ព័ត៌មានអន្តរជាតិ

តួកគី ប្រកាសចាប់ខ្លួនទាហាន១១២រូប សង្ស័យជាប់ពាក់ព័ន្ធនឹង ការធ្វើរដ្ឋប្រហារបរាជ័យ

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ថាទីភ្នាក់ងារព័ត៌មាន Anadolu បានរាយការណ៍ថា ប្រទេសតួកគី បានចាប់ផ្តើមប្រតិបត្តិការដ៏ធំនៅថ្ងៃអង្គារនេះ ប្រឆាំងនឹងទាហាន និងអតីតសិស្សសាលាយោធាចំនួន១១២នាក់ ជុំវិញការសង្ស័យថាពួកគេជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យក្នុងខែកក្កដា ឆ្នាំ២០១៦ ។

ការបញ្ជានេះបានកើតឡើងបន្ទាប់ពីរដ្ឋអាជ្ញានៃទីក្រុង Izmir ភាគខាងលិចរបស់ប្រទេសតួកគី បានបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ហើយប្រតិបត្តិការនេះបានគ្របដណ្តប់ខេត្តចំនួន២២ ។

របាយការណ៍បានបន្តថា រហូតមកដល់ពេលនេះ ជនសង្ស័យ៧៦នាក់ត្រូវបានឃុំខ្លួន ហើយប្រតិបត្តិការកំពុងបន្ត ។
យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា មនុស្សសរុបចំនួន៣.៣៣៨នាក់ត្រូវបានឃុំខ្លួននៅក្នុងវិសាលភាពនៃការស៊ើបអង្កេតដែលបានគ្រោងទុកដែលធ្វើឡើងដោយប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅទីក្រុង Izmir ចាប់តាំងពីឆ្នាំ២០១៩ ។

ទីក្រុងអង់ការ៉ាបានស្តីបន្ទោសបព្វជិត Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងបណ្តាញរបស់គាត់ថាជាមេក្លោងធ្វើរដ្ឋប្រហារបរាជ័យ។ តែ លោក Gulen បានបដិសេធចំពោះការចោទប្រកាន់នេះ។

ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសតួកគី រំពឹងថា នឹងមាន “សាមគ្គីភាពដ៏រឹងមាំ” ក្នុងការធ្វើបត្យាប័ន “អ្នករត់គេចខ្លួន” របស់បណ្តាញនេះ។

ថ្លែងទៅកាន់កិច្ចប្រជុំរបស់អង្គការប៉ូលិសឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងអ៊ីស្តង់ប៊ុល តាមរយៈសារជាវីដេអូ លោក Erdogan បានលើកឡើងថា ប្រទេសរបស់លោកបាននឹងកំពុងធ្វើការតស៊ូយ៉ាងខ្លាំងក្លា និងប្តេជ្ញាចិត្តប្រឆាំងនឹងគ្រប់ទម្រង់នៃអំពើភេរវកម្ម ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top