ព័ត៌មានអន្តរជាតិ

បទវិភាគ៖ គោលបំណងពិតប្រាកដ ក្នុងការរៀបចំ កិច្ចប្រជុំកំពូល ស្តីពី ប្រជាធិបតេយ្យរបស់ “អ្នកគាំពារសិទ្ធិមនុស្ស”

 ជា​និច្ច​កាល​ អាមេរិក​តែងតែអួត​អាងថាខ្លួន​ជា​ “អ្នក​គាំពារ​សិទ្ធិ​មនុស្ស​” ដែល​បាន​ជ្រៀតជ្រែក​កិច្ច​ការផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ដោយ​យក​បញ្ហាប្រជា​ធិបតេយ្យ​និង​​សិទ្ធិ​មនុស្ស​ជាដើម​ធ្វើជា​លេស ហើ​យ​លេងកលល្បិចនយោបា​យ​និង​បង្កបង្កើត​ការ​បដិបក្ខ​គ្នា​នៅលើ​ពិភពលោកទាំងមូល។ ពេលថ្មីៗ​ខាង​មុខ​នេះ អាមេរិក​នឹង​ចាប់ផ្តើម​ការ​សម្តែងឆាកល្ខោន​មួយ​លើក​​ទៀត​ ។

      ពីថ្ងៃទី​៩ ដល់​១០ ខែ​ធ្នូ អ្វីដែលហៅថាកិច្ច​ប្រជុំ​កំពូល​ស្តីពីប្រជាធិបតេយ្យ​ដែល​ផ្តួច​ផ្តើម​រៀប​ចំ​ដោយអាមេរិក​នឹង​បើក​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូ ពាក្យ​ស្លោក​របស់​កិច្ច​ប្រជុំ​លើក​នេះ គឺ “​ប្រឆាំង​កិត្យានុភាពនិយម​ ប្រឆាំង​អំពើ​ពុក​រលួយ​និង​ជំរុញ​ការ​គោរពសិទ្ធិមនុស្ស​ ” ។

      ពេល​មុននឹង​បើក​ធ្វើ​កិច្ច​ប្រជុំ​ អ្នក​ផង​ទាំង​ពួង​បាន​រក​ឃើញ​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​មួយ​ គឺ​អាមេរិក​​មិន​បាន​អញ្ជើញ​ចិន​និង​រុស្ស៊ីទៅចូលរួម ប៉ុន្តែ​បែរ​ជាបាន​អញ្ជើញ​ចិន​តៃវ៉ាន់ ។ អាមេរិ​ក​ធ្លាប់​​ប្រកាស​ជា​សាធារណៈជា​ច្រើន​លើក​ថា មិន​គាំទ្រ​ឱ្យតៃវ៉ាន់ឯករាជ្យ ដោយឡែក​ ខណៈពេលបើក​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​រវាង​ប្រមុខ​រដ្ឋ​ចិន​និង​អាមេរិកនៅខែ​នេះ អាមេរិកក៏បាន​គូសបញ្ជាក់ម្តង​ទៀតពីគោលការណ៍​ “ប្រទេស​ចិន​មួយ​” និង​ការ​កំណត់​ក្នុង​សេចក្តី​ប្រកាស​​រួម​៣​ច្បាប់​រវាង​ចិន​និង​អាមេរិក អ៊ីចឹង​ អាមេរិក​អញ្ជើញ​ចិន​តៃវ៉ាន់​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​លើក​នេះ​ព្រម​ទាំងផ្តល់វេទិកាដល់កម្លាំងចង់ឱយតៃវ៉ាន់ឯករាជ្យ​ តើអាមេរិក​រៀបចំ​កិច្ច​ប្រជុំ​កំពូល​លើក​នេះ​ក្នុង​គោលបំណង​ពិត​​ប្រាកដ​យ៉ាងណា ?

      ទាក់ទិន​នឹង​រឿង​នេះ លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ បាន​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់ថា ប្រទេស​ចិន​ប្រឆាំង​យ៉ាងដាច់ខាត​ចំពោះអាមេរិក ​ដែល​បាន​អញ្ជើញ​អាជ្ញាធរ​តៃវ៉ាន់​ចូល​រួម​អ្វីដែល​ហៅថា “កិច្ចប្រជុំ​កំពូល​ស្តីពីប្រជាធិបតេយ្យ​​” ។ នៅលើ​ពិភពលោក មាន​ប្រទេស​ចិន​តែមួយ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិតចិន​ជា​រដ្ឋាភិបាល​ស្របច្បាប់តែ​មួយ​គត់​​របស់​ប្រទេស​ចិន​ តៃវ៉ាន់​ជា​ចំណែកមួយរបស់​ប្រទេស​ចិន​ដែល​​​មិន​អាច​កាត់​​​ផ្តាច់​បាន​ គោលការណ៍​ប្រទេស​ចិន​​មួយ​ ជា​ក្រមមូលដ្ឋាននៃ​ទំនាក់ទំនង​អន្តរជាតិ​ដែលត្រូវ​សហគមន៍អន្តរជាតិ​ទទួល​ស្គាល់​ជា​ទូទៅ ។ ក្រៅពីជា​ចំណែក​មួយ​របស់ប្រទេស​ចិន​ តៃវ៉ាន់គ្មាន​ឋានៈផ្សេង​ទៀត​ក្នុង​ច្បាប់​អន្តរជាតិ​នោះឡើយ ។

      ទាក់ទិននឹង​អ្វីដែល​ហៅថា “កិច្ច​ប្រជុំ​កំពូល​ស្តីពីប្រជាធិបេត្យ​” ដែល​អាមេរិក​ជិត​នឹង​រៀប​ចំ​ធ្វើ​នោះ លោកស្រី Zakharova អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​រុស្ស៊ី​បានឆ្លើយតប​ថា ​អ្វីដែល​​ហៅថា “កិច្ច​ប្រជុំ​កំពូល​ស្តីពីប្រជាធិបេត្យ​”  គឺ​អាមេរិក​ចង់បង្កើត​ក្រុម​ស្វែងរក​ផល​ប្រ​យោជន៍ ដោយ​យក​បញ្ហា​ “​ប្រជាធិបតេយ្យ​និង​សិទិ្ធមនុស្ស​”​ធ្វើ​ជា​លេស ដើម្បី​​បដិបក្ខគ្នា​ជា​មួយប្រទេស​ដែល​បាន​រក្សា​ឯករាជ្យ​ខាង​យុទ្ធសាស្ត្រ​ និង​គាំពារ​សណ្តាប់ធ្នាប់​ដ៏​យុត្តិធម៌​របស់​​ពិភពលោក ។ លោកស្រី Zakharova បាន​គូសបញ្ជាក់ថា ក្នុងបរិបទដែល​ប្រជាធិបតេយ្យ​និងសភាពការណ៍សិទ្ធិមនុស្ស​របស់ខ្លួន​មាន​បញ្ហាយ៉ាង​ច្បាស់លាស់ អាមេរិក ​ធ្វើ​សេចក្តីសម្រេច​ចិត្ត​ដោយឯកឯងថា ប្រទេស​ណាខ្លះអាចត្រូវហៅថាជា​ប្រទេសមាន​ប្រជាធិបតេយ្យ​​ រឿង​នេះ​គួរ​ឱ្យ​អស់​សំណើចណាស់ ។

      តាម​ពិតទៅ​ ប្រជាធិបតេយ្យ​របស់អាមេរិក​មានសភាពការណ៍យ៉ាង​ណា ? នៅថ្ងៃទី​២ ខែ​វិច្ឆិកា  កាសែត «The Washington Post»បាន​ចុះផ្សាយ​ព័ត៌មាន​អំពី​របាយការណ៍​ស្ទង់ប្រជាមតិ​មួយ​លើក​ដែលប្រកាសដោយ​មជ្ឈមណ្ឌល​Pew Researchបាន​ឱ្យ​ដឹង​ថា មាន​អ្នក​ចូលរួម​ផ្តល់​ប្រជាមតិមិនមែនជនជាតិអាមេរិកចំនួន​១៧ភាគរយ​ប៉ុណ្ណោះសម្គាល់ឃើញថា ប្រជាធិបតេយ្យ​របស់អាមេរិក​ជា​គំរូ​ល្អ​គួរឱ្យប្រទេស​ផ្សេង​ទៀតយកទៅ​រៀនសូត្រ​តាម ៥៧ភាគរគ​សម្គាល់ឃើញថា ប្រជាធិបតេយ្យ​របស់អាមេរិក​ធ្លាប់ធ្វើ​បាន​ល្អ តែនាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មានភាពកាន់​តែអាប់អួទៅៗ ក្រៅពីនេះ ក៏មាន​អ្នក​ចូល​រួម​ផ្តល់​ប្រជាមតិ​ចំនួន​២៣ភាគរយ​សម្គាល់ឃើញថា ដើមឡើយ អាមេរិក​ក៏មិន​មែនជា​គំរូ​ល្អខាងប្រជាធិបតេយ្យ​ល្អនៃ​ប្រទេស​ផ្សេងទៀត​នោះឡើយ ។

      ដោយឡែក បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​អាមេរិក​ក៏មាន​ភាពធ្ងន់ធ្ងរ​ផងដែរ ។ តាមការផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា បន្ទាប់ពីបាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅអាមេរិក​អស់រយៈពេលពីរ​អាទិត្យ  នៅថ្ងៃទី២២ ខែ​វិច្ឆិកា លោក ដឺវ៉ាឡេណា អ្នក​រាយការណ៍​ពិសេស​អំពីបញ្ហា​ក្រុម​មនុស្សចំនួនតិច​របស់​អង្គការសហប្រជាជាតិ​បាន​ចេញផ្សាយ​សេចកី្ត​ថ្លែងការណ៍​ទៅកាន់​ប្រព័ន្ធសារព័ត៌មាន​ ដោយ​បាន​លាតត្រដាងនូវ​ការ​រើសអើង​ជាប្រព័ន្ធ​ទៅលើ​ក្រុម​មនុស្សចំនួន​តិច​គ្រប់ប្រភេទ​នៅអាមេរិក​លើវិស័យ​ជាច្រើន​ ដូចជា​ការ​បោះឆ្នោត​ជ្រើសរើស អប់រំ សាសនា យុត្តិធម៌​និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ និង​បទឧក្រិដ្ឋ​ចង​គំនុំជាដើម ។ អ្នក​រាយការណ៍រូបនេះ​បាន​អះអាងថា អាមេរិកខ្វះ​នីតិប្បញ្ញតិ្តផ្នែកសិទ្ធិមនុស្ស​ដោយ​គ្រប់ជ្រុង​ជ្រោយ​របស់ប្រទេស​ជាតិ​ដែល​កាន់តែ​សមស្របនឹង​កាតព្វកិច្ច​ខាងសិទ្ធិមនុស្សអន្តរជាតិរបស់ខ្លួន លោក​ដាស់តឿន​អាមេរិក​ឱ្យធ្វើ​កំណែទម្រង់​ខាង​នីតិប្បញ្ញតិ្តឱ្យ​បាន​​ជ្រះស្រឡះ ដើម្បីបង្ការ​កុំឱ្យ​កើត​មាន​ការ​បដិក្ខ​គ្នា ការ​រើសអើង​និងពាក្យ​សំដី​ចង​គំនុំ ក៏ដូចជា​​បទឧក្រិដ្ឋដែល​សំដៅចំពោះ​ក្រុម​មនុស្សចំនួនតិច​ផង​ដែរ ។

      មិន​ដឹង​ថា តើអាមេរិក​មាន​ទីបង្អែក​អីមកអួត​អាង​ថាខ្លួន​ជា​ “អ្នកគាំពារ​​សិទ្ធិ​មនុស្ស​” ? អ្វី​ដែល​អាមេរិកគួរតែ​ធ្វើ គឺប្រកាន់ឥរិយាបថដ៏ត្រឹមត្រូវចំពោះបញ្ហា​សិទ្ធិ​មនុស្ស​របស់​ខ្លួន ធ្វើ​ការងារ​របស់ខ្លួន​ឱ្យ​បាន​ល្អ តែ​គឺមិន​ត្រូវ​ថ្កោលទោស​និង​ដាក់សម្ពាធទៅលើ​ប្រទេស​ផ្សេង​ទៀត​តាម​ទំនើង​ចិត្ត​ ដោយ​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​លេស ។ ចរិតអាក្រក់របស់អាមេរិកដែល​តែងតែនិយាយឆ្ការដៃឆ្ការជើងនិង​​​ប្រៀន​ប្រដៅ​ចំពោះសភាពការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ផ្សេងទៀត​ គួរតែ​កែ​​តម្រូវ​ហ្នឹង​ឯង !

To Top