ព័ត៌មានអន្តរជាតិ

ការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន ជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់

ប៉េកាំង៖ នៅឃ្លាំងមួយក្នុងទីក្រុងណាននីង ភាគខាងត្បូងប្រទេសចិន ផលិតផលផ្លែធុរេនរាប់សិបតោន ដែលនាំចូលពីប្រទេសម៉ាឡេស៊ី ត្រូវបានវេចខ្ចប់ភ្លាមៗបន្ទាប់ពីការមកដល់ ត្រៀមដឹកជញ្ជូនចែកចាយទូទាំងប្រទេសចិន។

លោក Yao Hai ដែល រកស៊ី លក់ ផ្លែ ឈើ រវាង ប្រទេស ចិន និង បណ្តា ប្រទេស អាស៊ីអាគ្នេយ៍ បាន លើកឡើងថា “នោះ ជា ផ្លែ ទុរេន ដំបូង ក្នុង រដូវរងា នេះ ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ជាមួយនឹងផ្លែទុរេនកាន់តែមានប្រជាប្រិយភាពពីអ្នកប្រើប្រាស់ជនជាតិចិន អាជីវកម្មរបស់លោក Yao បានរីកដុះដាលនៅឆ្នាំនេះ បើទោះបីជាមានផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

លោក Yao បានលើកឡើងថា “ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំនេះ ការលក់ផលិតផលទុរេនបានកើនឡើង ១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយខ្ញុំរំពឹងថា សន្ទុះនឹងបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ” ដោយបន្ថែមថា លោកទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីសេដ្ឋកិច្ចជិតស្និទ្ធ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

កាលពីថ្ងៃច័ន្ទ ប្រទេសចិន និងអាស៊ាន បានប្រកាសរួមគ្នាអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាវិធានការមួយដែលត្រូវបានគេរំពឹងថា នឹងបញ្ចូលកម្លាំងរុញច្រានថ្មីទៅក្នុងសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍នៃតំបន់ និងពិភពលោក។

លោក Zhou Fangyin ព្រឹទ្ធបុរសនៃសាលាទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ Guangdong University of Foreign Studies បានលើកឡើងថា ប្រទេសចិន និងអាស៊ាន ចែករំលែកផលប្រយោជន៍រួមយ៉ាងជ្រាលជ្រៅ ហើយការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយនឹងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ក្រោយជំងឺរាតត្បាត។

កាលពីឆ្នាំមុន ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានរយៈពេល ១២ ឆ្នាំជាប់ៗគ្នា ខណៈដែលអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន។ ទិន្នន័យគយបង្ហាញថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំនេះ ពាណិជ្ជកម្មរវាងចិន និងអាស៊ាន ឈានដល់ ៤,៥៥ពាន់ពាន់លានយន់ (ប្រហែល ៧១១,៧ពាន់លានដុល្លារ) កើនឡើង ២០,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមលោក Deng Xijun ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន បានឱ្យដឹងថា ការវិនិយោគទ្វេភាគីរវាងចិន និងអាស៊ាន ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ ការវិនិយោគរួមគ្នាសរុបបានកើនដល់ ៣១០ ពាន់លានដុល្លារអាមេរិក។

កំណើនពាណិជ្ជកម្ម និងការវិនិយោគ ដ៏រឹងមាំបានកើតឡើង បើទោះបីជាផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចិន កាលពីថ្ងៃចន្ទ ប្រទេសចិន បានសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ានចំនួន ១,៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) អ្នកជំនាញជឿជាក់ថា បានរួមចំណែកយ៉ាងធំធេងដល់កំណើនប្រកបដោយនិរន្តរភាព សម្រាប់ប្រទេសចិន និងអាស៊ាន។ BRI ដែលស្នើឡើង ដោយប្រទេសចិនបានរីកចម្រើន ទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោក ដោយមានប្រទេសចំនួន ១៤១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការពាក់ព័ន្ធ ជាមួយប្រទេសចិន រួមទាំងប្រទេសអាស៊ានទាំងអស់៕

ដោយ ឈូក បូរ៉ា

To Top