ព័ត៌មានអន្តរជាតិ

បារាំង ពង្រីកបំរាមជើងហោះហើរ លើអាហ្វ្រិកខាងត្បូងចំនួន ៧

ប៉ារីស៖ រដ្ឋមន្ត្រីការបរទេសបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក Clement Beaune បានលើកឡើងថា ប្រទេសបារាំងបានសម្រេចចិត្តបន្តការហាមឃាត់ការហោះហើររបស់ខ្លួនលើប្រទេសអាហ្វ្រិកខាងត្បូងចំនួន៧ រហូតដល់ថ្ងៃសៅរ៍ ជុំវិញការព្រួយបារម្ភពីការរាលដាលជំងឺកូវីដ-១៩ ទម្រង់ថ្មី អូមីក្រុង Omicron ។

ថ្លែងទៅកាន់វិទ្យុ RTL លោក Beaune បានលើកឡើងថា ប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតបានចាត់វិធានការសម្របសម្រួលមួយ ដើម្បីផ្អាកជើងហោះហើរ ឬរារាំងការចូលពីអាហ្វ្រិកខាងត្បូង ឡេសូថូ បូតស្វាណា ហ្ស៊ីមបាវ៉េ ម៉ូសំប៊ិក ណាមីប៊ី និងអេសវ៉ាទីនី។

លោកក៏បានលើកឡើងផងដែរថា “ពិធីសារដែលបានពង្រឹងយ៉ាងខ្លាំង” នឹងត្រូវបានប្រកាសនៅថ្ងៃសៅរ៍សម្រាប់ពលរដ្ឋសហភាពអឺរ៉ុបត្រឡប់មកវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran បានព្រមានកាលពីថ្ងៃអង្គារថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងប្រទេសបារាំងកាន់តែអាក្រក់ទៅៗ ដោយមានករណីថ្មីចំនួន ៤៧០០០ករណីត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ប្រទេសបារាំងបានរកឃើញករណីប្រែប្រួលថ្មីអូមីក្រុង Omicron ដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារនៅទីក្រុង La Reunion ដែលជាទឹកដីក្រៅប្រទេសរបស់ប្រទេសនៅភាគខាងកើតនៃទ្វីបអាហ្រ្វិក ខណៈពេលដែលកំពុងរង់ចាំការបញ្ជាក់ពីករណីសង្ស័យអូមីក្រុង Omicron ចំនួន ៨ករណីដែលបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីការធ្វើដំណើរនៅអាហ្វ្រិករបស់ពួកគេ៕

ដោយ ឈូក បូរ៉ា

To Top