ព័ត៌មានអន្តរជាតិ

យូអិន៖ ប្រហែលពាក់កណ្ដាល ប្រជាជនមីយ៉ានម៉ា អាចនឹងធ្លាក់ចុះក្នុងភាព ក្រីក្រក្នុងឆ្នាំ២០២២



បរទេស៖ អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធនេះថា ភាពក្រីក្រនៅតាមទីក្រុង កំពុងមានការកើនឡើងដល់ទៅ៣ដង នៅក្នុងប្រទេសមីយ៉ានម៉ា បណ្ដាលឲ្យជិតពាក់កណ្ដាលនៃ ចំនួនប្រជាជនស្ថិតនៅក្រោម បន្ទាត់ក្រីក្រនាឆ្នាំក្រោយនេះ ស្របពេលដែលឥទ្ធិពលនៃជម្ងឺកូវីដ១៩និងរដ្ឋប្រហារយោធា គម្រាមដល់ដំណើររីកចម្រើនដែលកើតមានក្នុងរយៈពេលមួយទសវត្សកន្លងទៅ។


កងទ័ពមីយ៉ានម៉ា បានដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតរបស់ម្ចាស់ពាន់រង្វាន់សន្តិភាពណូបែល គឺលោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បណ្ដាលឲ្យមានភាពចលាចលនយោបាយនិងសេដ្ឋកិច្ច ក្នុងខណៈដែលព្យាយាមកម្ទេចក្រុមប្រឆាំង និងបង្កការប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រយុទ្ធនឹងមេរោគកូរ៉ូណា។


ផ្អែកលើការស្ទង់មតិមួយលើគ្រួសារចំនួន១.២០០គ្រួសារ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសមីយ៉ានម៉ា គ្រោងនឹងវិលត្រឡប់ថយក្រោយទៅរកកម្រិតនៃភាពខ្វះខាត ដែលគេមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០៥ មុនពេលកំណែទម្រង់លទ្ធិប្រជាធិបតេយ្យបានចាប់ផ្តើម។


នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកនៃការិយាល័យកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ីនិងតំបន់ប៉ាស៊ីហ្វិក លោកស្រី Kanni Wignaraja បានមានប្រសាសន៍ដូច្នេះថា “ការរអិលធ្លាក់ចូលក្នុងភាពក្រីក្រក្នុងទំហំនេះ អាចនឹងមានន័យថា ជាការបាត់វណ្ណៈកណ្ដាល ជាប្រផ្នូលអាក្រក់សម្រាប់ការងើបយ៉ាងលឿនឡើងវិញណាមួយពីវិបត្តិ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top