ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់អង្គភាពចំនួន ២៧ ក្នុងនោះមានរបស់ចិនចំនួន១២ ទៅក្នុងបញ្ជីខ្មៅ ជុំវិញក្តីបារម្ភលើបញ្ហាសន្តិសុខជាតិ

បរទេស៖ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) នៃក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានដាក់ក្នុងបញ្ជីខ្មៅនូវអង្គភាពបរទេសចំនួន 27 រួមទាំង អង្គភាព 12 មកពីប្រទេសចិន ជុំវិញកង្វល់លើបញ្ហាសន្តិសុខជាតិ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា “នៅក្នុងច្បាប់ចុងក្រោយនេះ BIS ធ្វើវិសោធនកម្មបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញ (EAR) ដោយបន្ថែមអង្គភាពចំនួន 27 ទៅក្នុងបញ្ជីអង្គភាព។ អង្គភាពចំនួន 27 នេះត្រូវបានកំណត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកថា កំពុងធ្វើសកម្មភាពផ្ទុយទៅនឹងសន្តិសុខជាតិ ឬគោលនយោបាយការបរទេសផល ប្រយោជន៍របស់សហរដ្ឋអាមេរិក” នេះបើតាម BIS បាននិយាយនៅក្នុងច្បាប់មួយដែលត្រូវបានបង្ហោះនៅ Federal Register ។

បន្ថែមពីលើអង្គភាពចិនទាំង 12 បញ្ជីនេះមានអង្គភាពមកពីប្រទេសជប៉ុន ប៉ាគីស្ថាន និងសិង្ហបុរី ព្រមទាំងអង្គភាពមួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី។ បញ្ជីនេះរួមមានសាខាចំនួនបីនៃក្រុមហ៊ុន Corad Technology Limited របស់ប្រទេសចិន ដែលជាអង្គភាពដែលត្រូវបានចុះបញ្ជីខ្មៅក្នុងឆ្នាំ 2019 នៅក្នុងប្រទេសចិន សិង្ហបុរី និងជប៉ុន សម្រាប់តួនាទីរបស់ពួកគេក្នុងការលក់បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតទៅកាន់កម្មវិធីយោធា និងអវកាសរបស់អ៊ីរ៉ង់។

បើយោងតាមឯកសារ គឺក្រុមហ៊ុនទាំងនោះ ក៏បានសហការជាមួយក្រុមហ៊ុនជួរមុខរបស់កូរ៉េខាងជើង រដ្ឋាភិបាលចិន និងអង្គភាពរងឧស្សាហកម្មការពារជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top