ព័ត៌មានអន្តរជាតិ

របាយការណ៍៖ សេតវិមានស្នើឱ្យមន្ទីរបញ្ចកោណ ពិនិត្យពិច័យលើសមយុទ្ធយោធានៅអឺរ៉ុប ដើម្បីរារាំងរុស្ស៊ី

បរទេស៖ សេតវិមានអាមេរិក បានស្នើឱ្យមន្ទីរបញ្ចកោណផ្តល់ឱ្យពួកគេនូវការវិភាគ និងយុត្តិកម្មនៃសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅអឺរ៉ុបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីរារាំងរុស្ស៊ីចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់កាសែត Washington Post នៅថ្ងៃសុក្រ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ត្រីរូបនេះបាននិយាយថា សំណើដែលបានផ្ញើដោយសេតវិមានគឺមានបំណងផ្តល់ឱ្យរដ្ឋបាលនូវភាពមើលឃើញពេញលេញនៅក្នុងសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និងសកម្មភាពរារាំងផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប។

មន្ត្រីរូបនេះបានបន្ថែមថា ខណៈពេលដែលសមយុទ្ធភាគច្រើននៅអឺរ៉ុបត្រូវបានគេចោទប្រកាន់ថាផ្តោតលើការការពារប្រឆាំងនឹងរុស្ស៊ី សំណើនេះក៏ទាក់ទងទៅនឹងសកម្មភាពយោធាអាមេរិកផ្សេងទៀតនៅលើទ្វីបផងដែរ។

របាយការណ៍នេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីបន្ទាប់ពីការសាកល្បងមីស៊ីលប្រឆាំងផ្កាយរណបដោយទីក្រុងមូស្គូ ក៏ដូចជាការចោទប្រកាន់ថា បញ្ជូនកងកម្លាំងយោធារុស្ស៊ីនៅជិតព្រំដែនជាមួយអ៊ុយក្រែន ដែលមន្ត្រីមន្ទីរបញ្ចកោណបានសម្តែងការព្រួយបារម្ភ និងអំពាវនាវឱ្យមានតម្លាភាព។ យ៉ាងណាក៏ដោយ រុស្ស៊ីបានបដិសេធរបាយការណ៍ទាំងនេះថា វាផ្ទុយនឹងការពិត៕ប្រែសម្រួលៈ ណៃ តុលា

To Top