ព័ត៌មានអន្តរជាតិ

កាសែត South China Morning Post៖ មន្រ្តីយោធាអាមេរិក និងចិន នឹងជួបពិភាក្សាគ្នា ជុំវិញបញ្ហាតានតឹងលើកោះតៃវ៉ាន់

បរទេស៖ សារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុង រៀបចំកិច្ចប្រជុំមួយរវាងមន្ត្រីយោធាកំពូល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការកើនឡើង នៃភាពតានតឹងជុំវិញបញ្ហា នៃកោះតៃវ៉ាន់ និងការប្រណាំងសព្វាវុធរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីបង្កើតអាវុធ ដែលមានល្បឿនលឿន ជាងសំឡេងដ៏មានឥទ្ធិពលបំផុត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាសែត South China Morning Post ដែលមានមូលដ្ឋាន នៅទីក្រុងហុងកុងនេះ បានដកស្រង់ប្រភពមួយ បាននិយាយថា “វាគឺជាការព្រមព្រៀងមួយ ដែលសម្រេចបានក្នុងអំឡុង ពេលកិច្ចប្រជុំកំពូលរវាងលោក ស៊ី ជិនពីង និង លោក ចូ បៃដិន ។ មេដឹកនាំទាំងពីរបានបញ្ជាឱ្យ យោធាពិភាក្សាអំពីការរៀបចំជំនួបនេះ។

បើតាម South China Morning Post គឺថា ទម្រង់នៃកិច្ចប្រជុំ និងព័ត៌មានលម្អិតនៃ កិច្ចសន្ទនានេះមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែប្រភពបាននិយាយថា កិច្ចប្រជុំតាមទូរសព្ទ ឬសន្និសីទតាមប្រព័ន្ធវីដេអូ នៅដើមខែមករា កំពុងត្រូវបានពិចារណា ។

បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូ កាលពីខែមុនរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រទេសទាំងពីរបានពិភាក្សា អំពីលទ្ធភាពដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ជួបពិភាក្សាជាមួយលោក Xu Qiliang អនុប្រធានគណៈកម្មការយោធាកណ្តាល របស់ប្រទេសចិន និងរដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe ។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top