ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឪពុករបស់លោក គឺលោក គីម ជុងអ៊ីល បានស្លាប់ដោយសារគាំងបេះដូង។ ប៉ុន្មានខែក្រោយមកក្នុងខែមេសា ឆ្នាំ ២០១២ គណបក្សនេះបានដាក់ឈ្មោះគាត់ថា “លេខាទីមួយ” ។

កិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំ ព្រះរាជទាយាទជាមេដឹកនាំ បន្ទាប់របស់កូរ៉េខាងជើង បានចាប់ផ្តើមកាលពីឆ្នាំមុន ប៉ុន្តែបុរសវ័យ ២៧ ឆ្នាំរូបនេះ នៅតែហាក់ដូចជាខ្វះបទពិសោធន៍នយោបាយ និងជំនួយការជិតស្និទ្ធ ដែលចាំបាច់ដើម្បីគាំទ្រការផ្លាស់ប្តូរអំណាចពីឪពុកទៅកូនដោយរលូន និងជួយពង្រឹងការដឹកនាំរបស់គាត់៕

ប្រែសម្រួលៈ ណៃ តុលា

To Top