ព័ត៌មានអន្តរជាតិ

វៀតណាម៖ សិស្សសាលាចំនួន ៨៦នាក់ ចូលមន្ទីរពេទ្យ បន្ទាប់ពីបានចាក់វ៉ាក់សាំង Pfizer លើកទី១

បរទេស៖ សិស្សជំទង់ចំនួន ៨៦ នាក់នៅខេត្ត Thanh Hoa ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ប៉ុន្តែពួកគេទាំងអស់មានស្ថេរភាព។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមគណៈកម្មាធិការដឹកនាំខេត្តសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ បានឱ្យដឹងថា សិស្សដែលមានអាយុចន្លោះពី ១៥ ទៅ ១៧ឆ្នាំ នៅស្រុក Hoang Hoa មានអាការៈចង្អោរ ឈឺក្បាល វិលមុខ និងគ្រុនញាក់ បន្ទាប់ពីបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកដំបូងរបស់ពួកគេ។ ត្រឹមម៉ោង ៩យប់ ថ្ងៃពុធ គឺមានសិស្ស ១៩នាក់ក្នុងចំណោមពួកគេ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ។

គណៈកម្មាធិការបានបន្ថែមថា មូលហេតុនៃរោគសញ្ញា របស់ពួកគេ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ខេត្ត Thanh Hoa គ្រោងនឹងផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន ១១៧ ០០០ ដូសដល់កុមារដែលមានអាយុពី ១២-១៧ឆ្នាំ មិនថានៅកន្លែងចាក់វ៉ាក់សាំង ក្នុងសាលារៀន ឬនៅតាមកន្លែងពេទ្យ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កុមារ ៣នាក់បានស្លាប់ បន្ទាប់បានចាក់វ៉ាក់សាំង ជាមួយនឹងវ៉ាក់សាំង Pfizer នៅ Bac Giang, ទីក្រុង Hanoi និង Binh Phuoc។ មូលហេតុនៃការស្លាប់ ត្រូវបានកំណត់ថាជា “ប្រតិកម្មខ្លាំងពេកចំពោះវ៉ាក់សាំង” ។

កាលពីសប្តាហ៍មុន កម្មករ ៤នាក់នៅក្នុងរោងចក្រ Kim Viet Shoe ក្នុងខេត្ត Thanh Hoa បានស្លាប់ បន្ទាប់ពីការចាក់វ៉ាក់សាំង Vero Cell ផងដែរ ដោយសារតែ “ប្រតិកម្មខ្លាំងពេក” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top