បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី បានបើកឡើងវិញនូវព្រំដែនដ៏គោកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក នៅថ្ងៃចន្ទនេះ ដោយអនុញ្ញាតឲ្យអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចធ្វើដំណើរឆ្លងកាត់ ក្រោយបិទអស់រយៈពេលជិត២ឆ្នាំ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩។
ប៉ុន្តែបើទោះជាអ្នកដំណើរស្វាគមន៍ ចំពោះឱកាសបានជួបជុំគ្នាវិញជាមួយក្រុមគ្រួសារនិងមិត្តភក្តិក៏ដោយ ក៏មានសេចក្តីព្រួយបារម្ភថា ព្រំដែនអាចនឹងត្រូវបានបិទជាថ្មីម្តងទៀត ដោយសារតែមេរោគកូរ៉ូណាប្រភេទថ្មី Omicron នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។
លោក Eugene Ho ជាអ្នកធនាគារវ័យ៣១ឆ្នាំ ដែលបានចាកចេញពីសិង្ហបុរីជាលើកដំបូង ក្នុងរយៈពេលជិត២ឆ្នាំ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ព្រំដែនអាចនឹងបិទវិញឆាប់ៗនេះ ព្រោះតែប្រភេទជម្ងឺថ្មី ហើយខ្ញុំពិតជាមានការព្រួយបារម្ភខ្លាចជាប់ចេញទៅណាមិនរួច”។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នៅច្រកព្រំដែនដីគោកមួយ នាថ្ងៃចន្ទនេះ ដែលជាដំណើរទស្សនកិច្ចផ្លូវការដំបូងរបស់លោកនៅសិង្ហបុរី ក្នុងនាមជានាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ប៉ាង កុង