ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ផ្អាកជើងហោះហើរត្រង់ ជាមួយអាហ្វ្រិកខាងត្បូង ដោយសារព្រួយបារម្ភ ឆ្លងវីរុសក្លាយពូជប្រភេទថ្មី

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា  រដ្ឋាភិបាលអេហ្ស៊ីប បានផ្អាកជើងហោះហើរត្រង់ ជាមួយនឹងប្រទេសអាហ្វ្រិកខាងត្បូង មួយចំនួនដោយសារមានការព្រួយបារម្ភអំពីជំងឺកូវីដ-១៩ ដែលបំប្លែងខ្លួនថ្មី Omicron ។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងវិបត្តិថ្នាក់រដ្ឋមន្ត្រីដែលដឹកនាំ ដោយនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់គណៈរដ្ឋមន្ត្រីបានឲ្យដឹងដូច្នេះ ។

លោក Nader Saad អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការផ្អាកជើងហោះហើរត្រង់នេះ រួមមានអាហ្វ្រិកខាងត្បូង ឡេសូថូ បូស្វាណា ហ្ស៊ីមបាវ៉េ ម៉ូហ្សាំប៊ិក ណាមីប៊ី និងអេវ៉ាទីនី ។

ចំពោះជើងហោះហើរឆ្លងកាត់ ដែលមកពីប្រទេសទាំងនេះ ហើយឈប់នៅអាកាសយានដ្ឋានអន្តរជាតិ គែរ តាមផ្លូវរបស់ពួកគេ ទៅកាន់គោលដៅផ្សេងទៀត អ្នកដំណើររបស់ពួកគេនឹងឆ្លងកាត់ ការធ្វើតេស្តរហ័ស ហើយអ្នកដែលធ្វើតេស្តវិជ្ជមាន នឹងត្រូវបញ្ជូនទៅប្រទេសដើមវិញ តាមជើងហោះហើរដដែល ។

កាលពីថ្ងៃសៅរ៍ ក្រសួងសុខាភិបាលអេហ្ស៊ីប បានជំរុញឱ្យពលរដ្ឋរក្សាវិធានការ ប្រុងប្រយ័ត្នប្រឆាំងនឹងមេរោគដូចជាការពាក់ម៉ាស់មុខ គម្លាតសង្គម និងការទទួលយកវ៉ាក់សាំងកូវីដ-១៩ ជាពិសេសបន្ទាប់ពីការលេចចេញបំប្លែងខ្លួនថ្មី ។

ប្រទេសអេហ្ស៊ីប បានចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដែលជាវិធានការបង្ការជំងឺជាមូលដ្ឋានមួយប្រឆាំង នឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩  ។

រហូតមកដល់យប់ថ្ងៃសុក្រ ប្រទេសអេហ្ស៊ីប បានរាយការណ៍ ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៥៤.៨៣៦នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន២០.២៣៧នាក់ និងជាសះស្បើយឡើងវិញចំនួន២៩៤.៩០៣នាក់ ៕  ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top