ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ អាមេរិក និងណាតូ ប្តេជ្ញាយ៉ាងពេញទំហឹង ចំពោះអ៊ុយក្រែន

បរទេស៖ ក្នុងពេលប៉ុន្មានម៉ោងមុន ជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ស្របពលមានភាពតានតឹងកើនឡើង ជុំវិញរឿងប្រទេសអ៊ុយក្រែននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ថា សម្ពន្ធមិត្តណាតូមាន ការប្តេជ្ញាឥតងាករេ ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។

ថ្លែងនៅពេលចាប់ផ្តើម កិច្ចពិភាក្សាគ្នាជាមួយ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងសារជាថ្មី នូវក្តីព្រួយបារម្ភរបស់ ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមតំបន់ព្រំដែន បង្កឲ្យមានការគម្រាម ដាក់ទណ្ឌកម្មថ្មីៗពីលោកខាងលិច លើទីក្រុងមូស្គូ។

លោក Dmytro Kuleba បានសរសេរលើ បណ្ដាញសង្គមធ្វីតធ័រថា ប្រទេសអ៊ុយក្រែន ដែលមិនមែនជាសមាជិកណាតូ ប៉ុន្តែព្យាយាមស្វែងរក ចំណងមិត្តភាពកាន់តែជិតស្និទ្ធ ឡើងជាមួយសម្ពន្ធមិត្ត យោធាអាត្លង់ទិកនោះ កំពុងតែធ្វើការងារជាមួយ បណ្ដាប្រទេសលោកខាងលិច លើកញ្ចប់ទប់ស្កាត់ដ៏ធំ ដោយរួមមានទាំងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។

យោងតាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះ បានមានប្រសាសន៍ បន្ថែមយ៉ាងដូច្នេះថា “នោះគឺជាភស្តុតាងដ៏ជាក់ស្តែងខ្លាំងណាស់ ក្នុងកិច្ចសន្ទនាគ្នា ដែលយើងមានក្នុងរយៈពេល ពីរថ្ងៃកន្លងមក”។

គួរបញ្ជាក់ថា នៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលគ្រោងធ្វើឡើងនៅក្រៅជំនួបកំពូល របស់អង្គការសន្តិសុខ និងសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុប ហៅកាត់ថា OSCE នៅក្នុងទីក្រុង Stockholm នោះ លោក Antony Blinken ត្រូវបានគេរំពឹងថា នឹងបង្ហាញដោយផ្ទាល់ ចំពោះការដាក់ទណ្ឌកម្មបន្ថែម ប្រសិនបើទីក្រុងមូស្គូមិនបញ្ចប់ ការប្រមូលផ្តុំកងទ័ព នៅតាមព្រំដែនអ៊ុយក្រែន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top