ប៉េកាំង ៖ ក្រសួងការបរទេសចិន នៅថ្ងៃពុធបានរិះគន់សហរដ្ឋអាមេរិក ចំពោះការអញ្ជើញកោះតៃវ៉ាន់ ដែលត្រូវបានចាត់ទុកថា ជាផ្នែកនៃទឹកដីរបស់ខ្លួន ឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូខាងមុខ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Zhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសិន នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសចិនប្រឆាំង យ៉ាងដាច់អហង្ការ ចំពោះការ អញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ ដែលរៀបចំ ដោយសហរដ្ឋអាមេរិក»។
កោះតៃវ៉ាន់ស្ថិតក្នុងចំណោមប្រទេសចំនួន ១១០ ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៩-១០ ខែធ្នូ នេះបើយោងតាមបញ្ជីអ្នកចូលរួម ដែលត្រូវបានចេញផ្សាយដោយក្រសួង ការបរទេស សហរដ្ឋអាមេរិកនៅលើគេហទំព័ររបស់ខ្លួន ។ ប្រទេសចិនមិនត្រូវបានគេអញ្ជើញទេ រួមជាមួយនឹងប្រទេសដទៃទៀត ដែលទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា មិនបានប្តេជ្ញាចិត្ត ចំពោះលទ្ធិប្រជាធិបតេយ្យ។
ការិយាល័យគោលនយោបាយ ការបរទេសរបស់កោះតៃវ៉ាន់ បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ ឱកាសចូលរួមនេះ ។ កិច្ចប្រជុំកំពូលនេះនឹង ឃើញមេដឹកនាំរដ្ឋាភិបាល លើកឡើងពីគំនិតផ្តួចផ្តើម ដើម្បីប្រឆាំងនឹងរបបផ្តាច់ការ អំពើពុករលួយ និងលើកកម្ពស់សិទ្ធិមនុស្ស៕
ប្រែសម្រួលៈ ណៃ តុលា