បរទេស ៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoğan តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានមានប្រសាសន៍ប្រាប់ថា ប្រទេសតួកគី អាចនឹងធ្វើការសម្រុះសម្រួល រវាងប្រទេសរុស្ស៊ី និង ប្រទេសអ៊ុយក្រែន ស្របពេលដែលមានភាពតានតឹង កំពុងតែកើនឡើង នៅក្នុងតំបន់ ។
លោក Tayyip Erdoğan បានធ្វើការចង្អុល បង្ហាញយ៉ាងដូច្នេះថា “វាជាក្តីសង្ឃឹម របស់យើង ដែលថា តំបន់នេះ មិនក្លាយជាតំបន់ គ្របដណ្ដប់ដោយសង្គ្រាម ។ សូមអនុញ្ញាត ឲ្យតំបន់នេះ ដើរចូលទៅក្នុងអនាគត ដោយនាមជាតំបន់ ដែលគ្របដណ្ដប់ដោយសន្តិភាព” ។
លោកបានបន្តទៀតថា “វាជាក្តីប្រាថ្នា របស់យើង ដែលឲ្យឥរិយាបថក្នុងបញ្ហានេះវិវត្តទៅក្នុងទិសដៅវិជ្ជមាន ។ នឹងអាចមានការសម្រុះ សម្រួល ចំពោះរឿងនេះ យើងនឹងពិភាក្សាពីបញ្ហានេះ ជាមួយពួកគេ យើងចង់មានការ ចែករំលែកក្នុងដំណោះស្រាយ ចំពោះបញ្ហានេះ តាមរយៈការបង្កើត កិច្ចពិភាក្សាគ្នា ទាំងជាមួយអ៊ុយក្រែន និង ជាមួយលោក ពូទីន” ។
គួរបញ្ជាក់ថា ចារកម្មយោធា របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីសប្ដាហ៍មុនថា ប្រទេសរុស្ស៊ី បានធ្វើការប្រមូល ផ្តុំកងទ័ពជាង៩២.០០០នាក់ នៅតាមព្រំដែនអ៊ុយក្រែន និងកំពុងតែត្រៀមរៀបចំធ្វើការ វាយប្រហារមួយ នៅចុងខែមករា ឬក៏នៅដើម ខែកុម្ភៈឆ្នាំក្រោយ៕