បរទេស៖ នាយករដ្ឋមន្ត្រីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យមានការស៊ើបអង្កេត លើអង្គការលើកលែងទោសអន្តរជាតិ នៅក្នុងប្រទេសថៃ ដើម្បីកំណត់ថាតើអង្គការឃ្លាំមើលសិទ្ធិមនុស្សកំពុងប្រតិបត្តិការ ស្របតាមច្បាប់របស់ប្រទេសថៃដែរឬទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ការបញ្ជាឱ្យមានការស៊ើបអង្កេតនេះបានធ្វើឡើង បន្ទាប់ពីតំណាងក្រុមរាជានិយម កាលពីថ្ងៃព្រហស្បតិ៍បានដាក់លិខិតមួយ ទៅកាន់នាយករដ្ឋមន្ត្រីតាមរយៈមជ្ឈមណ្ឌលតវ៉ា នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក ដើម្បីស្វែងរកការបណ្តេញក្រុមនេះ ចេញពីប្រទេស។
ឧត្តមសេនីយ ប្រាយុទ្ធ បាននិយាយថា ប៉ូលីសភូមិន្ទថៃ (RTP) និងក្រសួងមហាផ្ទៃ នឹងធ្វើការស៊ើបអង្កេតដើម្បីមើលថាតើអង្គការនេះ បានបំពានច្បាប់ឬយ៉ាងណា ក្នុងករណីនេះវានឹងត្រូវបានហាមឃាត់៕ ប្រែសម្រួលៈ ណៃ តុលា