ព័ត៌មានអន្តរជាតិ

អ៊ីតាលី និងបារាំង ធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាព យុទ្ធសាស្ត្រ

បរទេស៖ប្រទេសអ៊ីតាលីនិងប្រទេសបារាំង នៅថ្ងៃសុក្រនេះ បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដើម្បីពង្រឹងចំណងមិត្តភាពទ្វេភាគី និងពង្រឹងបន្ថែមនូវសហប្រតិបត្តិការរបស់ខ្លួនជាមួយអឺរ៉ុប ស្របពេលដែលកិច្ចការការទូតសហភាពអឺរ៉ុប កំពុងត្រូវបានតេស្តដោយការចាកចេញរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel។

នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Mario Draghi និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរឈ្មោះលោកនៅលើកិច្ចព្រមព្រៀងថ្មី ដែលធ្វើឡើងនៅក្នុងវិមាន Quirinale នៃទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

តាមសេចក្តីរាយការណ៍ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីតាលី លោក Mario Draghi បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “សន្ធិសញ្ញាបង្ហាញពីពេលវេលាជាប្រវត្តិសាស្ត្រ ក្នុងចំណងមិត្តភាពរវាងប្រទេសរបស់យើងទាំងពីរ គឺបារាំងនិងអ៊ីតាលី កំពុងតែពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពការទូត ពាណិជ្ជកម្ម នយោបាយ និងវប្បធម៌របស់យើង”។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខានោះ គឺត្រូវបានធ្វើឡើងភ្លាមៗ ក្រោយកិច្ចព្រមព្រៀងចម្រុះថ្មីមួយ ត្រូវបានយល់ព្រមនៅក្នុងប្រទេសអាល្លឺម៉ង់ បញ្ចប់ការកាន់អំណាចរយៈពេល១៦ឆ្នាំរបស់លោកស្រី Angela Merkel ដែលជាមេដឹកនាំគ្មានជម្លោះនៅអឺរ៉ុប និងជាពិសេសបានបង្រួបបង្រួមទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយមេដឹកនាំបារំាងជាបន្តបន្ទាប់៕
ប្រែសម្រួល៖ប៉ាង កុង

To Top